ធនធាន
សៀវភៅ និងធនធានផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរ
ទំព័រ 1 នៃ 3 (សរុប 33 ធនធាន)

តើការងារក្នុងក្តីស្រមៃរបស់ខ្ញុំ នៅឯណា?
ការស្វែងរកការងារក្នុងក្តីស្រមៃ បាននាំឲ្យមនុស្សជាច្រើនមានការនឿយណាយ និងការខកចិត្ត។ កូនសៀវភៅនេះ បង្ហាញអំពីរបៀបដែលព្រះយេស៊ូវ អាចប្រទានឲ្យមនុស្សម្នាក់ៗ មានភាពស្កប់ចិត្តដ៏ពិត នៅក្នុងជីវិត។

តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?
បញ្ហារូបសម្រស់ ស្ថិតក្នុងចំណោមបញ្ហាធំបំផុត ដែលយុវជន កំពុងតែជួបប្រទះ ក្នុងពេលសព្វថ្ងៃ ដោយពួកគេខ្លាចឡើងគីឡូ ឬមានអារម្មណ៍ថា ខ្លួនមិនមានរូបសម្រស់ស្អាតគ្រប់គ្រាន់ ដើម្បីឲ្យគេទទួលស្គាល់ជាដើម។ ក្នុងសៀវភៅនេះ យុវនារីម្នាក់ ដែលជាជនជាតិអូស្រ្តាលីសូមចែករំលែកបទពិសោធន៍ នៃការធ្វើដំណើរ ចេញពីការបដិសេធន៍របស់អ្នកដទៃ ចូលទៅរកការទទួលយក ដោយរកឃើញការធានា និងទំនុកចិត្ត តាមរយៈព្រះមួយអង្គ ដែលបានបង្កើតមនុស្សម្នាក់ៗមក ឲ្យមានតម្លៃដ៏ថ្លៃវិសេសរៀងៗខ្លួន ហើយទ្រង់ទតឃើញភាពស្រស់ស្អាតរបស់ពួកគេម្នាក់ៗ ដូចៗគ្នា។

ចូរយើងអធិស្ឋាន
យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។
មាតិការ :
- ការអធិស្ឋាន
- ដើម្បីសរសើរដំកើង និងគោរពព្រះ
- ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន
- ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ
- អធិស្ឋានសូមការដឹកនាំ និងទិសដៅ
- អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ
លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

សេចក្តីស្រឡាញ់ដ៏ពិត
ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។ លោកប៊ីល ក្រោដឺរបានចូលរួមការងារបម្រើព្រះ នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ បន្ទាប់ពីបានបម្រើការជាគ្រូគង្វាលអស់រយៈពេលជាង២០ឆ្នាំ។ លោកប៊ីល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកម៉ាត ឌីហាន(Mart Dehaan) ក្នុងនាមជាអនុប្រធានផ្នែកបង្រៀនព្រះបន្ទូល តាមរយៈសៀវភៅ។ លោកប៊ីល បានអធិប្បាយជាទៀតទាត់ តាមកម្មវិធីវិទ្យុ ស្វែងយល់ព្រះបន្ទូលព្រះ ហើយបានចំណាយពេលភាគច្រើន ក្នុងការបង្រៀនព្រះគម្ពីរ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។

មិត្តភាពដ៏ពិត
តើជីវិតរបស់យើងនឹងកាន់តែមានភាពល្អប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត? ខណៈពេលដែលយើងស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាពដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្តចង់ធ្វើជាមិត្តល្អសម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេចឲ្យយើងអាចធ្វើឲ្យមិត្តភាពយើងកាន់តែមានភាពរឹងមាំ? តើនរណានឹងធ្វើជាមិត្តភក្តិដ៏ល្អឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។

កម្លាំងនៅក្នុងភាពកម្សោយ
ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

តើអ្នកព្រួយបារម្ភពីអ្វី?
តើអ្នកកំពុងតែមានការព្រួយបារម្ភឬ? តើអ្នកព្រួយបារម្ភពីអ្វី? តើអ្នកដឹងទេថា អ្នកមិនចាំបាច់ត្រូវឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដោយភាពអស់សង្ឃឹម ដោយសារការព្រួយបារម្ភនោះឡើយ? ផ្ទុយទៅវិញ អ្នកអាចប្រើវាជាឱកាស ដើម្បីចូលទៅជិតទ្រង់កាន់តែខ្លាំង ដោយសេចក្តីសង្ឃឹម។ យើងមិនចាំបាច់ត្រូវតយុទ្ធនឹងការភ័យខ្លាចរបស់យើង ឬប្រឈមមុខនឹងសុបិនអាក្រក់របស់យើងតែម្នាក់ឯងនោះឡើយ។ កូនសៀវភៅ តើអ្នកព្រួយបារម្ភពីអ្វី? នឹងជួយអ្នកឲ្យអាចកែប្រែការព្រួយបារម្ភ ឲ្យក្លាយជាការអធិស្ឋាន និងការសរសើរដំកើង។

តើខ្ញុំជាមនុស្សល្អឬ?
មនុស្សភាគច្រើនចង់ធ្វើជាមនុស្សល្អ។ គេបានឲ្យនិយមន័យខុសៗគ្នា សម្រាប់ពាក្យ “មនុស្សល្អ” ដោយផ្អែកទៅលើច្បាប់ ក្រមសីលធម៌ ប្រពៃណី និងការយល់ដឹងខុសៗគ្នា។ តើធ្វើដូចម្តេចឲ្យយើងដឹងច្បាស់ថា នរណាម្នាក់ គឺជាមនុស្សល្អពិតប្រាកដ? តើមានខ្នាត ឬស្តង់ដាអ្វី ដែលគេអាចប្រើ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង ដើម្បីវាស់ឲ្យដឹងថា នរណាជាមនុស្សល្អ? កូនសៀវភៅ “តើខ្ញុំជាមនុស្សល្អឬ?” នឹងនាំលោកអ្នកស្វែងយល់ អំពីនិយមន័យរបស់ពាក្យ “មនុស្សល្អ” និងបង្ហាញថា តើនរណាមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ ដើម្បីកំណត់ថា អ្វីល្អ អ្វីអាក្រក់?

តើសេរីភាពពិតប្រាកដជាអ្វី?
មនុស្សចូលចិត្តគិតថា សេរីភាពគឺជាលទ្ធភាពដែលអាចធ្វើអ្វីៗបានតាមចិត្ត នៅកន្លែងណា នៅពេលណា និងតាមមធ្យោបាយណាក៏បាន។ យើងចង់ធ្វើជាចៅហ្វាយលើជីវិតខ្លួនឯង ហើយចង់ទៅតាមផ្លូវរបស់យើង។ ប៉ុន្តែ តើនេះជាសេរីភាពពិតប្រាកដឬ? តើសេរីភាពនេះមានភាពខុសប្លែកយ៉ាងណា បើប្រៀបធៀបនឹងសេរីភាព ដែលព្រះយេស៊ូវបានសន្យាថា នឹងប្រទានយើង ពេលណាយើងដើរតាមព្រះអង្គ? សូមស្វែងយល់ អំពីអត្ថន័យនៃសេរីភាពពិតប្រាកដ នៅក្នុងសៀវភៅ តើសេរីភាពពិតប្រាកដគឺជាអ្វី?

ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?
ហេតុអ្វីមនុស្សជាច្រើនចូលចិត្តមើលរូបអាសអាភាស? គេបានមើលវា ហាក់ដូចជាមិនមានបញ្ហាអ្វីទេ មែនទេ? រូបអាសអាភាសបានក្លាយជា ផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ របស់ពួកគេ។ តាមពិត “រូបអាសអាភាស” គឺជាចំណីភ្នែក និងអារម្មណ៍ដ៏គ្រោះថ្នាក់។ ប៉ុន្តែ តើវាគ្រាន់តែជាបញ្ហាដែលកើតមានជាធម្មតាមែនឬ? ការមើលរូប ឬវីដេអូអាសអាភាស ពីដំបូង ធ្វើឲ្យមានចិត្តរំភើប។ តែមិនយូរប៉ុន្មាន វាក៏បានក្លាយជាទម្លាប់ ក្នុងការរស់នៅ។ វាក៏បានគ្រប់គ្រង និងទាមទាយើង ឲ្យផ្តោតចិត្តទៅលើវា ហើយយើងក៏មានអារម្មណ៍ថា យឺតពេលហើយ វាមិនព្រមដោះលែងយើងទេ។ វាមានផលប៉ះពាល់មកលើការឲ្យតម្លៃខ្លួនឯង ទំនាក់ទំនង សមត្ថភាពនៅក្នុងការបើកចំហរ ការរំពឹងចង់បានខាងផ្លូវភេទ ហើយក៏ប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ វាមិនមែនជាអាថ៌កំបាំងដ៏អាក្រក់តូចមួយ តែវាមានគ្រោះថ្នាក់ និងនាំមកនូវការបង្ខូចបំផ្លាញ ដែលនាំឲ្យយើងមានការភ័យខ្លាច និងអាម៉ាស់។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវក្តីសង្ឃឹម សេរីភាពពិតប្រាកដ រួចផុតពីចំណងរបស់វា។ ទោះអ្នកមានបទពិសោធន៍យ៉ាងណាជាមួយរូបអាសអាភាស ឬមានអារម្មណ៍ថា ជាប់អន្ទាក់វាខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចធំ និងមានអំណាចលើសព្រះ ដែលស្រឡាញ់យើងនោះឡើយ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។

ក្តីសង្ឃឹម សម្រាប់ពេលអស់សង្ឃឹម
បញ្ហាសេដ្ឋកិច្ច ជំងឺរាតត្បាត បញ្ហាទំនាក់ទំនង និងបញ្ហាជាច្រើន សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ សូម្បីតែអ្នកដើរតាមព្រះគ្រីស្ទ ដែលមានការប្តូរផ្តាច់បំផុត ក៏ងាយនឹងជួបពេល ឬរដូវកាលនៃភាពអស់សង្ឃឹម។ ជាក់ស្តែងសាវ័កប៉ុលក៏ធ្លាប់បាននិយាយ អំពីបន្ទុកដែលធ្ងន់ក្រៃលែង ដែលបានធ្វើឲ្យគាត់ និងក្រុមការងារគាត់អស់សង្ឃឹមនឹងនៅរស់(២កូរិនថូស ១:៨)។ ប៉ុន្តែ គាត់បានពន្យល់ថា ការនេះបានកើតឡើង គឺដើម្បីឲ្យគាត់បានរៀនពឹងផ្អែកទៅលើព្រះជាម្ចាស់ ជាជាងពឹងផ្អែកខ្លួនឯង(ខ.៩)។ ការស្វែងរកក្តីសង្ឃឹម ក្នុងពេលអស់សង្ឃឹម គឺពិតជាចាំបាច់ណាស់។ ប៉ុន្តែ ដូចដែលលោកប៊ីល ក្រោឌ័រ(Bill Crowder)ដែលជាគ្រូបង្រៀនព្រះគម្ពីរ នៃព័ន្ធកិច្ចនំម៉ាណា បានចង្អុលបង្ហាញ ក្នុងទំព័រសៀវភៅនេះ មានភាពអស់សង្ឃឹមមួយប្រភេទ ដែលពិតជាអាចប្រែក្លាយជាក្តីសង្ឃឹមពិតប្រាកដ សម្រាប់ថ្ងៃថ្មី ផ្លូវថ្មី និងក្តីសង្ឃឹម ដែលស្ថិតស្ថេរជារៀងរហូត។

លុយ! ហេតុអ្វីនៅតែមិនគ្រប់?
តើលុយធ្វើឲ្យពិភពលោកវិល ឬមួយយ៉ាងណា? សម្រាប់ខ្លួនយើងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាច្រើន ដែលយើងបានស្គាល់ ការដេញតាមលុយ គឺជាបញ្ហាដែលកើតមានជារៀងរាល់ថ្ងៃ។ យើងត្រូវបង់ថ្លៃនេះបង់ថ្លៃនោះ មិនចេះចប់ ហើយក្នុងក្រុមគ្រួសារ ក៏មានមនុស្សដែលត្រូវការអាហារប្រចាំថ្ងៃ។ ម្យ៉ាងទៀត យើងក៏ត្រូវមានលុយត្រៀមទុក សម្រាប់ការបន្ទាន់ផងដែរ ហើយយើងនៅតែមានអារម្មណ៍ថា លុយរបស់យើងនៅតែមិនគ្រប់គ្រាន់។ ក្នុងសៀវភៅ លុយ : ហេតុអ្វីនៅតែមិនគ្រប់? យើងនឹងបានធ្វើការពិនិត្យជាថ្មី អំពីបញ្ហានេះ តាមការបកស្រាយរបស់ព្រះគម្ពីរប៊ីប។ បើសិនជាអ្នកមានក្រុមគ្រួសារ និងមិត្តភក្តិ ដែលមិនមែនជាគ្រីស្ទបរិស័ទ សួរអ្នកថា ហេតុអ្វីបានជាលុយចេះតែមិនគ្រប់? អ្នកអាចប្រើកូនសៀវភៅនេះ ជាជំនួយ ដើម្បីបកស្រាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់។ សៀវភៅនេះនឹងជួយឲ្យពួកគេដឹងថា ព្រះយេស៊ូវគឺជាចម្លើយដ៏ពិត ដែលពួកគេកំពុងស្វែងរក ហើយការរកលុយឲ្យបានច្រើនជាងមុន មិនមែនជាដំណោះស្រាយឡើយ។