ឥន្ទធនូ​និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លោកុប្បត្តិ ៩:៨-១៧

គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជាទី​សំ​គាល់​នៃ​សេចក្តី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី​។ លោកុប្បត្តិ ៩:១៣

ខណៈ​ពេល​ដែល​ខ្ញុំ​ឈរ​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទឹក​ជ្រោះ​ណៃអាហ្ការ៉ា ខ្ញុំ​បាន​កត់​សំគាល់​ឃើញថា ភ្ញៀវ​ទេសចរណ៍​ដទៃ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ថតរូប​ភ្លាមៗ​។ ពេល​ខ្ញុំ​មើលទៅ​តាម​ទិសដៅ ដែល​ពួកគេ​កំពុង​ថតរូប​នោះ ខ្ញុំ​ក៏បាន​ឃើញ​ឥន្ទធនូ​លេច​ឡើង មាន​រាងកោង​នៅ​លើ​ទន្លេ​នៅ​​ក្រោម​ទឹក​ជ្រោះ​។ ឥន្ទធនូ​នោះ​ហាក់​ដូចជា​ចាប់​ផ្តើម​ចេញ​ពី​បាត​ទឹក​ជ្រោះ​មួយ​ជាន់ ហើយ​បញ្ចប់​នៅ​បាត​ទឹក​ជ្រោះ​មួយ​ជាន់​ទៀត​។

តាម​ពិត ឥន្ទធនូ​មិន​មាន​ចំណុច​ចាប់​ផ្តើម និង​ចំណុច​បញ្ចប់​ទេ​។ ឥន្ទធនូ​មាន​រូបរាង្គ​មូល​ជា​រង្វង់​ពេញ​។ ខ្ញុំ​ធ្លាប់​ឃើញ​ឥន្ទធនូ​មាន​រូបរាង្គ​ជា​រង្វង់​តែ​មួយ​ដង​គត់ កាល​ខ្ញុំ​មើលទៅ​ក្រៅ​តាម​បង្អួច​យន្តហោះ ចំ​ទិសដៅ​របស់​ថ្ងៃរះ ឃើញ​ឥន្ទធនូ​មាន​រូបរាង្គ​ជា​រង្វង់ ពី​ចម្ងាយ នៅ​ពី​លើ​ពពក​។ ខ្ញុំ​ក៏បាន​អង្គុយ​មើល​ឥន្ទធនូ​នោះ​យ៉ាង​ជក់​ចិត្ត ទាល់តែ​យន្ត​ហោះ​បត់​ទៅតាម​ទិសដៅ​ផ្សេង ហើយ​ខ្ញុំ​មិន​អាច​មើល​ឃើញ​វា​ទៀត​។

ពេល​ខ្ញុំ​បាន​ឃើញ​ឥន្ទធនូ​នោះ ខ្ញុំ​ក៏បាន​គិត​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត ហើយ​ក៏​គ្មាន​ទី​បញ្ចប់ ហើយ​ព្រះអង្គ​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដល់​យើង ទោះ​យើង​នៅ​កន្លែងណា​ក៏ដោយ​។ ព្រះ​នៃ​យើង​ដែល​គ្មាន​ទី​បញ្ចប់ និង​អស់​កល្ប​ជានិច្ច បាន”ដាក់​ធ្នូ” របស់​ព្រះ​អង្គ​នៅ​នា​ពពក (លោកុប្បត្តិ ៩:១៣) ដើម្បី​សន្យា​ថា ព្រះអង្គ​​មិន​ជំនុំជម្រះ​ផែនដី ដោយ​ប្រើ​ទឹក​ជំនន់​ឲ្យ​ជន់​លិច​ផែនដី​ទាំងមូល​ទៀត​ទេ (ខ.១៥)។ សព្វថ្ងៃ​នេះ ព្រះអាទិករ​នៃ​យើង​បាន​ប្រទាន​ការ​ក្រើន​រំឭក​អំពី​ព្រះបន្ទូល​សន្យា​នេះ ដល់​យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះអង្គ(ខ.១៣-១៦)។

កណ្ឌ​គម្ពីរ​អេសាយ ៤០:២៨ បាន​ចែងថា “ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច គឺ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នកណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បានទេ”។ នេះ​ជា​សេចក្តី​ប្រកាស​ដ៏​អស្ចារ្យ​។ ទោះ​យើង​ចំណាយ​ពេល​អស់​កល្ប​ជានិច្ច ដើម្បី​ស្វែង​យល់​អំពី​ព្រះ​ដែល​រក្សា​សេចក្តី​សន្យា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​យល់​ដល់​ជម្រៅ​ជ្រៅ​បំផុត​នៃ​ប្រាជ្ញា​របស់​ព្រះអង្គ​បាន​ឡើយ​។—Brent Hackett

តើ​អ្នក​គិត​អំពី​ចារិត​លក្ខណៈ​មួយ​ណា​របស់​ព្រះ នៅពេល​ដែល​អ្នក​មើល​ឃើញ​ឥន្ទធនូ? តើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្កើត​ឥន្ទធនូ​មក និង​បើក​បង្ហាញ​ឥន្ទធនូ​ដល់​យើង​ខ្ញុំ ជា​ការ​បញ្ជាក់ អំពី​ព្រះបន្ទូល​សន្យា​ចំពោះ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៩-១១ និង ម៉ាកុស ៥:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles