នំម៉ាណាប្រចាំថ្ងៃ
ព្រះគ្រីស្ទ​ឃុំ​គ្រង​យើង​ជាប់

ព្រះគ្រីស្ទ​ឃុំ​គ្រង​យើង​ជាប់

ដោយAlistair Begg

November 15, 2026

«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​ស្មឺន៉ា​ថា ព្រះ​ដ៏​ជាដើម ហើយ​ជា​ចុង ដែល​បាន​សុគត រួច​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​កំសត់​របស់​ឯង​ហើយ ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ ក៏​ស្គាល់​សេចក្ដី​ប្រមាថ​របស់​ពួក​អ្នក ដែល​ហៅ​ខ្លួន​ជា​សាសន៍​យូដា​ដែរ តែ​គេ​មិនមែន​សាសន៍​យូដា​ទេ គឺជា​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​វិញ កុំ​ឲ្យ​ឯង​ខ្លាច​សេចក្ដី​ដែល​ឯង​​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រង​វេទនា​អស់១០ថ្ងៃ ដូច្នេះ ចូរ​នៅ​ជា​ស្មោះ​ត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះអញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង»។ វិវរណៈ ២:៨-១០
ព្រះយេស៊ូវ​ជាដើម ហើយ​ជា​ចុង ជា​ព្រះ​ដែល​មាន​តាំងពី​អស់​កល្ប​ជានិច្ច ដល់​អស់​កល្ប​ជានិច្ច ។ នគរ​នៅ​ផែនដី​លេច​ឡើង ហើយ​ដួល​រលំ​ទៅវិញ ហើយ​រាជ​វង្ស​ទាំងឡាយ​ក៏​រលំ​រលាយ តែ​ព្រះអម្ចាស់យេស៊ូវ មិន​មាន​ដើម​កំណើត ហើយ​ក៏​គ្មាន​ទី​បញ្ចប់​ដែរ ដ្បិត​សូម្បី​តែ​សេចក្តី​ស្លាប់​ក៏​មិន​អាច​ចាប់​ព្រះអង្គ​ជាប់​ដែរ ។ ព្រះ​អង្គ​បាន​យាង​ពីមុខ​យើង ហើយ​នឹង​បន្ត​យាង​ពី​ក្រោយ​យើង​ទៀត។ 
ពួក​ជំនុំ​នៅ​ទីក្រុង​ស្មឺន៉ា​ដែល​កំពុង​ជួប​ទុក្ខ​លំបាក ចាំបាច់​ត្រូវ​ស្តាប់​ការ​ពិពណ៌នា​អំពី​ព្រះអម្ចាស់​របស់​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​អាច​នឹក​ចាំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​ការ​ពិពណ៌នា​នោះ ។ នៅ​ចំពោះ​មុខ​នៃ​ទុក្ខ​វេទនា ហើយ​ថែម​ទាំង​សេចក្តី​ស្លាប់​ផង ពួកគេ​មិន​បាន​គិតថា ខ្លួន​មាន​ភាព​ជោគជ័យ​នោះ​ទេ ។ ប៉ុន្តែ ពួក​គេ​ដឹង​ថា ព្រះអង្គ​គឺជា​ព្រះ​អង្គ​សង្គ្រោះ និង​ជា​មិត្តសំឡាញ់ ដែល​យាង​ទៅជា​មួយ​ពួកគេ បាន​ជា​ពួក​​គេ​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ទាំង​នោះ​បាន ។
លោក​គ្រូ ​ប៉ូលីខាប (Polycarp) មាន​ទី​លំនៅ​ក្នុង​ទីក្រុង​ស្មឺន៉ា កាល​គាត់​បាន​ក្លាយ​ជា​អ្នក​ស្លាប់ ​ដោយសារ​ជំនឿ​ដ៏​ល្បី​ល្បាញ​បំផុត ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ពួក​ជំនុំ​ម្នាក់ ដែល​ត្រូវ​គេ​ចាប់​ចង​ដុត​ទាំង​រស់​នៅ​លើ​ឆាក ក្នុង​អំឡុង​​ឆ្នាំ១៥៥នៃ​គ្រីស្ទ​សករាជ ។ លោក​គ្រូ​ ប៉ូលីខាប ប្រហែល​មិន​ទាន់​មាន​មុខងារ​ជា​អ្នក​ដឹកនាំ​ពួក​ជំនុំ កាល​ពួកគេ​ទទួល​សំបុត្រ​ពី​សាវ័ក​យ៉ូហាន​នោះ​ទេ តែ​គាត់​អាច​ស្តាប់​គេ​អាន​សំបុត្រ​នោះ ក្នុង​វ័យ​ក្មេង ។ យ៉ាង​ហោច​ណាស់ គាត់​ពិតជា​បាន​ស្តាប់​ព្រះបន្ទូល​ដែល​គេ​បាន​អាន​នោះ ហើយ​យល់​ច្បាស់​ ខណៈ​ពេល​ដែល​គាត់​ចម្រើន​ឡើង​ក្នុង​សេចក្តី​ជំនឿ ។ យើង​ឃើញថា ព្រះបន្ទូល​មាន​ឥទ្ធិពល​យ៉ាងណា​មក​លើ​គាត់ កាល​គាត់​ត្រូវ​គេ​បង្ខំ​ឲ្យ​បោះបង់ចោល​ជំនឿ​លើ​ព្រះគ្រីស្ទ ដើម្បី​រក្សា​ជីវិត​ខ្លួនឯង ។ ជា​ជាង​ប្រកាស​ឈប់​ជឿ​ព្រះអង្គ លោក​គ្រូ​ ប៉ូលីខាប​ក៏​បាន​ឆ្លើយតប​ទៅ​គេ​វិញ​ថា «ខ្ញុំ​បាន​បម្រើ​ព្រះអង្គ៨៦ឆ្នាំ​ហើយ ហើយ​ព្រះអង្គ​មិន​ដែល​ធ្វើ​ខុស​មក​លើ​​ខ្ញុំ​ម្តង​ណា​​ទេ ។ រឿង​អី​ដែល​ខ្ញុំ​អាច​ពោល​ពាក្យ​ប្រមាថ​ព្រះ ដែល​ជា​ក្សត្រ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ​បាន ?» 88
យើង​ជួប​ការ​ល្បួង​ឲ្យ​សម្រប​ខ្លួន​នឹង​វប្ប​ធម៌​នៅ​ជុំ​វិញ​យើង​បាន​ល្អ​ណាស់ បានជា​យើង​មិន​ដែល​ជួប​ការ​ទាស់​ប្រឆាំង និង​ការ​បៀតបៀន ព្រោះ​យើង​មិន​មាន​អ្វី​ខុសពី​គេ ហើយ​មិន​ផ្តល់​ឲ្យ​បញ្ហា​ប្រឈម​ដល់​គេ ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវ​មិន​បាន​ប្រាប់​យើង ឲ្យ​ជៀស​វាង​ទុក្ខ​លំបាក ក្នុង​បុព្វ​ហេតុ​របស់​ព្រះអង្គ​ទេ តែ​ព្រះអង្គ​ប្រាប់​យើង​មិន​ឲ្យ​ភ័យ​ខ្លាច​ទុក្ខ​លំបាក​ទាំង​នោះ ។ បើ​យើង​ត្រៀម​ខ្លួន​ដើម្បី​ប្រកាន់​គោល​ជំហរ​រឹងមាំ ក្នុង​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​បរិសុទ្ធ ធ្វើ​ជា​គំរូ​ក្នុង​ការ​ដើរ​តាម​ព្រះគ្រីស្ទ ព្រម​ទាំង​ប្រកាន់​ខ្ជាប់​​តាម​ភាព​គ្រប់​គ្រាន់ និង​អំណាច​នៃ​ព្រះបន្ទូល​ព្រះគ្រីស្ទ នោះ​យើង​ចាំបាច់​ត្រូវ​នឹក​ចាំ​ព្រះបន្ទូល​ព្រះគ្រីស្ទ ដែល​បាន​បង្គាប់​យើង​ថា «កុំ​ឲ្យ​ខ្លាច​ចំពោះ​ពួក​អ្នក​ដែល​សំឡាប់​បានតែ​រូបកាយ តែ​ពុំ​អាច​នឹង​សំឡាប់​ដល់​ព្រលឹង​បាន​នោះ​ឡើយ» (ម៉ាថាយ ១០:២៨)។ ព្រះអង្គ​ក៏​ត្រាស់ហៅ​អ្នក ដូច​ពួក​ជំនុំ​នៅ​ទីក្រុង​ស្មឺន៉ា​ផង​ដែរ គឺ​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ដល់ទី​បញ្ចប់ ទោះ​ត្រូវ​លះបង់​អ្វី​ក៏ដោយ ។ ព្រះគ្រីស្ទ​បាន​ឃុំ​គ្រង​អ្នក ហើយ​ព្រះអង្គ​ជា​ព្រះ​ពិត មាន​ព្រះ​ជន្ម​រស់ តែងតែ​ធ្វើ​ការ និង​ប្តូរ​ផ្តាច់​ចំពោះ​នគរ​ទ្រង់ និង​រាស្រ្ត​ទ្រង់ ដូច​នៅ​សម័យ​លោក​គ្រូ​ ប៉ូលីខាប ។ តើ​អ្នក​នឹង​ប្រកាន់​គោល​ជំហរ​ដូច​ម្តេច​ខ្លះ ដើម្បី​ព្រះអង្គ​នៅ​ថ្ងៃ​នេះ ? 


ខគម្ពីរ​ជញ្ជឹង​គិត៖ វិវរណៈ ២:៨-១១
គម្រោង​អាន​ព្រះគម្ពីរ​រយៈ​ពេល​១​ឆ្នាំ៖ ១របាក្សត្រ ១៣-១៥ និង លូកា ១:៥៧-៨០
 

ប្រភេទ