បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

លូកា ១០:២៧-៣៧

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ថា ទៅចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែបយ៉ាង​ដូច្នោះ​ដែរ​។ លូកា ១០:៣៧

ថ្ងៃ​មួយ នៅ​រដូវរងា ក្នុង​រដ្ឋ​មីឈីហ្កេន មាន​អ្នក​ដឹក​ជញ្ជូន​ម្នាក់​បាន​កត់​សំគាល់​ឃើញ ដូន​ចាស់​ម្នាក់​កំពុង​ចូក​ព្រឹល​ចេញពី​ផ្លូវបត់​ចូល​ផ្ទះ​របស់​ដូន​ចាស់​។ គាត់​ក៏​បាន​ឈប់​ឡាន ហើយ​ក៏​បាន​សុំ​ដូន​ចាស់ អនុញ្ញាត​ឲ្យ​គាត់​ជួយ​ចូក​ព្រឹល​រហូត​ដល់​រួចរាល់​។ ពួកគេ​ក៏បាន​ចូក​ព្រឹល​ជា​មួយ​គ្នា​ប្រហែល១៥នាទី ខណៈ​ពេល​ដែល​អ្នក​ជិត​ខាង​របស់​ដូន​ចាស់ កំពុង​មើល​ពួក​គេ​ពី​ចម្ងាយ​។ ដូន​ចាស់​ក៏បាន​ប្រាប់​គាត់​ថា “យាយ​អរគុណ​ចៅ​ខ្លាំង​ណាស់ ដែល​បាន​ជួយ​យាយ​ចូក​ព្រឹល​។ ព្រះ​បាន​បញ្ជូន​ចៅ​ឲ្យ​មក​ជួយ​យាយ នៅ​ថ្ងៃ​នេះ”។

ក្នុង​អំឡុង​ពេល​ដែល​ព្រះយេស៊ូវ​ជជែក​ជាមួយ​អ្នក​ប្រាជ្ញ​ក្រឹត្យ​វិន័យ​របស់​សាសន៍​យូដា ព្រះអង្គ​ក៏បាន​ពន្យល់​ពួកគេ អំពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​អ្នក​ដទៃ(លូកា ១០:២៥-៣៧)។ នៅពេល​ដែល​ព្រះអង្គ​ឲ្យ​គាត់​កាត់​ស្រាយ​ក្រឹត្យ​វិន័យ​ដែល​គាត់​ស្គាល់​ច្បាស់ គាត់​និយាយ​ថា “ឯង​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​កំឡាំង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួនឯង​ដែរ”(ខ.២៧)។

បន្ទាប់មក ព្រះអង្គ​ក៏​បាន​ចែក​ចាយ​រឿង ដែល​អ្នក​ដឹកនាំ​សាសនា​ពីរ​នាក់​មិន​បាន​អើពើ​ចំពោះ​ជន​រង​គ្រោះ​ម្នាក់​ដែល​ត្រូវ​ចោរ​ប្លន់​។ ប៉ុន្តែ សាសន៍​សាម៉ារី​ម្នាក់ បាន​ធ្វើ​ការ​លះបង់ ដើម្បី​ជួយ​យក​អសារ​បុរស​នោះ(ខ.៣០-៣៥)។ អ្នក​ដឹកនាំ​សាសន៍​យូដា​នៅ​សម័យ​នោះ បាន​ចាត់​ទុក​សាសន៍​សាម៉ារី ជា​សាសន៍​តូច​ទាប​ជាង​សាសន៍​យូដា​។ ប៉ុន្តែ អ្នក​ប្រាជ្ញ​ក្រឹត្យ​វិន័យ​រូប​នោះ​ក៏​បាន​ដឹង​ថា សាសន៍​សាម៉ារី​ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​បុរស​នោះ គឺជា​អ្នក​ជិត​ខាង​ល្អ ដែល​មាន​សេចក្តី​ស្រឡាញ់​។ ពេល​នោះ ព្រះយេស៊ូវ​ក៏បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រព្រឹត្ត​តាម​គំរូ​របស់​សាសន៍​សាម៉ារី​នោះ(ខ.៣៦-៣៧)។

ការ​ស្រឡាញ់​អ្នក​ដទៃ​មិន​តែងតែ​មាន​ភាព​ងាយ​ស្រួល​ឡើយ​។ ប៉ុន្តែ ខណៈ​ពេល​ដែល​ព្រះយេស៊ូវ​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​ដ៏​លើសលប់​មក​លើ​យើង ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង តាម​គំរូ​របស់​សាសន៍​សាម៉ារី​ល្អ​ផង​ដែរ​។—Xochitl Dixon

តើ​ព្រះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាមរយៈ​អ្នក​ជិត​ខាង យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​អ្នក​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដល់​នរណា​ម្នាក់ នៅ​សប្តាហ៍​នេះ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ នូវ​ឱកាស​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់
ដែល​ព្រះអង្គ​បាន​បង្កើត និង​ជា​ពិសេស​អ្នក​ជិត​ខាង​របស់​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ២៨-៣០ និង ម៉ាកុស ៨:២២-៣៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles