និក្ខមនំ ២:១-១០
ដោយសារសេចក្តីជំនឿ កាលម៉ូសេបានកើតមក នោះឪពុកម្តាយបានលាក់លោកទុក៣ខែ ឥតមាននឹកខ្លាចដល់បញ្ញត្តរបស់ស្តេចឡើយ។ ហេព្រើរ ១១:២៣
លោកចន(John) មានការបាក់ទឹកចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់បាត់បង់ការងារ។ គាត់កំពុងធ្វើដំណើរឆ្ពោះទៅរក ចុងបញ្ចប់នៃអាជីពរបស់គាត់ ហើយគាត់ដឹងថា គាត់នឹងមានការពិបាក ក្នុងការចាប់ផ្តើមការងារថ្មី។ គាត់ក៏បានចាប់ផ្តើមអធិស្ឋានសូមឲ្យគាត់មានការងារល្អ។ បន្ទាប់មក លោកចនក៏បានធ្វើប្រវត្តិរូបសារជាថ្មី និងអានអត្ថបទណែនាំអំពីគន្លឹះក្នុងការសម្ភាស និងបានទូរស័ព្ទទៅកាន់ក្រុមហ៊ុនជាច្រើន។ បន្ទាប់ពីគាត់បានដាក់ពាក្យធ្វើការបានប៉ុន្មានសប្តាហ៍ គាត់ក៏បានទទួលយកមុខនាទីថ្មីមួយ ដែលមានកាលវិភាគល្អយ៉ាងខ្លាំង និងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការ។ ការស្តាប់បង្គាប់ដ៏ស្មោះត្រង់របស់គាត់ និងការផ្គត់ផ្គង់របស់ព្រះបានដើរទន្ទឹមគ្នាយ៉ាងល្អឥតខ្ចោះ។
មានរឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត បានកើតឡើងចំពោះអ្នកស្រីយ៉ុកិបិត(និក្ខមនំ ៦:២០) និងក្រុមគ្រួសារគាត់ ក្នុងអំឡុងពេលប្រជាជនអ៊ីស្រាអែលកំពុងរស់ជានៅជាទាសករ ក្នុងទឹកដីអេស៊ីព្ទ។ នៅពេលដែលស្តេចផារ៉ោនបានចេញច្បាប់ ដែលតម្រូវឲ្យជនជាតិហេព្រើរបោះកូនប្រុសដែលទើបនឹងកើត ចូលទៅក្នុងទឹកទន្លេ(១:២២) អ្នកស្រីយ៉ុកិបិតមុខជាមានការភិតភ័យយ៉ាងខ្លាំង។ គាត់មិនអាចកែប្រែច្បាប់នោះបានទេ តែមានកិច្ចការខ្លះដែលគាត់ត្រូវធ្វើជាជំហានៗ ដើម្បីស្តាប់បង្គាប់តាមព្រះ និងសង្គ្រោះកូនប្រុសគាត់។ ដោយសេចក្តីជំនឿ គាត់ក៏បានលាក់កូនប្រុសគាត់ មិនឲ្យពួកសាសន៍អេស៊ីព្ទដឹង។ គាត់ក៏បានធ្វើកូនទូកពីដើមបបុស ដាក់កូនគាត់ចូលទៅក្នុងកូនទូកនោះ ហើយបណ្តែតវានៅគុម្ពត្រែងនៅមាត់ទន្លេ(២:៣)។ ព្រះអម្ចាស់ក៏បានថែរក្សាជីវិតទារកនោះ ដោយការអស្ចារ្យ(ខ.៥-១០) ហើយក្រោយមក ព្រះអង្គក៏បានប្រើគាត់ ឲ្យរំដោះប្រជាជនអ៊ីស្រាអែលទាំងអស់ឲ្យរួចផុតពីរបបទាសភាព(៣:១០)។
រឿងរបស់លោកចន និងរឿងរបស់អ្នកស្រីយ៉ុកិបិត បាននិយាយអំពីការបោះជំហានទៅមុខ តាមរបៀបផ្សេងគ្នា តែ ដោយសេចក្តីជំនឿដូចគ្នា។ ការភ័យខ្លាចអាចធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ ទោះលទ្ធផលដែលយើងទទួលបានមិនដូចអ្វីដែលយើងបានរំពឹងចង់បាន ឬសង្ឃឹមថានឹងបានក៏ដោយ ក៏សេចក្តីជំនឿចម្រើនកម្លាំងយើង ឲ្យបន្តទុកចិត្តលើសេចក្តីល្អរបស់ព្រះ ទោះយើងបានទទួលលទ្ធផលដូចម្តេចក៏ដោយ។—Karen Pimpo
តើអ្នកបានជាប់គាំង នៅក្នុងការភ័យខ្លាច និងការព្រួយបារម្ភនៅពេលណា?
តើអ្នកអាចបោះជំហានបន្ទាប់ ដោយចិត្តស្មោះត្រង់ ដូចម្តេចខ្លះ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបោះជំហានទៅមុខ ដោយចិត្តស្មោះត្រង់ តាមផ្លូវដែលព្រះអង្គបានរៀបចំសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: សាការី ៥-៨ និង វិវរណៈ ១៩