ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

“ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះ​នាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង​” កូល៉ុស ៣:១៧

ថ្ងៃ​នេះ យើង​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ​។

ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​កូរិនថូស​ខ្សែទី១ ពេល​ដែល​សាវ័ក​ប៉ុល​បង្គាប់​ពួក​ជំនុំ​ឲ្យ​ស្វាគមន៍​លោក​ធីម៉ូថេ​យ៉ាង​កក់​ក្តៅ ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួកគេ គឺ​មិនមែន​ដោយសារ​លោក​ធីម៉ូថេ​ចង់​ស្វែងរក​កេរ្តិ៍​ឈ្មោះ ចង់​មាន​មុខ​នាទី​ខ្ពង់ខ្ពស់ ឬ​ព្យាយាម​ស្វែងរក​ការ​ចាប់​អារម្មណ៍​នោះ​ទេ​។ តាម​ពិត មូល​ហេតុ​ដ៏​សាមញ្ញ គឺ​ដោយសារ​លោក​ធីម៉ូថេ កំពុង​ធ្វើ​ការ​របស់​ព្រះអម្ចាស់(១កូរិនថូស ១៦:១០)។

ការ​ធ្វើ​ការ​របស់​ព្រះអម្ចាស់ គឺ​សំដៅ​ទៅលើ​ការ​អ្វី​ក៏ដោយ ដែល​យើង​អាច​ដាក់ដៃ​ធ្វើ ឬ​ផ្ដោត​ចិត្ត​ទៅលើ ដែល​ផ្គាប់​ព្រះទ័យ​ព្រះ គឺ​កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយ​ព្រះអង្គ ជាជាង​ធ្វើ​ដើម្បី​ឲ្យ​មនុស្ស​ស្ងើច​សរសើរ​យើង(កូល៉ុស ៣:២៣)។ គឺ​អាច​ធ្វើ​នៅ​ក្នុង​រូបកាយ​ព្រះគ្រីស្ទ ឬ​នៅ​ក្នុង​ការ​បម្រើ​ដល់​លោកិយ​នៅ​ជុំ​វិញ​យើង​។

ក្នុង​ខ.១៧ សាវ័ក​ប៉ុល​បាន​រាប់​បញ្ចូល​ឃ្លា “ក្នុង​គ្រប់​ទាំង​អស់ ទោះបើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ”។ ពាក្យ “ក្នុង​គ្រប់​ទាំង​អស់” ដែល​យើងជា​​គ្រីស្ទបរិស័ទ​ធ្វើ គឺ​មានន័យថា ដោយ​ជំនួយ​ពី​ព្រះវិញ្ញាណបរិសុទ្ធ យើង​គួរតែ​ព្យាយាម​ចូល​រួម​យ៉ាង​មាន​ប្រសិទ្ធភាព ក្នុង​ការងារ​ផ្សាយ​ដំណឹង​ល្អ​។ ទោះ​យើង​កំពុង​ជួយ​យក​អសារ​អ្នក​ជិត​ខាង​យើង កំពុង​ឈរ​ស្វាគមន៍​នៅ​ពីមុខ​ទ្វារ​ព្រះវិហារ ឬ​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​សហគមន៍ ការ​បម្រើ​នីមួយ​ៗគឺ​សុទ្ធតែ​ជា​ឱកាស ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ងាក​ទៅ​រក​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​។ យើង​មាន​ឯកសិទ្ធិ​ពិសេស​ណាស់ ដែល​មាន​វត្ត​មាន​នៅ​លើ​ផែនដី​នេះ ដើម្បី​នាំ​អ្នក​មិន​ជឿឲ្យ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដោយ​ចិត្ត​ប្តូរ​ផ្តាច់​។

ក្នុង​រូបកាយ​ព្រះគ្រីស្ទ យើង​គួរតែ​ទទួល​ស្គាល់​ថា យើង​អាច​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ ក៏​ដោយសារ​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​ថ្វាយ​ព្រះអម្ចាស់​។ សាវ័ក​ប៉ុល​មាន​ការ​យល់​ឃើញ​ដ៏​ត្រឹម​ត្រូវ​ថា ការ​លូត​លាស់​របស់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស គឺជា​លទ្ធផល​នៃ​ការងារ​ដែល​គាត់​ធ្វើ ក្នុង​ព្រះ​នាម​ព្រះអម្ចាស់ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “តើ​អ្នក​រាល់​គ្នា​មិនមែន​ជា​ស្នាដៃ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះ​អម្ចាស់​ទេ​ឬ​អី”(១កូរិនថូស ៩:១)។ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​កើត​មាន ដោយសារ​សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​ថ្វាយ​ព្រះអម្ចាស់​។ ដូច​នេះ គេ​មិន​អាច​ថា ការ​រួម​ចំណែក​របស់​សាវ័ក​ប៉ុល​មិន​សំខាន់ ឬ​សំខាន់​ជាងគេ​នោះ​ឡើយ តែ​ផ្ទុយ​ទៅវិញ ព្រះ​ទ្រង់​បាន​ចាត់​តាំង​គាត់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ជាក់​លាក់ តាម​ផែនការ​ព្រះអង្គ​។

ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង មិន​គ្រាន់តែ​ឲ្យ​អង្គុយ​រៀន​ព្រះបន្ទូល​នោះ​ទេ តែ​ក៏​ឲ្យ​លូត​លាស់ ចេញទៅ​នេសាទ​មនុស្ស និង​ឲ្យ​ចំណី​ដល់​ចៀម​ព្រះអង្គ​ផង​ដែរ​។ ព្រះ​ទ្រង់​បាន​ចាត់​តាំង​អ្នកជឿ​ម្នាក់ៗ ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់ ក្នុង​ការងារ និង​ការ​បម្រើ​របស់​គ្រីស្ទបរិស័ទ ហើយ​ការ​ទទួល​ខុស​ត្រូវ​ទាំង​នោះ រាប់​បញ្ចូល​ការ​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ ក្នុង​គ្រប់​កាលៈទេសៈ និង​ឱកាស ដែល​យើង​មាន​ជា​រៀង​រាល់​ថ្ងៃ ដែល​មិន​កើត​មាន​ដោយ​ចៃដន្យ តែ​ជា​ការ​រៀបចំ​របស់​ព្រះអម្ចាស់​។ សាវ័ក​ប៉ុល​បាន​បន្សល់​ទុក​ឲ្យ​យើង នូវ​គំរូ​ដែល​គួរ​ឲ្យ​កោត​សរសើរ​នេះ តាមរយៈ​ការ​ស្តាប់​បង្គាប់​តាម​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ដោយ​ទទួល​ស្គាល់​ថា គាត់​ជា “ឧបករណ៍​ដែល​ព្រះ​ទ្រង់​បាន​ជ្រើសរើស” ដើម្បី​ប្រកា​ស​ព្រះ​នាម​ព្រះអង្គ ដល់​ពួក​សាសន៍​ដទៃ ពួក​ស្តេច និង​កូនចៅ​អ៊ីស្រាអែល(កិច្ចការ ៩:‌១៥)។

សាវ័ក​ប៉ុល​បាន​ធ្វើ​ការ​ថ្វាយ​ព្រះអម្ចាស់ ដោយ​ចិត្ត​ឆេះឆួល​។ យើង​ក៏​ធ្វើ​ដូច​គាត់​ផង​ដែរ​។ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​រាល់​គ្នា ឲ្យ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ទោះ​យើង​នៅ​ទីណា​ក៏ដោយ​។ សូម​ពិចារណា អំពី​ការ​ផ្លាស់​ប្តូរ​ដែល​អាច​កើត​មាន ក្នុង​ការ​គិត និង​ការ​ប្រព្រឹត្ត បើសិន​ជា​អ្នក​សួរ​ខ្លួនឯង​ជា​និច្ច​ថា “តើ​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី នៅ​ទីនេះ? តើ​ខ្ញុំ​អាច​សរសើរ​តម្កើង​ព្រះ​នាម​ព្រះអង្គ និង​ផ្គាប់​ព្រះទ័យ​ព្រះអង្គ នៅពេល​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?” នៅ​ថ្ងៃ​នេះ អ្នក​មាន​ឯកសិទ្ធិ ក្នុង​ការ​ធ្វើ​ការ​ថ្វាយ​ព្រះអង្គ​។

ទំនុក​ដំកើង ១២៧

អេសាយ ៧-៩ និង ម៉ាកុស ៣

More articles