
ការត្រាស់ហៅឲ្យរស់នៅខុសពីគេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 5, 2025
«ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ។ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណាដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ» (១ពេត្រុស ២:១១-១២)។
តើអ្នកដើរតាមព្រះយេស៊ូវគួរតែមានការប្រព្រឹត្តយ៉ាងដូចម្ដេចខ្លះ? នេះជាសំណួរដ៏សំខាន់។ យើងអាចឆ្លើយយ៉ាងសាមញ្ញថា ព្រះអង្គបានត្រាស់ហៅយើងឲ្យប្រព្រឹត្តតាមរបៀបខុសពីគេ គឺខុសពីអ្នកដែលមិនដើរតាមព្រះយេស៊ូវ។
តាំងពីអស់កល្បជានិច្ចមក ព្រះអង្គមានគោលបំណងដែលចង់មានរាស្ត្រមួយជារបស់ព្រះអង្គ។ ព្រះអង្គបានត្រាស់ហៅរាស្ត្រព្រះអង្គ ធ្វើជារាស្ត្រដ៏បរិសុទ្ធ ញែកចេញពីបាបសម្រាប់អង្គទ្រង់ ដែលជាព្រះ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ» (អេសាយ ៦:៣ និង វិវរណៈ ៤:៨)។ នៅក្នុងព្រះគម្ពីរទាំងមូលមានខគម្ពីរជាច្រើនដែលបានចែងអំពីរាស្ត្រដែលព្រះអង្គបានញែកចេញ។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រះអម្ចាស់បានត្រាស់ហៅពួកអ៊ីស្រាអែលជារាស្ត្រព្រះអង្គ មិនឲ្យត្រាប់តាមសាសនារបស់សាសន៍អេស៊ីព្ទ និងសាសន៍កាណានឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅពួកគេឲ្យស្តាប់តាមក្រឹត្យវិន័យ និងព្រះរាជបញ្ជារបស់ព្រះអង្គ (លេវីវិន័យ ១៨:១-៥)។
ប៉ុន្តែ ព្រះអង្គបានប្រទានក្រឹត្យវិន័យមក មិនមែនដើម្បីឲ្យរាស្ត្រព្រះអង្គស្តាប់បង្គាប់ តែសម្បកក្រៅនោះទេ។ ការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ គឺជាការបង្ហាញចេញនូវចិត្តដែលបានផ្លាស់ប្រែ និងចិត្តអរសប្បាយនឹងសេចក្តីបរិសុទ្ធរបស់ព្រះអង្គ។ ម្យ៉ាងទៀត ព្រះអង្គមានបន្ទូលថា ឯងជារាស្ត្ររបស់អញ ឯងជាការកម្មសិទ្ធិរបស់អញ ដូចនេះ អញចង់ឲ្យឯងអរសប្បាយនៅក្នុងការញែកជាបរិសុទ្ធ។ សកម្មភាពខាងក្រៅរបស់យើងនឹងធន់នៅ ហើយគាប់ព្រះទ័យព្រះ ទាល់តែការផ្លាស់ប្រែខាងក្នុងបានកើតមានរួចហើយ។
ហេតុនេះហើយ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័ក ពេត្រុស បានលើកទឹកចិត្តអ្នកជឿឲ្យនឹកចាំថា ពួកគេ «ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ» (១ពេត្រុស ២:៩)។ សព្វថ្ងៃនេះ ក្នុងនាមយើងជារាស្ត្ររបស់ព្រះ ព្រះអង្គនៅតែត្រាស់ហៅយើងឲ្យរស់នៅខុសពីលោកីយ៍ គឺឲ្យធ្វើការអ្វីដែលគួរឲ្យគោរព ហើយធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ នៅក្នុងការកម្សាន្តសប្បាយ ក្នុងបញ្ហាហិរញ្ញវត្ថុ និងទំនាក់ទំនង និយាយរួម គឺក្នុងផ្នែកទាំងអស់នៃជីវិតយើង ដើម្បីឲ្យយើងរស់នៅមានភាពបរិសុទ្ធ ដូចដែលព្រះអង្គបានបង្គាប់យើងថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» (១:១៦)។
យើងមានតម្រូវការដូចលោកីយ៍មែន តែយើងមិនត្រូវមានបាបដូចលោកីយ៍ឡើយ។ នេះជាបញ្ហាប្រឈមធំមួយ ដែលគ្រីស្ទបរិស័ទជួបប្រទះ។ មនុស្សក្នុងលោកីយ៍ មិនត្រូវការឲ្យយើងគាំទ្រក្រមសីលធម៌នៃការប្រព្រឹត្តរបស់ពួកគេ ហើយមិនត្រូវការឲ្យយើងគាំទ្រការបដិសេធន៍របស់ពួកគេ ចំពោះព្រះអាទិករឡើយ។ ផ្ទុយទៅវិញ សាវ័ក ពេត្រុស បានពន្យល់ថា យើងត្រូវរស់នៅដោយ «សម្ដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់» ដើម្បីឲ្យអ្នកដទៃបានមើលឃើញទង្វើល្អរបស់យើង ហើយគេថ្វាយសិរីល្អដល់ព្រះ (១ពេត្រុស ២:៩)។ បទគម្ពីរនេះគួរតែបណ្ដាលចិត្តយើងឲ្យសួរថា តើព្រះអង្គរំពឹងថា ខ្ញុំត្រូវតែមានភាពខុសប្លែកពីលោកីយ៍ឬ? តើខ្ញុំមានចិត្តចង់ប្រព្រឹត្តខុសពីលោកីយ៍ទេ បើសិនជាការប្រព្រឹត្តនោះនាំឲ្យអ្នកដទៃទាស់ប្រឆាំងនឹងខ្ញុំ? តើខ្ញុំនឹងស្រឡាញ់មនុស្សក្នុងលោកីយ៍នេះ ខ្លាំងល្មមនឹងអាចឈប់ស្រឡាញ់លោកីយ៍ ដើម្បីឲ្យខ្ញុំអាចចង្អុលបង្ហាញពួកគេទៅរកផែនដីថ្មីដែលល្អជាងដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ចោទិយកថា ៤:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ២៥-២៧ និង កិច្ចការ ៦