ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការ​ឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

កិច្ចការ ៩:៣៦-៤៣

មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦

ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​រយៈ​ពេល៥ម៉ោង ស្រ្តី​ម្នាក់​បាន​យក​ខ្សែ​អំបោះ​មក​អង្គុយ​ចាក់​អាវ​រងា​យ៉ាង​ញាប់ដៃ​។ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​ម្ជុល​ចុះ​ឡើងៗ ក្នុង​ការ​ចាក់​អាវ​រងា​នោះ គាត់​បាន​សង្កេត​ឃើញ​ទារក​អាយុ៥ខែ​ម្នាក់ កំពុង​មើល​សកម្មភាព​របស់​គាត់ យ៉ាង​ជក់​ចិត្ត​។ បន្ទាប់មក គាត់​ក៏បាន​គិត​ឃើញថា គាត់​នឹង​ផ្អាក​ការ​ចាក់​អាវ​រងា​នោះ​មួយ​រយៈ​សិន ហើយ​ងាក​មក​ចាក់​មួក​តូច​មួយ​សម្រាប់​ទស្សនិកជន​ដ៏​តូច​ល្អិត​ម្នាក់​នោះ ដែល​បាន​ស្ញប់​ស្ញែង​ចំពោះ​សកម្មភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ គាត់​ក៏​បាន​ចាក់​មួក​នោះ​រួច​រាល់​ ក្នុងរយៈ​ពេល​ដែល​គាត់​សេសសល់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ នៅ​ពេល​គាត់​ជូន​មួក​នោះ​ទៅ​ម្តាយ​របស់​ក្មេង​តូច ក្រុម​គ្រួសារ​ទាំងមូល​ក៏​បាន​ទទួល​យក​វា​ដោយ​ចិត្ត​រីករាយ ខណៈ​ពេល​ដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ញញឹម ហើយ​ទះដៃ​អបអរ​។

អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ច្រើនតែ​នាំមក​នូវ​ក្តី​អំណរ​ដល់​អ្នក​ទទួល​។ តាមរយៈ​អំណោយ​នោះ ម្ចាស់​អំណោយ​ក៏​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ​ផង​ដែរ ទោះ​អំណោយ​នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​គ្រាន់តែ​ចង់​បាន​ក៏ដោយ​។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង នាង​តេប៊ីថា​មាន​ទីបន្ទាល់​ល្អ ដោយសារ​នាង​ចូល​ចិត្ត​ចែក​សំលៀក​បំពាក់ និង​តែងតែ​ធ្វើ​ការ​ល្អ និង​ជួយ​យក​អសារ​អ្នកក្រ(កិច្ចការ ៩:៣៦)។ នៅពេល​ដែល​នាង​លាចាក​លោក អស់អ្នក​ដែល​ទទួល​អំណោយ​របស់​នាង ក៏បាន​បង្ហាញ​សំលៀក​បំពាក់ ដែល​នាង​បាន​កាត់ដេរ​ឲ្យ​ពួកគេ(ខ.៣៩)។ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​សប្បុរស និង​អំពី​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​នាង​។

ហេតុការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​អធិស្ឋាន​ប្រោស​នាង​តេប៊ីថា ឲ្យ​រស់​ឡើង​វិញ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៤០)។ អ្នក​ដែល​គោរព​ស្រឡាញ់​នាង​បាន​ឃើញ​ហេតុការណ៍​នេះ ពួក​គេ​មាន​ក្តី​អំណរ​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ដោយសារ​ការ​អស្ចារ្យ​នេះ(ខ.៤២)។

អំពើ​សប្បុរស​ធម៌​របស់​យើង​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​យូរ​អង្វែង និង​បាន​ធ្វើ​ជាទី​បន្ទាល់​ដ៏​មាន​អំណាច​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង យើង​អាច​ឆ្លៀត​ឱកាស​ឲ្យ​អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ​។—Katara Patton

តើមាន​អំណោយ​អ្វី​ដែល​អ្នក​អាច​ឲ្យ​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ? តើ​ការ​ទទួល​អំណោយ​ដ៏​សប្បុរស មានន័យ​យ៉ាងណា​ចំពោះ​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ក្រើន​រំឭក​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ
ដោយ​ចែក​អំណោយ​ដ៏​មាន​តម្លៃ ដែល​មាន​ដូចជា​ការ​លើក​ទឹក​ចិត្ត និង​ការ​ចំណាយ​ពេល​ជាមួយ​ពួកគេ​ជាដើម​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១៥-១៦ និង ម៉ាកុស ៦:១-២៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles