ជីវិតដែលពេញបរិបូរ
ក្នុងអំឡុងពេលនៃការអបអរសាទរការចូលឆ្នាំចិន គេតែងមានទំនៀមទម្លាប់ប្រើពាក្យដ៏ជាក់លាក់ នៅក្នុងការបោះពុម្ភអក្សរ និងការសន្ទនាគ្នា។ ដូចជាពាក្យ “ពេញ” ជាដើម ដែលមានន័យថា “បរិបូរ” ហើយគេប្រើពាក្យនេះ ដើម្បីជូនពរអ្នកណាម្នាក់ ឲ្យមានភាពសម្បូរសប្បាយផ្នែក សម្ភារៈ នៅក្នុងឆ្នាំថ្មី។ មុនពេលដែលពួកកូនចៅអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេអំពីភោគទ្រព្យ និងភាពសម្បូរសប្បាយ ដែលពួកគេនឹងមានក្នុងទឹកដីនោះ(ចោទិយកថា ៨:៧-៩)។ ពួកគេនឹងមានអ្វីដែលត្រូវការ ហើយមានលើសពីតម្រូវការទៀតផង។ ប៉ុន្តែ គាត់បានដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការភ្លេចថា ព្រះដែលបាននាំពួកគេចេញពីនគរអេស៊ីព្ទ ហើយការពារពួកគេនៅតាមផ្លូវ ទ្រង់ជាអ្នកប្រទានពរឲ្យពួកគេមានជាបរិបូរ(ខ.១១)។ ដូចនេះ លោកម៉ូសេបានបង្គាប់ពួកគេថា “ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ”(ខ.១៨)។ ជាការពិតណាស់ “ទ្រព្យសម្បត្តិ” គឺមិនសំដៅទៅលើតែសម្ភារៈប៉ុណ្ណោះទេ។ អ្វីគ្រប់យ៉ាងដែលអ្នកមាន គឺសុទ្ធតែមកពីព្រះ។ ព្រះអម្ចាស់យេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។ យើងក៏ប្រហែលជាបានព្យាយាមបំភ្លេចថា ព្រះអម្ចាស់ជាអ្នកដែលបានប្រទានពរយើង ហើយបំពេញសេចក្តីត្រូវការរបស់យើង។ ជីវិតរបស់យើងនឹងមានភាពពេញលេច ពេញបរិបូរ និងស្កប់ស្កល់ តែនៅពេលដែលយើងមានជាប់នឹងព្រះយេស៊ូវប៉ុណ្ណោះ។-C.P.Hia
Read article