ដោយសារខ្ញុំបានសរសេរអត្ថបទជាច្រើន និងនិពន្ធសៀវភៅមួយក្បាល ដែលសុទ្ធតែនិយាយអំពីការបាត់បង់ក្នុងជីវិតមនុស្ស នោះខ្ញុំមានអភ័យឯកសិទ្ធិ នៅពេលគេបានណៃនាំខ្ញុំ ឲ្យបានស្គាល់មនុស្សជាច្រើន ដែលកំពុងជួបការលំបាក នៅក្នុងដំណើរជីវិត។
ក្នុងចំណោមមិត្តភ័ក្ររបស់ខ្ញុំ មានស្រ្តីម្នាក់ គឺជាម្តាយដែលកូនស្រីរបស់ខ្លួន បានបាត់បង់ជីវិតក្នុងវ័យ២១ឆ្នាំ នៅឆ្នាំ២០០៩ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខជាទម្ងន់។ គាត់បាននិយាយប្រាប់ខ្ញុំថា “ខ្ញុំមានអារម្មណ៍ថា ពិភពលោកទាំងមូលបានបដិសេធខ្ញុំហើយ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់ ហើយវិញ្ញាណខ្ញុំមានការឈឺចាប់ជាពន់ពេក”។
ជាការពិតណាស់ ការបាត់បង់ទាំងនោះ បានចូលមករកយើង ហើយបានវាយប្រហារយើង ធ្វើឲ្យដួលចុះ ទោះការបាត់បង់នោះ ជាការស្លាប់របស់សមាជិកគ្រួសារ ឬជាការដែលកូនបែកចេញឆ្ងាយពីព្រះឬពីគ្រួសារ ឬក៏ជាការអន់ថយផ្នែករូបកាយ ឬផ្លូវចិត្តក៏ដោយ។
ប៉ុន្តែ ខ្ញុំបានរកឃើញចម្លើយសម្រាប់ការឈឺចាប់នេះ នៅក្នុងបទគម្ពីរ ដែលតន្ត្រីករ ឈ្មោះ យេរេមី ខែម(Jeremy Camp) បានបកស្រាយយ៉ាងច្បាស់ នៅក្នុងបទចម្រៀងមួយបទ បន្ទាប់ពីភរិយារបស់គាត់បានលាចាកលោកនៅឆ្នាំ២០០១ ថា : ពេលអ្នកត្រូវរុញច្រាន ដោយទុក្ខលំបាកក្នុងជីវិត សូមចាំថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ទំនុកតម្កើង ៤៦:១)។
បទគម្ពីរនេះបានផ្តល់នូវហេតុផលល្មមនឹងឲ្យយើងក្រោកឈរឡើងវិញ។ លោកខែមបានបកស្រាយអំពីទុក្ខលំបាករបស់ខ្លួន នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ការយល់”។ ក្នុងបទនេះ គាត់បានសួរថា “ហេតុអ្វីបានជាខ្ញុំមិនក្រោកឈរឡើងវិញ?” ហើយគាត់ក៏ទទួលស្គាល់ថា គាត់អាចក្រោកឈរបាន ព្រោះ“ទូលបង្គំដឹងថា ទ្រង់យល់អំពីការគ្រប់យ៉ាង”។
ពេលបញ្ហាបានរុញច្រានឲ្យយើងដួលចុះ នោះយើងអាចសម្លឹងមើលទៅលើ។ ព្រះទ្រង់គង់នៅទីនោះស្រាប់។ ទ្រង់យល់ ហើយទ្រង់យកព្រះទ័យទុកដាក់។ នេះមិនមែនជាការងាយទេ តែយើងអាចជឿជាក់ថា ទ្រង់នឹងជួយឲ្យយើងក្រោកឈរឡើងវិញ។-Dave Branon