កូល៉ុស ២:៦-១២
ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ។ កូល៉ុស ២:៨
ខ្ញុំ និងភរិយារបស់ខ្ញុំចូលចិត្តមើលខ្សែភាពយន្តបែបស្នេហារ៉ូមែនទិច មានលក្ខណៈប្រឌិត ដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍រីករាយ។ ខ្ញុំអាចនិយាយបានថា នេះជាចំណង់ចំណូលចិត្តរបស់គាត់ ប៉ុន្តែ ខ្ញុំក៏ចូលចិត្តមើលរឿងប្រភេទនេះដែរ។ ខ្សែភាពយន្តទាំងនោះមានចំណុចគួរឲ្យចាប់ចិត្ត ដែលយើងអាចស្មានទុកជាមុនថា នៅចុងបញ្ចប់តួអង្គដែលជាគូរស្នេហ៍នឹងបានរួមរស់ជាមួយគ្នា ដោយសុភមង្គលជារៀងរហូត។ ថ្មីៗនេះ យើងបានមើលរឿងមួយ ដែលបានផ្តល់ឲ្យទស្សនិកជននូវយោបល់ដ៏រ៉ូមិនទិចមួយចំនួន ដែលយើងអាចយកមកវិភាគ។ ពីដំបូងគេថា សេចក្តីស្រឡាញ់គឺជាអារម្មណ៍។ បន្ទាប់មកគេថា ចូរធ្វើតាមបេះដូងរបស់អ្នកចុះ។ ហើយនៅចុងបញ្ចប់គេនិយាយថា សុភមង្គលរបស់អ្នកសំខាន់លើសអ្វីៗទាំងអស់។ ជាការពិតណាស់ អារម្មណ៍របស់យើងសំខាន់។ ប៉ុន្តែ ការផ្តេតផ្តួលទៅតាមអារម្មណ៍ ដោយផ្ដោតទៅលើខ្លួនឯងខ្លាំងពេក គឺជាគ្រឹះដ៏ទន់ជ្រាយ ដែលពិបាកនឹងជួយឲ្យជីវិតអាពាហ៍ពិពាហ៍មានភាពស្ថិតស្ថេរ។
វប្បធម៌របស់លោកិយបានផ្តល់ឲ្យនូវយោបល់ប្លែកៗជាច្រើន ដែលស្តាប់ទៅពីរោះពីដំបូង ប៉ុន្តែ បើយើងពិនិត្យឲ្យបានដិតដល់យើងនឹងឃើញយោបល់ទាំងនោះ មានភាពប្រេះស្រាំខ្លាំងណាស់។ នៅក្នុងកណ្ឌគម្ពីរកូល៉ុសជំពូក២ សាវ័កប៉ុលបានបង្រៀនយើងឲ្យធ្វើការពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន។ គាត់បាននិយាយសង្កត់ធ្ងន់ថា កាលណាយើងបាន “ចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ”(ខ.៧) យើងនឹងអាចមើលដឹងថា វប្បធម៌របស់យើងកំពុងបោកបញ្ឆោតយើង ត្រង់ចំណុចណាខ្លះ។ សាវ័កប៉ុលបានហៅការកុហកនោះថា “ពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ” ដែលបានកើតចេញពី “សណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ”(ខ.៨)។
ដូចនេះ ពេលក្រោយ បើអ្នកបានមើលខ្សែភាពយន្តណាមួយ ចូរសួរខ្លួនឯង និងមនុស្សដែលទស្សនារឿងនោះជាមួយអ្នកថា “តើរឿងនេះបានផ្តល់ឲ្យយើងនូវយោបល់ប្រកបដោយប្រាជ្ញាដែរឬទេ?” បើយើងអាចប្រៀបធៀបយោបល់នោះ ជាមួយសេចក្តីពិតក្នុងព្រះគម្ពីរប៊ីបយ៉ាងដូចម្តេចខ្លះ? ហើយចូរចាំថា គឺព្រះគ្រីស្ទទេ ដែលសំខាន់លើសអ្វីៗទាំងអស់ ក្នុងជីវិតយើង។ មានតែនៅក្នុងព្រះអង្គទេ ដែលយើងអាចរកឃើញប្រាជ្ញាពិតប្រាកដ និងភាពពេញលេញ(ខ.៩-១០)។—Adam R. Holz
តើវប្បធម៌ដ៏ពេញនិយមរបស់លោកិយ បាននាំឲ្យអ្នកមានការយល់ឃើញដូចម្តេចខ្លះ អំពីពិភពលោក?
តើជំនឿរបស់អ្នកបានជួយអ្នក វាយតម្លៃមកលើការកម្សាន្តសប្បាយ ដែលអ្នកបានជួបប្រទះដូចម្តេចខ្លះ?
ឱព្រះវរបិតា លោកិយមានពេញទៅដោយរឿងនិទានជាច្រើន ដែលសន្យាថា យើងនឹងមានសុភមង្គលក្នុងជីវិត ប៉ុន្តែ នៅទីបំផុត យោបល់របស់ពួកគេប្រាសចាកសេចក្តីពិតរបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រេកឃ្លានប្រាជ្ញាពីព្រះអង្គ ដើម្បីឲ្យទូលបង្គំដើរក្នុងផ្លូវរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩