ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

១សាំយ៉ូអែល ២៥:២៨-៣១

គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ​។ ១សាំយ៉ូអែល ២៥:២៩

កុមារា​ឈ្មោះ ដាវីឌ វេតទ័រ(David Vetter) បាន​លាចាក​លោក ក្នុង​អាយុ១២ឆ្នាំ បន្ទាប់ពី​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ក្នុង​ឈុត​ខោអាវ​ការពារ​មេរោគ ដែល​មាន​ថង់​ផ្លា​ស្ទីក​មាន​រាង​មូល​ថ្លា​ដូច​ពពុះ​គ្រប​ពីលើ​ក្បាល​គាត់​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ក្មេង​ប្រុស​ពពុះ”។ គាត់​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​កំណើត​។ បង​ប្រុស​របស់​គាត់​ជា​កូន​ទីមួយ​ក្នុង​គ្រួសារ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ ដូច​នេះ ឪពុក​ម្តាយ​គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ការពារ​គាត់ ជា​កូន​ទីពីរ​។ ដើម្បី​ពន្យារ​ជីវិត​គាត់ ក្រុម​វិស្វករ​របស់​អង្គ​ការ​ណាសា ក៏បាន​ច្នៃ​បង្កើត​គំរប​ការពារ​ក្បាល​គាត់ ធ្វើ​ពី​ផ្លា​ស្ទីក​រាង​មូល​ថ្លា​ដូច​ពពុះ និង​បង្កើត​ឈុត​ខោអាវ​របស់​អវកាស​យានិក សម្រាប់​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​គាត់​អាច​នាំ​គាត់ ចេញទៅ​ខាង​ក្រៅ​។ ជា​ការ​ពិត​ណាស់ នរណា​ក៏​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ!

នៅ​គ្រា​សញ្ញា​ចាស់ លោក​ណាបាល​ជា​ប្តី​របស់​នាង​អ័ប៊ីកែល បាន​ធ្វើ​ខុស​មក​លើ​ស្តេច​ដាវីឌ​។ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ​នោះ ស្តេច​ដាវីឌ​បាន​ស្វែងរក​ឱកាស​សងសឹក ដោយ​ផ្ទាល់ដៃ​។ នាង​អ័ប៊ីកែល​ក៏បាន​ប្រញាប់​ទៅ​ជួប​ទ្រង់ ដោយ​ការ​ក្រើន​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ថា “ទោះបើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏ដោយ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ”(១សាំយ៉ូអែល ២៥:២៩)។ ពាក្យ “ចង​ជាប់​ក្នុង​បាច់” គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រមូល​វត្ថុ​មាន​តម្លៃ​មក​ចង​ចូល​គ្នា​ជា​បាច់ ដើម្បី​ឲ្យ​គេ​អាច​ដឹក​ជញ្ជូន​ពួកវា​ដោយ​សុវត្ថិភាព​។ ត្រង់​ចំណុច​នេះ នាង​អ័ប៊ីកែល​បាន​រំឭក​ស្តេច​ដាវីឌ​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​បី​ទ្រង់ នៅ​ក្នុង​បាច់​ដែល​មាន​ការ​ការពារ​។ ស្តេច​ដាវីឌ​មាន​សុវត្ថិភាព​បំផុត ក្នុង​ព្រះ​ហស្ត​របស់​ព្រះ ជាជាង​ការ​ការពារ​ខ្លួនឯង​។គឺដូច​ដែល​នាង​បាន​ទូល​ស្តេច​ដាវីឌ​ថា “នោះ​ដំណើរ​នេះ​មិន​បានជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ ដោយ​លោក​បាន​កំចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សងសឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ”(ខ.៣១)។

វា​ជា​ការ​ប្រពៃ​ណាស់ ដែល​យើង​ការពារ​អ្នក​ដទៃ នៅពេល​ដែល​ពួកគេ​ត្រូវ​ការ​ជំនួយ​របស់​យើង ប៉ុន្តែ មានតែ​នៅ​ក្នុង​ការ​ថែរក្សា​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​ពួកគេ​អាច​មាន​សុវត្ថិភាព​ពិត​ប្រាកដ​។—Elisa Morgan

តើ​អ្នក​មាន​ជួប​ការ​ល្បួង​ឲ្យ​នាំ​អ្នក​ដទៃ ចូល​ទៅ​ក្នុង​ការ​ការពារ​ខ្លួនឯង នៅ​ពេលណា?
តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ចាំ​ថា ការ​ថែរក្សា​របស់​ព្រះអម្ចាស់ បាន​ផ្តល់​ឲ្យ​នូវ​ការ​ការពារ​ល្អ​បំផុត?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ទុក​ចិត្ត​ថា ព្រះអង្គ​កំពុង​ថែរក្សា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ទូល​បង្គំ
ដោយ​ដឹង​ថា ព្រះអង្គ​អាច​ថែរក្សា​ពួកគេ​បាន​ល្អ​ជាង​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១២‌-១៣ និង ម៉ាថាយ ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles