រឿងរបស់កំផែងមួយ

ពេលដែល​​ខ្ញុំ​កំពុង​ទស្សនា​កំផែងនៃអធិរាជ្យ​​ហេឌ្រាន​(Hadria​n ​’s Wall) នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់​គ្លេស ខ្ញុំ​ក៏បាន​ដឹងថា តាម​​ពិត កំផែង​នេះ​អាច​ជា​ស្នាដៃ​ ដែលធ្វើឲ្យ​គេ​មានការ​នឹក​​ឃើញ​ខ្លាំង​បំផុត អំពី​អធិរាជ្យ​រ៉ូមុំាង​អង្គ​នេះ ដែល​បាន​ឡើង​កាន់​អំណាច នៅ​​ឆ្នាំ ១១៧ នៃ​គ្រីស្ទ​សគរាជ ។​ នៅសម័យនោះ មាន​ទាហាន​រ៉ូមុំាង​ប្រហែល១៨០០០នាក់ បាន​ប្រចាំការ នៅ​កំផែង​ការពារ ដែល​មាន​ប្រវែង ១២៨ គី​ឡូ​ម៉ែត្រ​នេះ ដែល​គេបា​នសង់​ដើម្បី​ទប់​ទល់​​កុំ​ឲ្យ​ពួក​កុល​សម្ព័ន្ធ​ នៅ​ភាគ​ខាង​ជើង ឈ្លាន​ពាន​តំបន់​ខាង​ត្បូង ។​

គេ​បាន​នឹក​ចាំ​ពី​ស្តេច​ហេឌ្រាន ដោយ​សារ​ស្តេច​អង្គនេះ​បាន​សង់​កំផែង​ការពារ​មិន​ឲ្យ​មនុស្សឈ្លា​ន​ពាន ។ ផ្ទុយ​ទៅ​វិញ​ គេ​នឹក​ចាំ​ពី​ព្រះ​យេស៊ូវ ដោយ​សារ​ទ្រង់​បាន​ផ្តួល​​រំលំ​កំផែង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​មនុស្ស​អាច​ចូលមកឯងទ្រង់ ។​

នៅ​ពេល​ពួក​ជំនុំ​ដំបូងកំពុង​ជួប​ប្រទះ​នឹង​ភាព​តាន​តឹង រវាង​ពួក​សាសន៍​យូដា និង​ពួក​​សាសន៍​​ដទៃ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​មាន​ភាព​ស្មើ​រគ្នា ​នៅក្នុង​គ្រួសារ​នៃ​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ ។​ “ដ្បិត ​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ … ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះអង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ … ដ្បិត​ដោយសារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះវរបិតា ដោយ​ព្រះវិញ្ញាណ​តែ​១”(អេភេសូរ ២:១៤-១៥,១៨)។

​ការ​រួប​រួម​​ជា​មួយ​​អ្នក​ដើរ​តាម​ព្រះ​​យេ​ស៊ូវ គឺស្ថិតក្នុងចំណោមផ្នែក​ដ៏​ស្រស់​ស្អាត​បំផុត នៃ​សេចក្តី​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ ។ ព្រះគ្រីស្ទបាន​​​​សុគត នៅ​លើ​ឈើ​ឆ្កាង ដើម្បី​​ដក​​យក​​ចេញ​​នូវ​​រនាំង ដែល​តែង​តែ​បាន​ញែក​មនុស្ស​ចេញពី​គ្នា ហើយ​​បាន​នាំ​ឲ្យ​យើង​រួប​រួម​គ្នា នៅ​ក្នុង​មិត្ត​ភាព និង​សេចក្តី​ស្រឡាញ់​ដ៏​ពិត ។​ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles