អ្នកមិនចង់ឃើញគេសរសេរពាក្យ “ខ្វះសេចក្តីប្រាថ្នាធំ” នៅក្នុងក្រដាសវាយតម្លៃការងាររបស់អ្នកឡើយ ។ និយោជិតដែលខ្វះសេចក្តីប្រាថ្នាធំ កម្រនឹងបានឡើងទៅដល់មុខតំណែងខ្ពស់ជាងគេ នៅកន្លែងធ្វើការរបស់ខ្លួនណាស់ ។ បើសិនជាគ្មានសេចក្តីប្រាថ្នាធំ ដើម្បីសម្រេចឲ្យបានកិច្ចការអ្វីមួយទេ នោះគឺមិនអាចសម្រេចការធំបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ការមានសេចក្តីប្រាថ្នាធំក៏មានគុណវិប្បត្តិផងដែរ ។ ជាញឹកញាប់ មនុស្សដែលមានសេចក្តីប្រាថ្នាធំ ចង់លើកតម្កើងខ្លួនឯងឲ្យខ្ពស់ឡើង ជាជាងចង់សម្រេចកិច្ចការ ដែលជាប្រយោជន៍ដ៏ប្រសើរដល់អ្នកដទៃ ។
នេះគឺជាបញ្ហា ដែលមាននៅក្នុងជីវិត នៃស្តេចជាច្រើនអង្គនៃនគរអ៊ីស្រាអែល ដែលរួមមានស្តេចអង្គទីមួយផងដែរ ។ ពីដើមឡើយ ស្តេចសូលជាមនុស្ស បន្ទាបខ្លួន ប៉ុន្តែ យូរៗទៅ ទ្រង់ក៏បានចាត់ទុកមុខតំណែងរបស់ទ្រង់ ជាកម្មសិទ្ធិផ្តាច់មុខរបស់ទ្រង់តែ ម្តង ។ ទ្រង់បានភ្លេចថា ព្រះបានឲ្យទ្រង់បំពេញនូវកិច្ចការដ៏ពិសេសមួយ ដើម្បីដឹកនាំរាស្រ្តជ្រើសតាំងរបស់ទ្រង់ តាមរបៀប ដែលនឹងនាំឲ្យសាសន៍ដទៃបានស្គាល់ផ្លូវរបស់ព្រះ ។ នៅពេលព្រះទ្រង់ដកហូតមុខតំណែងពីស្តេចសូលចេញ ស្តេចអង្គនេះខ្វល់តែអំពីខ្លួនឯងប៉ុណ្ណោះ(១សាំយ៉ូអែល ១៥:៣០)។
ក្នុងពិភពលោកនេះ សេចក្តីប្រាថ្នាធំ ច្រើនតែជម្រុញមនុស្សឲ្យហ៊ានធ្វើអ្វីក៏ដោយ ឲ្យតែបានមុខតំណែងខ្ពស់ ដើម្បីមានអំណាចគ្រប់គ្រងលើអ្នកដទៃ ប៉ុន្តែ ព្រះបានត្រាសហៅរាស្រ្តរបស់ទ្រង់ ឲ្យរស់នៅតាមផ្លូវថ្មីវិញ ។ យើងមិនត្រូវធ្វើអ្វី តាមសេចក្តីអំណួតឥតប្រយោជន៍ឡើយ(ភីលីព ២:៣) ហើយត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ(ហេព្រើ ១២:១)។
បើសិនជាអ្នកពិតជាចង់ក្លាយជាអ្នកដែលមានភាពខ្ពស់ត្រដែត នោះចូរកែប្រែសេចក្តីប្រាថ្នាធំរបស់អ្នក ឲ្យក្លាយជាសេចក្តីស្រឡាញ់ ដែលបន្ទាបខ្លួន ហើយបម្រើព្រះ ឲ្យអស់ពីចិត្ត ពីវិញ្ញាណ ពីគំនិត និងកម្លាំងចុះ(ម៉ាកុស ១២:៣០)។ – Julie Ackerman Link