យ៉ាកុប ៥:១៣-១៦
ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក។ យ៉ាកុប ៥:១៦
មនុស្សមួយចំនួន បានជួលបុរសម្នាក់ឲ្យស្តាប់រឿងអាថ៌កំបាំងរបស់ពួកគេ នៅពេលដែលពួកគេជិតស្លាប់ ដោយបង់ប្រាក់ឲ្យគាត់ ទៅបង្ហាញខ្លួននៅក្នុងពិធីបុណ្យសពរបស់ពួកគេ ដើម្បីបើកបង្ហាញរឿងអាថ៌កំបាំងដែលពួកគេមិនដែលចែកចាយ កាលពួកគេនៅរស់។ បុរសនោះគឺជាអ្នកឡើងនិយាយខុសពីធម្មតា អំពីប្រវត្តិរបស់អ្នកស្លាប់ ក្នុងពិធីបុណ្យសព។ ពេលណាមានសាច់ញាតិចាប់ផ្តើមប្រកែកជាមួយគាត់ គាត់ប្រាប់ពួកគេឲ្យអង្គុយចុះ។ គាត់ធ្លាប់ឈរបកស្រាយ អំពីរបៀបដែលសពកំពុងដេកក្នុងក្តាមឈូសនោះ ធ្លាប់បានឈ្នះឆ្នោត តែមិនដែលប្រាប់នរណាម្នាក់ឲ្យដឹងសោះ អស់ជាច្រើនទសវត្សរ៍ ដោយធ្វើឲ្យគេគិតស្មានថា គាត់ជាអ្នកជំនួញដែលជោគជ័យ។ មានពេលជាច្រើនដង ដែលបុរសនោះ បានសារភាពជំនួសអ្នកស្លាប់ អំពីអំពើផិតក្បត់របស់គាត់ ឲ្យប្រពន្ធគាត់បានដឹង។ គេប្រហែលជាឆ្ងល់ថា ទង្វើរបស់បុរសនោះ ត្រូវបានធ្វើឡើងដើម្បីកេងចំណេញ ឬបានធ្វើឡើងក្នុងបំណងល្អនោះទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា មនុស្សម្នាក់ៗសុទ្ធតែមានចិត្តស្រេកឃ្លាន ចង់លាងជម្រះកំហុសដែលខ្លួនមានពីអតីតកាល មុនពេលពួកគេស្លាប់។
ការឲ្យអ្នកដទៃសារភាពកំហុសជំនួសយើង(ជាពិសេសបន្ទាប់ពីយើងបានស្លាប់) ជាទង្វើដែលគ្មានប្រយោជន៍ និងមានហានិភ័យ នៅក្នុងការបើកបង្ហាញអាថ៌កំបាំងរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះបានឆ្លុះបញ្ចាំងអំពីសេចក្តីពិតដ៏ស៊ីជម្រៅ ដែលថា យើងចាំបាច់ត្រូវសារភាពកំហុស ដើម្បីដោះបន្ទុកចេញពីខ្លួនយើង។ ការសារភាពនាំឲ្យមានការលាងសម្អាតយើង ជ្រះស្អាតរួចផុតពីការអ្វីដែលយើងបានលាក់កំបាំង និងបានបណ្តោយឲ្យវារីកធំឡើង។ កណ្ឌគម្ពីរយ៉ាកុបបានប្រាប់យើងថា “ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ”(៥:១៦)។ ការសារភាពរំដោះយើងឲ្យរួចផុតពីបន្ទុកដែលបានចងរឹតយើងជាប់ ដោយរំដោះយើងឲ្យមានសេរីភាព ក្នុងការទំនាក់ទំនងជាមួយព្រះ ដោយអធិស្ឋាន ដោយបើកចំហចិត្តចំពោះព្រះអង្គ និងចំពោះបងប្អូនរួមជំនឿរបស់យើង។ ការសារភាពនាំឲ្យមានការប្រោសឲ្យជា។
លោកយ៉ាកុបបានអញ្ជើញយើងឲ្យរស់នៅ ក្នុងជីវិតដែលបើកចំហ ដោយសារភាពបាបរបស់យើងចំពោះព្រះ និងចំពោះអ្នកជឿដែលជិតស្និទ្ធនឹងយើងបំផុត ដោយរៀបរាប់អំពីការឈឺចាប់ និងកំហុសដែលយើងបានព្យាយាមលាក់បាំង។ យើងមិនចាំបាច់ត្រូវសែងបន្ទុកទាំងនោះតែម្នាក់ឯងទេ។ ការសារភាពជាអំណោយមកពីព្រះ។ ព្រះអង្គប្រើវា ដើម្បីលាងសម្អាតចិត្តយើង ហើយរំដោះយើងឲ្យមានសេរីភាព។—Winn Collier
តើអ្នកចាំបាច់ត្រូវសារភាពកំហុសអ្វីខ្លះ ហើយទៅកាន់នរណា? តើមានអ្វីរារាំងអ្នកមិនឲ្យសារភាព?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យបើកចំហចិត្ត និងមានចិត្តក្លាហានក្នុងការសារភាពកំហុសរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុកដំកើង ៧៤-៧៦ និង រ៉ូម ៩:១៦-៣៣