សាងសង់​អ្វី​ដែល​ស្ថិត​ស្ថេរ

លោកុប្បត្តិ ១១:‌១-៨

រួច​និយាយ​គ្នា​ថា ចូរ​យើង​សង់​ទីក្រុង​១សំរាប់​យើង និង​ប៉ម​១ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍​ឈ្មោះ​។ លោកុប្បត្តិ ១១:៤

កាលពី​ក្មេង ក្រុម​គ្រួសារ​ខ្ញុំ​រស់នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ​ចំនួន ក្នុង​រដ្ឋ​អូហៃយ៉ូ​។ ដោយសារ​ខ្ញុំ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចូល​ចិត្ត​មើល​គេ​សាង​សង់​អគារ យើង​ក៏​បាន​ដើរ​រើស​សម្ភារៈ​សំណង់​ដែល​គេ​បោះ​ចោល ដើម្បី​សាង​សង់​បន្ទាយ​ទ័ព ជា​ការ​កម្សាន្ត​សប្បាយ​។ យើង​ក៏បាន​ខ្ចី​ឧបករណ៍​ជាង​ពី​ឪពុក​ម្តាយ​របស់​យើង និង​លី​សែង​ឈើ ហើយ​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ ក្នុង​ការសាងសង់ ដើម្បី​សម្រេច​គោលបំណង​របស់​យើង​។ វា​ជា​សកម្មភាព​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ ការ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការសាងសង់ តាម​គំរូ​អគារ​នៅ​ជុំ​វិញ​យើង មិន​បាន​ទទួល​លទ្ធផល​ល្អ​ទេ​។ សំណង់​របស់​យើង​មិន​ស្ថិត​ស្ថេរ​បាន​យូរ​ឡើយ​។

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក១១ បាន​ចែង​អំពី​គម្រោង​សាង​សង់​ធំ​មួយ ដែល​មនុស្ស​នៅ​ផែនដី​រួម​គ្នា​ធ្វើ​។ ពួកគេ​និយាយ​គ្នា​ថា “ចូរ​យើង​សង់​ទីក្រុង១សំរាប់​យើង និងប៉ម១ដែល​ខ្ពស់​ដល់​ផ្ទៃ​មេឃ ដើម្បី​ឲ្យ​យើង​បាន​កេរ្តិ៍​ឈ្មោះ”(ខ.៤)។ ការ​ប្រឹង​ប្រែង​របស់​ពួកគេ​មាន​បញ្ហា​ធំ​មួយ ស្ថិត​នៅ​ត្រង់ថា ពួកគេ​ធ្វើ​ការសាងសង់​នោះ ដើម្បី​ឲ្យ​ពួកគេ​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ប៉ុណ្ណោះ​(ខ.៤)។

នេះ​ជា​បញ្ហា​ដែល​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​មនុស្ស ដោយសារ​យើង​ចូល​ចិត្ត​កសាង​វិមាន​សម្រាប់​ខ្លួនឯង និង​ដើម្បី​បង្ហាញ​ភាព​ជោគជ័យ​របស់​យើង​។ ព្រះ​គម្ពីរប៊ីប​ក៏​បាន​ចែង​អំពី​សម័យ​ក្រោយមក​ទៀត ដែល​មាន​ស្តេច​មួយ​អង្គ​ព្រះ​នាម សាឡូម៉ូន បាន​សាង​សង់​ព្រះវិហារ​ថ្វាយ​ព្រះអម្ចាស់ ដោយ​បំណង​ចិត្ត​ខុសពី​មនុស្ស​ដែល​សាង​សង់​ប៉ម​បាបិល​។ គឺ​ដូច​ទ្រង់​មាន​បន្ទូល​ថា “មើល ទូល​បង្គំ​បាន​គិត​សំរេច​នឹង​ស្អាង​ព្រះវិហារ១ថ្វាយ​ព្រះ​នាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូល​បង្គំ”(១ពង្សាវតាក្សត្រ ៥:៥)។

ស្តេច​សាឡូម៉ូន​យល់​ឃើញថា អ្វីៗ​ដែល​ទ្រង់​សាងសង់ ចាំ​បាច់​ត្រូវ​ចង្អុល​បង្ហាញ​គេ ឲ្យ​ងាក​​ទៅ​រក​ព្រះអម្ចាស់ មិនមែន​ងាក​មក​រក​ទ្រង់​ដែល​ជា​មនុស្ស​នោះ​ទេ​។ នេះ​ជា​មេរៀន​ដ៏​សំខាន់​ណាស់ បាន​ជា​ទ្រង់​ថែម​ទាំង​បាន​និពន្ធ​ទំនុក​ដំកើង អំពី​រឿង​នេះ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ១២៧:១ បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “បើ​គ្មាន​ព្រះយេហូវ៉ា​សង់ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ”។ អ្វីៗ​ដែល​យើង​សង់​សម្រាប់​មនុស្ស មិន​ស្ថិត​ស្ថេរ​ទេ គឺ​មិន​ខុសពី​ការសាងសង់​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ខ្ញុំ​នៅ​ក្មេង​នោះ​ឡើយ ប៉ុន្តែ ព្រះ​នាម​ព្រះ និង​ការ​អ្វី​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ មាន​សារៈសំខាន់​អស់​កល្ប​ជានិច្ច​។—Matt Lucas

តើ​អ្នក​បាន​ប្រើ​ជីវិត​របស់​អ្នក ដើម្បី​សាង​សង់​អ្វី? តើ​ជីវិត​របស់​អ្នក​បាន​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ទូល​បង្គំ សម្រាប់​ពេល​ដែល​ទូល​បង្គំ​បាន​ផ្ដោត​ទៅលើ​ខ្លួនឯង មិនមែន​ទៅលើ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ក្នុង​លោកិយ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: សា​ការី ៩-១២ និង វិវរណៈ ២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles