ជីវិតនីមួយៗ ជាអំណោយ
ស្រីក្រមុំម្នាក់បានមានផ្ទៃពោះ ដោយមិនបានរៀបការ។ ទោះបីជានាងកំពុងរស់នៅក្នុងសង្គម ដែលមិនបានឲ្យតម្លៃខ្ពស់ ដល់កូនដែលមិនទាន់កើតក៏ដោយ ក៏នាងបានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយអនុញ្ញាតឲ្យកូនរបស់នាងមានជីវិតរស់។ កូនដែលនាងបានរក្សាទុកដោយចិត្តសប្បុរស សម្រាប់ឲ្យគេយកទៅចិញ្ចឹម បានក្លាយជាផ្នែកមួយនៃគ្រួសារគ្រីស្ទបរិស័ទដែលមានសេចក្តីស្រឡាញ់ ដែលបានចិញ្ចឹមបីបាច់កូនស្រីដ៏មានតម្លៃមួយនេះ និងបានស្រឡាញ់នាង ហើយបង្ហាញនាងឲ្យស្គាល់ផ្លូវរបស់ព្រះគ្រីស្ទ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីនេះក៏បានបាត់បង់ជីវិត មុនពេលនាងពេញវ័យ។ ការស្លាប់របស់នាងបានបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំមួយ នៅក្នុងជីវិតនៃគ្រួសារនាង ប៉ុន្តែក៏បានបន្សល់ទុកអនុស្សាវរីយ៍នៃក្តីអំណរកាលវ័យកុមារ និងភាពក្លៀវក្លានៃយុវភាព។ ជាការពិតណាស់ សេចក្តីស្លាប់របស់នាងបានបង្កើតឲ្យមានចន្លោះប្រហោងមួយ នៅក្នុងចិត្តរបស់អ្នកដែលបានស្រឡាញ់នាង ប៉ុន្តែ សូមនឹកស្រម៉ៃថា ពួកគេនឹងនឹកនាងខ្លាំងប៉ុណ្ណា នៅពេលដែលពួកគេធ្លាប់ឱបនាងកាលនៅតូច ចែកចាយអំពីព្រះយេស៊ូវដល់នាង សើចជាមួយនាង បង្រៀននាង និងថែរក្សាការពារនាងដោយសេចក្តីស្រឡាញ់។ ជីវិតរបស់ក្មេងម្នាក់ៗ សុទ្ធតែជាស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះ(ទំនុកតម្កើង ១៣៩)។ មនុស្សម្នាក់ៗត្រូវបានបង្កើតមកឲ្យមានរូបភាពដូចព្រះ(លោកុប្បត្តិ ១:២៧) និងជាកូនចៅជំនាន់ក្រោយរបស់អាដាំម ដែលជាឳពុកដំបូងគេដែលព្រះបានដាក់ខ្យល់ដង្ហើមឲ្យមានជីវិត។ សេចក្តីស្លាប់បានប្លន់យកភាពពេញលេញ ដែលយើងប្រាថ្នាចង់បានក្នុងជីវិត ប៉ុន្តែ វាក៏បានរំឭកយើងអំពីតម្លៃនៃជីវិតមនុស្សម្នាក់ៗដែលព្រះបានបង្កើត(កូល៉ុស ១:១៦)។ ចូរថែរក្សាការពារអំណោយទាននៃជីវិត ហើយរក្សាសេចក្តីអំណរចំពោះស្នាព្រះហស្ថរបស់ព្រះ។-Dave Branon
Read article