
នឹមដែលនាំមកនូវសេរីភាព (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 4, 2025
«ចូរមកឯខ្ញុំ...នឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល» (ម៉ាថាយ ១១:២៨, ៣០)។
គេប្រើនឹមដើម្បីផ្ទឹមសត្វពាហនៈមួយគូរ ដើម្បីអូសទាញបន្ទុកធ្ងន់ៗ។ គេបង្កើតនឹមមក ដើម្បីចែកបន្ទុកឲ្យសត្វទាំងសង្ខាងឲ្យបានស្មើគ្នា ដើម្បីឲ្យសត្វទាំងនោះអាចដើរត្រង់ទៅមុខ នៅពេលដែលពួកវាធ្វើការអូសទាញ។ ព្រះយេស៊ូវបានមានបន្ទូលក្នុងន័យធៀបនេះ ទៅកាន់អ្នកដើរតាមព្រះអង្គ ដើម្បីឲ្យពួកគេមានឱកាសរកឃើញសេរីភាពនៅក្រោមនឹមរបស់ព្រះអង្គ។ នៅក្នុងការអញ្ជើញយើងឲ្យទទួលនឹមដែល «ងាយ» និង «ស្រាល» ព្រះអង្គបានបង្ហាញភាពខុសប្លែកគ្នារវាងអង្គទ្រង់ និងសាសនាជាទូទៅ ដែលបានដាក់បន្ទុកនៃក្រឹត្យវិន័យ និងច្បាប់ធ្ងន់ៗមកលើអ្នកដើរតាម។ ពួកផារិស៊ីនៅសម័យព្រះយេស៊ូវ មានការងប់ងុលនឹងការប្រព្រឹត្តឲ្យបានត្រឹមត្រូវ ដោយមិនគ្រាន់តែព្យាយាមធ្វើតាមក្រឹត្យវិន័យរបស់ព្រះប៉ុណ្ណោះទេ តែបានបន្ថែមក្រឹត្យវិន័យដែលពួកគេបានបង្កើតផងដែរ។ កាតព្វកិច្ច និងការរំពឹងចង់បានយ៉ាងដូចនេះ ដែលមនុស្សជាអ្នកបង្កើត បានដាក់បន្ទុកធ្ងន់ហួសហេតុ។ ពួកគេតែងតែប្រាប់សាសនិករបស់ខ្លួនឲ្យខំប្រឹងប្រព្រឹត្តតាមក្រឹត្យវិន័យនេះក្រឹត្យវិន័យនោះ ដែលបណ្ដាលឲ្យមានភាពនឿយហត់យ៉ាងខ្លាំង។
នឹមរបស់ព្រះយេស៊ូវមិនដូចនេះទេ។
ការស្ថិតនៅក្រោមនឹមដែលជាអំណាចរបស់ព្រះយេស៊ូវ មិនមែនជាបន្ទុកទេ ប៉ុន្តែជាហេតុដែលធ្វើឲ្យយើងអរសប្បាយ។ ហេតុអ្វី? នៅក្នុងព្រះគ្រីស្ទ យើងរកឃើញសេរីភាព មិនមែនសេរីភាព ដើម្បីធ្វើអ្វីតាមចិត្តខ្លួនឯង ប៉ុន្តែជាសេរីភាព ដើម្បីធ្វើអ្វីដែលយើងគួរតែធ្វើ។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងមិនអាចធ្វើអ្វីដែលយើងគួរតែធ្វើទេ ហេតុនេះហើយ យើងស្ថិតនៅក្រោមនឹមនៃសេចក្តីប៉ងប្រាថ្នារបស់យើង។ ផ្លូវនោះបានសន្យាច្រើន ប៉ុន្តែផ្តល់ឲ្យយើងតែបន្តិចបន្តួចទេ។ យើងត្រូវការព្រះយេស៊ូវ រំដោះយើងឲ្យរួចពីចំណងរបស់បាប ដើម្បីឲ្យយើងអាចរស់នៅ ដោយមានសេរីភាព និងការស្តាប់បង្គាប់ តាមបំណងព្រះទ័យព្រះ ដើម្បីក្លាយជាមនុស្ស ដែលព្រះអង្គបានរចនាមក។ ដូចនេះ ក្រឹត្យវិន័យរបស់ព្រះគ្រីស្ទគឺជា «ក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព» ដូចនេះ អ្នកដែលស្តាប់តាម «អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន» (យ៉ាកុប ១:២៥)។
ហេតុនេះហើយ យើងប្រកាសដោយអំណរថា «ព្រះយេស៊ូវជាព្រះអម្ចាស់របស់ខ្ញុំ»។ នេះជាអត្តសញ្ញាណរបស់ព្រះអង្គ ហើយដោយសារព្រះអង្គជាម្ចាស់របស់យើង ពេលណាយើងឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះអង្គ ហើយទទួលនឹមរបស់ព្រះអង្គនៅលើស្មាយើង គឺមានន័យថា យើងទទួលយកកាតព្វកិច្ចថ្មី ដើម្បីរស់នៅដោយមានសេរីភាព តាមបំណងព្រះទ័យដ៏ឥតខ្ចោះរបស់ព្រះអង្គ។ បញ្ហានៃក្រមសីលធម៌ ផ្លូវភេទ មុខជំនួញ និងគ្រួសារ សុទ្ធតែប្រមូលផ្តុំ នៅក្រោមនឹមរបស់ព្រះអម្ចាស់យេស៊ូវ។
សម្រាប់អ្នកដែលនៅតែមានអារម្មណ៍ថា ខ្លួនឯងកំពុងស្ថិតនៅក្រោមនឹមដែលជាបន្ទុកដ៏ធ្ងន់ ដែលជាក្រឹត្យវិន័យមិនអាចធ្វើតាមបាន ឬសេចក្តីប៉ងប្រាថ្នាខាងឯបាប ព្រះយេស៊ូវបានត្រាស់ហៅឲ្យយើងចូលមក ហើយពឹងព្រះអង្គឲ្យលើកបន្ទុកនោះចេញ។ នៅថ្ងៃនេះ ចូរសួរខ្លួនឯងថា តើលោកអ្នកកំពុងតយុទ្ធនឹងបាបនៅចំណុចណាខ្លះ? ហេតុអ្វីបានជាលោកអ្នកយល់ឃើញថា ព្រះរាជបញ្ជារបស់ព្រះអម្ចាស់ជាបន្ទុកធ្ងន់? តើលោកអ្នកកំពុងប្រឆាំងមិនព្រមដើរតាមផ្លូវព្រះអង្គយ៉ាងដូចម្ដេចខ្លះ? ចូរយើងស្តាប់ព្រះអង្គមានបន្ទូលម្តងទៀតថា ចូរមកឯខ្ញុំ។ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ បន្ទុកអ្នកធ្ងន់ណាស់ បានជាខ្ញុំបានលះបង់ជីវិតនៅលើឈើឆ្កាង ដើម្បីសង្គ្រោះអ្នក ហើយខ្ញុំបានលះបង់ជីវិត ដោយស្ម័គ្រចិត្ត។ ចូរចូលមករកខ្ញុំ ហើយទទួលនឹមខ្ញុំចុះ។ នឹមខ្ញុំងាយ ហើយបន្ទុកខ្ញុំស្រាលទេ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៦:១៥-២៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ២២-២៤ និង កិច្ចការ ៥:២១ខ-៤២