នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

កំណប់ទ្រព្យដែលព្រះគ្រីស្ទប្រទាន

កំណប់ទ្រព្យដែលព្រះគ្រីស្ទប្រទាន

ដោយDave Branon

July 4, 2025

១យ៉ូហាន ៥:៦-១៣
ព្រះទ្រង់បានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះ គឺនៅក្នុងព្រះរាជបុត្រានៃទ្រង់។ ១យ៉ូហាន ៥:១១
ថ្ងៃមួយ លោក ម៉ៃឃល ស្ប៉ាក (MICHAEL SPARKS) បានចូលហាងលក់ទំនិញមួយទឹក ហើយក៏បានទិញលិខិតចម្លងនៃសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកមួយសន្លឹក ក្នុងតម្លៃ២.៤៨ដុល្លា សម្រាប់រក្សាទុកធ្វើជាវត្ថុអនុស្សាវរីយ៍។ ក្រោយមក គាត់ក៏បានពិនិត្យមើលលិខិតចម្លងនោះឲ្យបានជិត ហើយមានអារម្មណ៍ថា លិខិតនោះមានអ្វីចម្លែកខុសពីក្រដាសធម្មតា។ ដូចនេះ គាត់ក៏បានឲ្យអ្នកជំនាញពិនិត្យមើលវា ហើយគេក៏បានប្រាប់គាត់ថា លិខិតចម្លងមួយសន្លឹកនោះ ស្ថិតក្នុងចំណោមលិខិតចម្លង២រយច្បាប់ ដែលលោក ចន គ្វីនស៊ី អ័ដាម (JOHN QUINCY ADAMS) បានជួលគេឲ្យធ្វើ នៅឆ្នាំ១៨២០។ លោក ស្ប៉ាកក៏បានយកលិខិតចម្លងសេចក្តីប្រកាសដ៏កម្រនេះ ទៅលក់បានប្រាក់ ៤៧៧៦៥០ដុល្លា។ 
ការរកបានប្រាក់ចំណេញដ៏ច្រើនដូចនេះ ពីវត្ថុអនុស្សាវរីយ៍ដែលគាត់បានទិញ ក្នុងតម្លៃថោក គឺពិតជាគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ មានកំណប់ទ្រព្យមួយ ដែលមានតម្លៃ និងមានប្រយោជន៍លើសនេះទៀត។ កាលពីក្មេង ខ្ញុំបានរកឃើញកំណប់ទ្រព្យមិនអាចកាត់ថ្លៃ មិនអាចប្រៀបផ្ទឹមបាន និងស្ថិតស្ថេរអស់កល្បជានិច្ច ដោយមិនបានចំណាយប្រាក់សូម្បីមួយសេន។ តែខ្ញុំមិនបានរកឃើញកំណប់ទ្រព្យនេះ ក្នុងហាងលក់ទំនិញមួយទឹកនោះទេ។ 
ឪពុកម្តាយរបស់ខ្ញុំ បាបបើកបង្ហាញឲ្យខ្ញុំដឹងថា មានអង្គបុគ្គល ព្រះនាម យេស៊ូវ បានបង់ថ្លៃទិញអំណោយនេះ សម្រាប់ខ្ញុំ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ធ្វើជាដង្វាយលោះបាបខ្ញុំ។ បន្ទាប់មក ពួកគាត់ក៏បានប្រាប់ខ្ញុំថា អំណោយនោះគឺជាសេចក្តីសង្រ្គោះ ដែលព្រះអង្គបានប្រទានមក ដោយព្រះបន្ទូលសន្យាថា នឹងប្រទានជីវិតពេញបរិបូរ នៅលើផែនដី (យ៉ូហាន ១០:១០) និងជីវិតអស់កល្បជានិច្ច ក្នុងព្រះរាជបុត្រានៃព្រះ (១យ៉ូហាណ ៥:១១)។ ខ្ញុំក៏បានទទួលយកអំណោយនេះ ដោយទទួលជឿព្រះអង្គ។ 
ពិតជាអស្ចារ្យណាស់ ដែលយើងអាចរកឃើញកំណប់ទ្រព្យនៅផែនដី ដោយការចំណាយតិចតួច តែកំណប់ទាំងនោះមិនអាចប្រៀបផ្ទឹមនឹងកំណប់ទ្រព្យដ៏អស់កល្ប ដែលព្រះគ្រីស្ទបានប្រទានយើង ដោយឥតគិតថ្លៃ។ កំណប់ទ្រព្យនេះដែលព្រះអង្គបានប្រទានមនុស្សម្នាក់ៗ គឺយើងអាចទទួលយក ដោយជឿលើព្រះនាមនៃព្រះរាជបុត្រានៃព្រះ ព្រះនាមយេស៊ូវ (ខ.១៣)។—DAVE BRANON

តើការទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះមានអត្ថន័យដូចម្តេចខ្លះចំពោះអ្នក? 
តើអ្នកអាចប្រាប់អ្នកដទៃ អំពីកំណប់ទ្រព្យដ៏អស្ចារ្យនេះ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង់ថ្លៃលោះទូលបង្គំ ឲ្យរួចពីបាប។ 
ទូលបង្គំមិនអាចបង់ថ្លៃ ដើម្បីទិញសេចក្តីសង្គ្រោះ ដោយខ្លួនឯងបានទេ។ 
LEARN MORE HERE: ODB.ORG/PERSONAL-RELATIONSHIP-WITH-GOD.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៨-២៩ និង កិច្ចការ ១៣:១-២៥

 

ល្ងាច

នឹម​ដែល​នាំ​មក​នូវ​សេរី​ភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

នឹម​ដែល​នាំ​មក​នូវ​សេរី​ភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

July 4, 2025

«ចូរ​មក​ឯ​ខ្ញុំ...នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល» (ម៉ាថាយ ១១:២៨, ៣០)។ 
គេ​ប្រើ​នឹម​ដើម្បី​ផ្ទឹម​សត្វ​ពាហនៈ​មួយ​គូរ ដើម្បី​អូស​ទាញ​បន្ទុក​ធ្ងន់ៗ។ គេ​បង្កើត​នឹម​មក ដើម្បី​ចែក​បន្ទុក​ឲ្យ​សត្វ​ទាំង​សង្ខាង​ឲ្យ​បាន​ស្មើ​គ្នា ដើម្បី​ឲ្យ​សត្វ​ទាំង​នោះ​អាច​ដើរ​ត្រង់​ទៅ​មុខ នៅ​ពេល​ដែល​ពួក​វា​ធ្វើ​ការ​អូស​ទាញ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ក្នុង​ន័យ​ធៀប​នេះ ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​រក​ឃើញ​សេរី​ភាព​នៅ​ក្រោម​នឹម​របស់​ព្រះ​អង្គ។ នៅ​ក្នុង​ការ​អញ្ជើញ​យើង​ឲ្យ​ទទួល​នឹម​ដែល «ងាយ» និង «ស្រាល» ព្រះ​អង្គ​បាន​បង្ហាញ​ភាព​ខុស​ប្លែក​គ្នា​រវាង​អង្គ​ទ្រង់ និង​សាសនា​ជា​ទូទៅ ដែល​បាន​ដាក់​បន្ទុក​នៃ​ក្រឹត្យ​វិន័យ និង​ច្បាប់​ធ្ងន់ៗ​មក​លើ​អ្នក​ដើរ​តាម។ ពួក​ផារិស៊ី​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​ងប់ងុល​នឹង​ការ​ប្រព្រឹត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មិន​គ្រាន់​តែ​ព្យាយាម​ធ្វើ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​បាន​បន្ថែម​ក្រឹត្យ​វិន័យ​ដែល​ពួក​គេ​បាន​បង្កើត​ផង​ដែរ។ កាតព្វកិច្ច និង​ការ​រំពឹង​ចង់​បាន​យ៉ាង​ដូច​នេះ ដែល​មនុស្ស​ជា​អ្នក​បង្កើត បាន​ដាក់​បន្ទុក​ធ្ងន់​ហួស​ហេតុ។ ពួក​គេ​តែង​តែ​ប្រាប់​សាសនិក​របស់​ខ្លួន​ឲ្យ​ខំ​ប្រឹង​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​នេះ​ក្រឹត្យ​វិន័យ​នោះ ដែល​បណ្ដាល​ឲ្យ​មាន​ភាព​នឿយ​ហត់​យ៉ាង​ខ្លាំង។ 
នឹម​របស់​ព្រះ​យេស៊ូវ​មិន​ដូច​នេះ​ទេ។ 
ការ​ស្ថិត​នៅ​ក្រោម​នឹម​ដែល​ជា​អំណាច​របស់​ព្រះ​យេស៊ូវ មិន​មែន​ជា​បន្ទុក​ទេ ប៉ុន្តែ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ។ ហេតុ​អ្វី? នៅ​ក្នុង​ព្រះ​គ្រីស្ទ យើង​រក​ឃើញ​សេរី​ភាព មិន​មែន​សេរី​ភាព ដើម្បី​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង ប៉ុន្តែ​ជា​សេរី​ភាព ដើម្បី​ធ្វើ​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ។ តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​មិន​អាច​ធ្វើ​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ​ទេ ហេតុ​នេះ​ហើយ យើង​ស្ថិត​នៅ​ក្រោម​នឹម​នៃ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​យើង។ ផ្លូវ​នោះ​បាន​សន្យា​ច្រើន ប៉ុន្តែ​ផ្តល់​ឲ្យ​យើង​តែ​បន្តិច​បន្តួច​ទេ។ យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ រំដោះ​យើង​ឲ្យ​រួច​ពី​ចំណង​របស់​បាប ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ដោយ​មាន​សេរី​ភាព និង​ការ​ស្តាប់​បង្គាប់ តាម​បំណង​ព្រះ​ទ័យ​ព្រះ ដើម្បី​ក្លាយ​ជា​មនុស្ស ដែល​ព្រះ​អង្គ​បាន​រចនា​មក។ ដូច​នេះ ក្រឹត្យ​វិន័យ​របស់​ព្រះ​គ្រីស្ទ​គឺ​ជា «ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ​វិន័យ​ខាង​ឯ​សេរី​ភាព» ដូច​នេះ អ្នក​ដែល​ស្តាប់​តាម «អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន» (យ៉ាកុប ១:២៥)។ 
ហេតុ​នេះ​ហើយ យើង​ប្រកាស​ដោយ​អំណរ​ថា «ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់​របស់​ខ្ញុំ»។ នេះ​ជា​អត្ត​សញ្ញាណ​របស់​ព្រះ​អង្គ ហើយ​ដោយ​សារ​ព្រះ​អង្គ​ជា​ម្ចាស់​របស់​យើង ពេល​ណា​យើង​ឆ្លើយ​តប​ចំពោះ​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ ហើយ​ទទួល​នឹម​របស់​ព្រះ​អង្គ​នៅ​លើ​ស្មា​យើង គឺ​មាន​ន័យ​ថា យើង​ទទួល​យក​កាតព្វកិច្ច​ថ្មី ដើម្បី​រស់​នៅ​ដោយ​មាន​សេរី​ភាព តាម​បំណង​ព្រះ​ទ័យ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។ បញ្ហា​នៃ​ក្រម​សីលធម៌ ផ្លូវ​ភេទ មុខ​ជំនួញ និង​គ្រួសារ សុទ្ធ​តែ​ប្រមូល​ផ្តុំ នៅ​ក្រោម​នឹម​របស់​ព្រះ​អម្ចាស់​យេស៊ូវ។ 
សម្រាប់​អ្នក​ដែល​នៅ​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​កំពុង​ស្ថិត​នៅ​ក្រោម​នឹម​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់ ដែល​ជា​ក្រឹត្យ​វិន័យ​មិន​អាច​ធ្វើ​តាម​បាន ឬ​សេចក្តី​ប៉ង​ប្រា​ថ្នា​ខាង​ឯ​បាប ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យ​យើង​ចូល​មក ហើយ​ពឹង​ព្រះ​អង្គ​ឲ្យ​លើក​បន្ទុក​នោះ​ចេញ។ នៅ​ថ្ងៃ​នេះ ចូរ​សួរ​ខ្លួន​ឯង​ថា តើ​លោក​អ្នក​កំពុង​តយុទ្ធ​នឹង​បាប​នៅ​ចំណុច​ណា​ខ្លះ? ហេតុ​អ្វី​បាន​ជា​លោក​អ្នក​យល់​ឃើញ​ថា ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់​ជា​បន្ទុក​ធ្ងន់? តើ​លោក​អ្នក​កំពុង​ប្រឆាំង​មិន​ព្រម​ដើរ​តាម​ផ្លូវ​ព្រះ​អង្គ​យ៉ាង​ដូច​ម្ដេច​ខ្លះ? ចូរ​យើង​ស្តាប់​ព្រះ​អង្គ​មាន​បន្ទូល​ម្តង​ទៀត​ថា ចូរ​មក​ឯ​ខ្ញុំ។ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។ បន្ទុក​អ្នក​ធ្ងន់​ណាស់ បាន​ជា​ខ្ញុំ​បាន​លះបង់​ជីវិត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​សង្គ្រោះ​អ្នក ហើយ​ខ្ញុំ​បាន​លះបង់​ជីវិត ដោយ​ស្ម័គ្រ​ចិត្ត។ ចូរ​ចូល​មក​រក​ខ្ញុំ ហើយ​ទទួល​នឹម​ខ្ញុំ​ចុះ។ នឹម​ខ្ញុំ​ងាយ ហើយ​បន្ទុក​ខ្ញុំ​ស្រាល​ទេ។ 
ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៦:១៥-២៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ចោទិយកថា ២២-២៤ និង កិច្ចការ ៥:២១ខ-៤២

ប្រភេទ