ទំនុកដំកើង ១៣
ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី? ទំនុកដំកើង ១៣:១
លោកជីម(Jim) បានតយុទ្ធនឹងជំងឺខូចកោសិកាប្រសាទបញ្ជា ជាង១ឆ្នាំហើយ។ កោសិកាប្រសាទក្នុងសាច់ដុំរបស់គាត់កំពុងតែខូច ហើយសាច់ដុំរបស់គាត់ក៏បានរួញស្វិត។ គាត់បានបាត់បង់សមត្ថភាពបញ្ជាផ្នែកតូចៗនៃអវយវៈរបស់គាត់ ក៏ដូចជាបាត់សមត្ថភាពគ្រប់គ្រងដៃជើងរបស់គាត់។ គាត់មិនអាចដាក់ឡេវអាវ ឬចងខ្សែស្បែកជើងដោយខ្លួនឯងបានទៀតទេ ហើយក៏មិនអាចប្រើចង្កឹះបរិភោគអាហារបានដែរ។ លោកជីមបានស៊ូទ្រាំនឹងស្ថានភាពដ៏លំបាកនេះ ហើយក៏បានចោទជាសំណួរថា ហេតុអ្វីព្រះអនុញ្ញាតឲ្យរឿងនេះកើតឡើង? ហេតុអ្វីខ្ញុំត្រូវជួបការលំបាកយ៉ាងនេះ?
ប៉ុន្តែ មានបងប្អូនរួមជំនឿក្នុងព្រះគ្រីស្ទជាច្រើន បានមកចំណាយពេលជាមួយគាត់ ហើយក៏បានទូលថ្វាយសំណួររបស់ពួកគេដល់ព្រះអង្គផងដែរ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣ ស្តេចដាវីឌបានបន្លឺសម្លេងថា “ឱព្រះយេហូវ៉ាអើយ
តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត? តើដល់អស់កល្បឬអី? តើនឹងលាក់ព្រះភក្ត្រទ្រង់ ចំពោះទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ?”(ខ.១-២)។
យើងក៏អាចនាំការភាន់ភាំង និងសំណួរយើងថ្វាយដល់ព្រះអង្គផងដែរ។ ព្រះអង្គជ្រាបអំពីចិត្តរបស់យើង ពេលណាយើងស្រែករកព្រះអង្គថា “តើដល់ពេលណា?” ហើយ “ហេតុអ្វី ព្រះអង្គអើយ?” ព្រះអង្គបានប្រទានចម្លើយមានន័យបំផុត ដល់យើង ក្នុងព្រះយេស៊ូវ និងក្នុងជ័យជម្នះដែលព្រះអង្គមាន មកលើបាប និងសេចក្តីស្លាប់។
ពេលណាយើងគិតដល់ឈើឆ្កាង និងផ្នូររបស់ព្រះយេស៊ូវដែលនៅទទេរ យើងអាចរកឃើញទំនុកចិត្ត នៅក្នុង “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” របស់ព្រះអម្ចាស់(ខ.៥) ហើយអរសប្បាយក្នុងសេចក្តីសង្គ្រោះរបស់ព្រះអង្គ។ សូម្បីតែនៅក្នុងពេលយប់ងងឹតបំផុត ក៏យើងអាច “ច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បានប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ” (ខ.៦)។ ដោយសារជំនឿដែលយើងមានចំពោះព្រះគ្រីស្ទ ព្រះអង្គបានអត់ទោសបាបឲ្យយើង ទទួលចិញ្ចឹមយើងជាកូនរបស់ព្រះអង្គ និងកំពុងសម្រេចគោលបំណងដ៏អស់កល្បដែលព្រះអង្គមាន ក្នុងជីវិតយើង។—Poh Fang Chia
តើអ្នកមានសំណួរអ្វី ដែលត្រូវនាំមកទូលថ្វាយព្រះអង្គ? តើព្រះអង្គបានបង្ហាញសេចក្តីល្អរបស់ព្រះអង្គដល់អ្នកដូចម្តេចខ្លះ សូម្បីតែក្នុងពេលយប់ងងឹតបំផុត?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានថែរក្សាទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តថា ព្រះអង្គកំពុងតែធ្វើឲ្យអ្វីៗមានភាពស្រស់ស្អាតឡើង ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: សាការី ១៣-១៤ និង វិវរណៈ ២១