
ការដេញតាម
ដោយAnne Cetas
January 2, 2014
ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុងតាមស្រឡាញ់ខ្ញុំ ពេលដែលយើងកំពុងស្ថិតក្នុងការណាត់ជួបគ្នា គាត់មានភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងនេះណាស់។ គាត់បានទូរស័ព្ទមកខ្ញុំ ហើយសរសេរសំបុត្រផ្ញើរខ្ញុំ។ គាត់បានសួរសំណួរដោយការពិចារណា។ គាត់បានទិញរបស់ជាច្រើនឲ្យខ្ញុំ ដែលមានដូចជា ផ្កា ស្ករគ្រាប់ សៀវភៅ និងអំណោយផ្សេងៗទៀត ហើយបាននាំខ្ញុំទៅញាំអាហារពេលល្ងាច។ ក្នុងការតាមស្រឡាញ់នេះ គាត់បានចំណាយពេលវេលា និងកម្លាំងជាច្រើន។ កាលនៅសតវត្សរ៍ទី១០ មុនគ.ស ស្តេចសាឡូម៉ូនក៏បានលើកទឹកចិត្ត ឲ្យមានការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់យ៉ាងដូចនេះ នៅក្នុងការដេញតាមមួយបែបទៀត គឺការដេញតាមប្រាជ្ញា។ តាមវច្ចនានុក្រម ពាក្យប្រាជ្ញា គឺមានន័យថា “ការយល់ដឹងថា អ្វីជាការពិត អ្វីត្រឹមត្រូវ ឬអ្វីដែលស្ថិតស្ថេរ”។ និយមន័យនេះ គឺមានសារសំខាន់ណាស់ បើសិនជាយើងចង់រស់នៅក្នុងជីវិត ដែលថ្វាយសិរីល្អដល់ព្រះដ៏បរិសុទ្ធ។ ប្រហែលមកពីហេតុនេះហើយ បានជាស្តេចសាឡូម៉ូនទ្រង់បានប្រើកិរិយ៉ាស័ព្ទសកម្មជាច្រើន នៅក្នុងបទគម្ពីរសុភាសិតជំពូក២ ដើម្បីបកស្រាយអំពីការដែលយើងចាំបាច់ត្រូវប្រឹងប្រែងស្វែងរកឲ្យបានប្រាជ្ញា។ ទ្រង់បានមានបន្ទូលថា “ចូរប្រុងត្រចៀកស្តាប់” តាមប្រាជ្ញា ហើយ“ផ្ចង់ចិត្ត”ឲ្យបានយោបល់ “ស្រែកហៅ” រកដំរិះ ព្រមទាំង “បន្លឺសំឡេងឡើង” សូមឲ្យបានយោបល់ បើឯង “ខំរក”ដូចជារកប្រាក់(ខ.២-៤)។ ដើម្បីស្វែងរកប្រាជ្ញា យើងត្រូវមានការប្រឹងប្រែង ហើយព្រះគម្ពីរបានប្រាប់យើង អំពីកន្លែងដែលយើងអាចរកប្រាជ្ញាឃើញ : “ដ្បិតព្រះយេហូវ៉ាទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ នោះចេញពីព្រះឱស្ឋរបស់ទ្រង់មក ទ្រង់បំរុងទុកសេចក្តីដែលមានប្រយោជន៍ សំរាប់មនុស្សសុចរិត ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់”(ខ.៦-៧)។ ចូរស្វែងរកព្រះឲ្យអស់ពីចិត្ត។ ទ្រង់ជាប្រភពនៃប្រាជ្ញាទាំងអស់ សម្រាប់ជីវិតអ្នក។ -Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
បើឯងខំរកដូចជារកប្រាក់ ហើយស្វែងរកដូចជារកកំណប់ទ្រព្យ។- សុភាសិត ២:៤