អេសាយ ៤៨:១២-១៩
ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ។ អេសាយ ៤៨:១៣
នៅឆ្នាំ១៩៣៩ នៅពេលដែលសង្រ្គាមលោកលើកទីពីរបានឆេះរាលដាល ដល់ទឹកដីចក្រភពអង់គ្លេស ស្តេចចច ទី៦(George VI) បានស្វែងរកឱកាស នៅក្នុងការផ្សាយតាមវិទ្យុនៅថ្ងៃណូអែល ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋរបស់ទ្រង់ ក្នុងចក្រភពអង់គ្លេស និងប្រទេសជាសមាជិកដទៃទៀត ឲ្យទុកចិត្តព្រះ។ ទ្រង់ក៏បានដកស្រង់បទកំណាព្យដែលព្រះមាតាទ្រង់ចូលចិត្តយ៉ាងខ្លាំង ដោយបន្ទូលថា “ពេលយើងចូលទៅក្នុងភាពងងឹត ចូរយើងតោងព្រះហស្តព្រះអង្គជាប់។ ព្រះអង្គនឹងប្រទានពន្លឺ ដែលប្រសើរលើសពន្លឺណាទាំងអស់ ហើយក៏ប្រទានផ្លូវដែលមានសុវត្ថិភាពជាងផ្លូវណាទាំងអស់”។ ស្តេចចច មិនបានជ្រាបថា នឹងមានរឿងអ្វីកើតឡើងទៀតនៅឆ្នាំថ្មីទេ តែទ្រង់បានទុកចិត្តថា ព្រះអម្ចាស់នឹង “ដឹកនាំ ហើយកំឡាចិត្ត” ពួកគេ ក្នុងថ្ងៃដ៏ថប់បារម្ភខាងមុខ។
ព្រះគម្ពីរប៊ីបបានចែងអំពីព្រះហស្តរបស់ព្រះ នៅក្នុងកណ្ឌគម្ពីរជាច្រើន ដែលរាប់បញ្ចូលទាំងកណ្ឌគម្ពីរអេសាយផងដែរ។ ព្រះអង្គបានត្រាស់ហៅរាស្រ្តព្រះអង្គតាមរយៈហោរាអេសាយ ឲ្យពួកគេទុកចិត្តថា ព្រះអង្គជាព្រះអាទិកររបស់ពួកគេ ព្រះអង្គគឺជា “ដើម ហើយជាចុង”(អេសាយ ៤៨:១២) ដែលគង់នៅជាមួយពួកគេជារៀងរហូត។ ព្រះអង្គមានបន្ទូលថា “ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ”(ខ.១៣)។ ពួកគេគួរតែទុកចិត្តព្រះអង្គ ហើយមិនត្រូវមើលទៅមនុស្ស ដែលមានអំណាចតិចជាងព្រះអង្គនោះទេ។ សរុបមក ព្រះអង្គគឺជា “ជាព្រះដ៏ប្រោសលោះ គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល”(ខ.១៧)។
ទោះយើងប្រឈមមុខដាក់អ្វីក៏ដោយ ខណៈពេលដែលយើងទន្ទឹងរង់ចាំឆ្នាំថ្មី យើងអាចទទួលយកការកម្សាន្តចិត្ត ពីស្តេចចច និងហោរាអេសាយ និងដាក់សេចក្តីសង្ឃឹម និងសេចក្តីជំនឿរបស់យើង លើព្រះអម្ចាស់ នោះយើងនឹងមានសន្តិភាពក្នុងចិត្ត ដ៏ហូរហៀរដូចទន្លេ ហើយសេចក្តីសុចរិតរបស់យើង “នឹងបានដូចជារលកនៃសមុទ្រ”(ខ.១៨)។—Amy Boucher Pye
ខណៈពេលដែលអ្នកគិតដល់ឆ្នាំថ្មី តើមានស្ថានភាព ឬបញ្ហាទំនាក់ទំនងអ្វីខ្លះ ដែលអ្នកអាចថ្វាយដល់ព្រះ?
តើព្រះបន្ទូលដែលបានចែងអំពីព្រះហស្តព្រះអង្គ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះមានគ្រប់ចេស្តា ព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ហើយព្រះអង្គស្រឡាញ់ទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំឲ្យ ទុកចិត្តព្រះអង្គ ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ម៉ាឡាគី ១-៤ និង វិវរណៈ ២២