បន្ទប់​សម្រាប់​ប្រកប​ជាមួយ​ព្រះយេស៊ូវ

លូកា ២:‌១-៧

នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពីព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែងណា​នៅទេ​។ លូកា ២:៧

ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត ដែល​បាន​ចំណាយ​ពេល​ចុង​សប្តាហ៍ នៅ​រដ្ឋ​ញូអូឡិន ក្នុង​អំឡុង​ពេល​ដែល​មាន​ក្បួន​ដង្ហែ​ក្នុង​សង្កាត់​វប្បធម៌​បារាំង ដោយ​បាន​ដើរ​មើល​សារមន្ទីរ​សង្គ្រាម​លោក​លើកទី២ ហើយក៏​បាន​ភ្លក់​អយស្ទ័រ​អាំង​។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​គេង​លក់​ក្នុង​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ ក្នុង​ផ្ទះ​របស់​មិត្ត​ភក្តិ​ខ្ញុំ ខ្ញុំ​ក៏បាន​នឹក​ប្រពន្ធ​កូន​របស់​ខ្ញុំ​។ ខ្ញុំ​មាន​អំណរ​ណាស់ ដែល​មាន​ឱកាស​ចែក​ចាយ​ព្រះបន្ទូល​ក្នុង​ទីក្រុង​ផ្សេង​ទៀត ប៉ុន្តែ ខ្ញុំ​មាន​អំណរ​បំផុត​ដែល​មាន​បន្ទប់​សម្រាប់​ប្រកប​ជាមួយ​ព្រះយេស៊ូវ ក្នុង​ផ្ទះ​មិត្ត​ភក្តិ​ខ្ញុំ​។

ក្នុង​ការ​ស្វែង​យល់​អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ កាល​ព្រះ​អង្គ​គង់​នៅ​លើ​ផែនដី ជួនកាល គេ​មិន​បាន​ចាប់​អារម្មណ៍​ថា ព្រឹត្តិការណ៍​សំខាន់ៗ​បំផុត​របស់​ព្រះអង្គ​បាន​កើត​ឡើង នៅ​តាម​ដង​ផ្លូវ​ញឹក​ញាប់​ប៉ុណ្ណា​ទេ​។ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​យាង​ចូល​ក្នុង​លោកិយ ដោយ​ការ​ប្រសូត​ក្នុង​ភូមិ​បេថ្លេហិម ស្ថិត​នៅ​ចម្ងាយ​មិន​អាច​វាស់​បាន ពី​ផ្ទះ​របស់​ព្រះ​អង្គ​នៅ​នគរ​ស្ថាន​សួគ៌ ហើយ​ក៏​ឆ្ងាយ​ពី​ផ្ទះ​គ្រួសារ​ព្រះអង្គ​នៅ​ភូមិ​ណាសារ៉ែត​។ មាន​គ្រួសារ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​ភូមិ​បេថ្លេហិម ដើម្បី​ធ្វើ​ជំរឿន ហេតុ​នេះ​ហើយ កណ្ឌ​គម្ពីរ​លូកា​បាន​ចែងថា នាង​ម៉ារា និង​លោក​យ៉ូសែប​មិន​អាច​រកបាន​បន្ទប់​ស្នាក់​នៅ​ឲ្យ​បាន​សមរម្យ​ទេ(លូកា ២:៧)។

ការ​អ្វី​ដែលគេ​មិន​ឃើញ​មាន ក្នុង​ការ​ប្រសូត​​របស់​ព្រះយេស៊ូវ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ ក្នុង​ការ​សុគត​របស់​ព្រះអង្គ​។ កាល​ព្រះយេស៊ូវ​នាំ​សិស្ស​ព្រះអង្គ​ចូល​ទីក្រុង​យេរូសាឡិម ព្រះអង្គ​បាន​ប្រាប់​សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូហាន ឲ្យ​រៀបចំ​អាហារ​បុណ្យ​រំលង​។ ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ឲ្យ​ដើរ​តាម​អ្នក​លី​ក្អម​ទឹក ទៅដល់​ផ្ទះ​គាត់ ហើយ​សុំ​ប្រើ​បន្ទប់​ទទួល​ភ្ញៀវ​របស់​គាត់ សម្រាប់​ឲ្យ​ព្រះគ្រីស្ទ និង​ពួក​សិស្ស​ព្រះអង្គ​អាច​បរិភោគ​អាហារ​ពេល​ល្ងាច​លើក​ចុង​ក្រោយ (២២:១០-១២)។ នៅ​ក្នុង​កន្លែង​ដែល​បាន​ខ្ចី​គេនោះ ព្រះយេស៊ូវ​បាន​បង្កើត​ពិធី​លៀង​ព្រះអម្ចាស់ ជា​ការ​ប្រាប់​ទុកជា​មុន​អំពី​ការ​សុគត​របស់​ព្រះ​អង្គ​នៅ​លើ​ឈើ​ឆ្កាង(ខ.១៧-២០)។

យើង​ស្រឡាញ់​ភាព​កក់​ក្តៅ​នៅ​ក្នុង​ផ្ទះ​របស់​យើង ប៉ុន្តែ បើ​យើង​ធ្វើ​ដំណើរ​ដោយ​ព្រះ​វិញ្ញាណ​របស់​ព្រះយេស៊ូវ សូម្បីតែ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់​នៅ ក៏​អាច​ប្រើ​ជា​កន្លែង​ប្រកប​ជាមួយ​ព្រះអង្គ​ផង​ដែរ​។—Mike Wittmer

តើ​រឿង​ដែល​មានន័យ​បំផុត​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក នៅ​កន្លែងណា ហើយ​រឿង​ទាំង​នោះ​មាន​ចំណុច​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចងចាំ​បំផុត?
នៅពេល​ដែល​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ តើ​អ្នក​អាច​ចំណាយ​ពេល​ប្រកប​ជាមួយ​ព្រះគ្រីស្ទ​ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​បាន​យាង​ចុះពី​ផ្ទះ​របស់​ព្រះអង្គ​នៅ​ស្ថាន​សួគ៌​ដ៏​សែន​ឆ្ងាយ​មក​រក​ទូល​បង្គំ
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​នឹក​ចាំ​ថា ព្រះអង្គ​តែងតែ​គង់នៅ​ជា​មួយ​ទូល​បង្គំ​ជានិច្ច​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ហូសេ ៩-១១ និង វិវរណៈ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles