អ្នករុករកកំណប់ម្នាក់ បានរកឃើញប្រាក់កាក់របស់ចក្រភពរ៉ូមច្រើនសន្ឋឹក សន្ឋាប់ ដែលបានកប់ទុកយ៉ាងអាថ៌កំបាំង នៅទិសនារតីក្នុងប្រទេសអង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បានរកឃើញកំសៀវយ៉ាងធំធ្វើពីដែក និងមានប្រាក់កាក់ចំនួន 52,000ប្រាក់កាក់នៅក្នុងនោះ។ ប្រាក់កាក់ទាំងនោះ ធ្វើអំពីប្រាក់ និងទង់ដែងនៅសម័យបុរាណ ដែលមានអាយុកាលតាំងពីសតវត្សទី3 មុនគ្រឹស្ទសករាជមកម៉្លេះ ហើយមានទំម្ងនច្រើនជាងពី350ផោនទៅទៀត វាគឺជាធនធានយ៉ាងមានតម្លៃ។
រតនៈសម្បត្តិមានតម្លៃរបស់លោកគ្រីស្ព បានធ្វើឱ្យយើងនឹកប្រាថ្នាចង់ បានកំណប់ទ្រព្យដែលមានតម្លៃប្រហាក់ប្រហែលនេះ មិនដឹងជាល្អយ៉ាងណាទៅហ្ន៎។ ប៉ុន្តែ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ គួរតែស្វែងរករតនះសម្បត្តិផ្សេងពីនេះវិញ។ អ្វីដែលយើងស្វែងរកនោះ មិនមែនធ្វើឡើងពីប្រាក់ និងមាសទេ។
ផ្ទុយទៅវិញ យើងត្រូវខំស្វែងរកឱ្យបាននូវសេចក្តីរួបរួមគ្នា ដែលមានផលថ្លៃវិសេសវិសាល។ ដូច្នេះ យើងអាចនឹងចម្រើនឡើង “ដើម្បីឱ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ និងព្រះវបិតា ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់”(កូល៉ុស 2:2-3)។ សេចក្តីស្គាល់ព្រះអម្ចាស់ជាកំណប់ទ្រព្យដែលលាក់កំបាំង ហើយត្រូវបានគេប្រទះឃើញនៅក្នុងព្រះគម្ពីរបរិសុទ្ឋទាំងអស់។ អ្នកនិពន្ឋទំនុកដំកើង បាននិយាយថា “ទូលបង្គំមានសេចក្តីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចមនុស្សណាប្រទះនឹងរបៀបជាច្រើន”(ទំនុកដំកើង 119:162)។
ប្រសិនបើយើងអានព្រះបន្ទូលទ្រង់ដោយចិត្តអន្ទះសា ឬធ្វេសប្រហែស នោះយើងនឹងបាត់នូវការយល់ដឹងពីអត្ថន័យពិត។ សេចក្តីពិតទាំងនេះត្រូវបានគេរកឃើញយ៉ាងងាយស្រួលដោយគ្រាន់តែមនុស្សនោះ តាំងចិត្តស្វែងរកនូវកំណប់ទ្រព្យទាំងនេះ។
តើអ្នករាល់គ្នាមានចិត្តចង់ស្វែងរកនូវរតនៈសម្បត្តិដែលបានរក្សាទុកនៅក្នុងព្រះគម្ពីរដែរឬទេ? ចូរចាប់ផ្តើមជីករកចុះ! —Dennis Fisher