១សាំយ៉ូអែល ១៧:១៧-២៦,៣២
ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ។ ១សាំយ៉ូអែល ១៧:៣២
កាលហ៊ែឌ័រ(Heather) មានការងារជាអ្នកដឹកជញ្ជូន មានពេលមួយ គាត់ត្រូវដឹកជញ្ជូនអាហារ ទៅដល់ផ្ទះរបស់លោកធីម(Tim)។ ពេលគាត់ទៅដល់លោកធីមក៏បានសុំឲ្យគាត់ជួយស្រាយកញ្ចប់អាហារ។ លោកធីមមានជំងឺដាច់សរសៃឈាមខួរក្បាល អស់រយៈពេលពីរបីឆ្នាំហើយ ហើយមិនអាចស្រាយកញ្ចប់អាហារដោយខ្លួនឯងបានទេ។ ហ៊ែឌ័រក៏បានជួយស្រាយកញ្ចប់អាហារឲ្យគាត់ ដោយចិត្តរីករាយ។ ក្នុងរយៈពេលមួយថ្ងៃនោះ ហ៊ែឌ័របានគិតដល់លោកធីមជាញឹកញាប់ ហើយក៏មានចិត្តចង់ទៅរៀបចំអាហារឲ្យគាត់។ ក្រោយមក លោកធីមក៏បានឃើញភេសជ្ជៈទឹកមីឡូក្តៅៗ និងភួយពណ៌ក្រហម ដែលគាត់បានដាក់នៅមាត់ទ្វារផ្ទះលោកធីម ដោយភ្ជាប់ជាមួយក្រដាសមួយសន្លឹក ដែលមានសរសេរពាក្យលើកទឹកចិត្តពីលើ ធ្វើឲ្យគាត់មានការប៉ះពាល់ចិត្តរហូតដល់ស្រក់ទឹកភ្នែក។
ហ៊ែឌ័របានមើលឃើញសារៈសំខាន់នៃការងារដឹកជញ្ជូនរបស់នាង លើកពីការរំពឹងគិត។ លោកអ៊ីសាយក៏មានអំណរលើសពីការរំពឹងគិតផងដែរ នៅពេលដែលគាត់ចាត់ដាវីឌ ជាកូនពៅដែលនៅក្មេង ឲ្យយកស្បៀងអាហារទៅឲ្យបងប្រុសរបស់គាត់ កាលពួកអ៊ីស្រាអែលកំពុងបោះទ័ព ត្រៀមប្រយុទ្ធនឹងពួកភីលីស្ទីន(១សាំយ៉ូអែល ១៧:២)។ នៅពេលដែលដាវីឌបានទៅដល់កន្លែងនោះ គាត់ក៏បានដឹងថា កូលីយ៉ាតកំពុងបង្កការភ័យខ្លាចដល់រាស្រ្តរបស់ព្រះ ដោយការគំរាមជារៀងរាល់ថ្ងៃ(ខ.៨-១០,១៦,២៤)។ ដាវីឌមានការឈឺចិត្ត ចំពោះការប្រមាថរបស់កូលីយ៉ាត មកលើកងទ័ពរបស់ព្រះដ៏មានព្រះជន្មរស់(ខ.២៦) ហើយគាត់ក៏មានចិត្តចង់ទៅតទល់ ដោយទូលស្តេចសូលថា “សូមកុំឲ្យអ្នកណាស្លុតចិត្តដោយព្រោះវាឡើយ ទូលបង្គំជាបាវបំរើរបស់ទ្រង់នឹងសូមចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះ”(ខ.៣២)។
ជួនកាល ព្រះអម្ចាស់ប្រើកាលៈទេសៈនៃជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីដាក់យើងនៅកន្លែង ដែលព្រះអង្គចង់ប្រើយើង។ ចូរយើងបើកចំហភ្នែក និងចិត្តយើងមើលទៅកន្លែង និងរបៀបដែលព្រះអង្គអាចប្រើយើង ដើម្បីបម្រើនរណាម្នាក់។—Kirsten Holmberg
តើព្រះអម្ចាស់បានបំពេញតម្រូវការរបស់អ្នក តាមរយៈអ្នកដទៃ នៅពេលណា?
តើព្រះអង្គសព្វព្រះទ័យនឹងប្រើអ្នក នៅថ្ងៃនេះ ក្នុងជីវិតរបស់អ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញកន្លែងដែលព្រះអង្គសព្វព្រះទ័យនឹងប្រើទូលបង្គំនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៣-៤ និង ហេព្រើរ ១១:២០-៤០