
ការអញ្ជើញ ឲ្យសួរសំណួរ
ដោយJulie Ackerman Link
February 17, 2014
ពេលខ្ញុំបង្រៀន ជួនកាល ខ្ញុំបានប្រើពាក្យស្លោក “ចូរចោទសួរ អ្នកមានចំណេះ” ដើម្បីធ្វើឲ្យសិស្សរបស់ខ្ញុំ មានការផ្តោតអារម្មណ៍ទៅលើការសិក្សា។ ខ្ញុំមិនមែនកំពុងតែអញ្ជើញពួកគេ ឲ្យសួរផ្ចាញ់ផ្ចាលខ្ញុំឡើយ តែខ្ញុំកំពុងលើកទឹកចិត្តពួកគេឲ្យចោទសួរខ្ញុំ។ អ្នកជំនាញផ្នែកអប់រំមួយចំនួនបាននិយាយថា រវាងការឆ្លើយសំណួររបស់សិស្ស និងការបង្រៀនមេរៀនដល់សិស្ស សិស្សអាចរៀនសូត្របានច្រើនជាង ពេលគ្រូឆ្លើយសំណួររបស់ពួកគេ។ តាមធម្មតា យើងរាល់គ្នាឲ្យតម្លៃទៅលើអ្វីដែលយើងចង់ដឹង ខ្លាំងជាងទៅលើអ្វីដែលនរណាម្នាក់ចង់ប្រាប់យើង។ ជាការពិតណាស់ ការបង្រៀនទាំងពីរប្រភេទនេះ គឺសុទ្ធតែជាអ្វីដែលគេគួរធ្វើ ប៉ុន្តែ ការលើកទឹកចិត្តឲ្យសួរសំណួរ គឺស្ថិតនៅក្នុងចំណោមការបង្រៀនដំបូងបំផុត ដែលមានក្នុងព្រះគម្ពីរ។ សូម្បីតែនៅមុនពេល ដែលពួកអ៊ីស្រា-អែលភាសខ្លួនចេញពីនគរអេស៊ីព្ទ ព្រះអម្ចាស់បានបង្គាប់លោកម៉ូសេ ឲ្យចាប់ផ្តើមប្រារព្ធពិធីបុណ្យមួយ ដែលនឹងនាំឲ្យគេមានសំណួរ។ ការប្រារព្ធពិធីបុណ្យរំលង ត្រូវបានធ្វើឡើង ក្នុងគោលបំណងពីរយ៉ាងគឺ : ដើម្បីរំឭកពួកកូនចៅអ៊ីស្រាអែលដែលពេញវ័យ ឲ្យនឹកចាំពីការប្រោសលោះនៃព្រះអម្ចាស់ ហើយដើម្បីឲ្យកូនចៅជំនាន់ក្រោយចោទសួរ អំពីពិធីបុណ្យមួយនេះ(និក្ខមនំ ១២:២៦)។ សំណួរដែលផ្តើមដោយពាក្យ “ហេតុអ្វី” អាចជាសំណួរដ៏គួរឲ្យធុញទ្រាន់ ប៉ុន្តែ វាក៏អាច នាំឲ្យយើងមានឱកាសដ៏អស្ចារ្យ ដើម្បីប្រាប់គេ អំពីមូលហេតុដែលយើងជឿព្រះ(១ពេត្រុស ៣:១៥)។ យើងមិនត្រូវធុញទ្រាន់នឹងសំណួររបស់អ្នកដទៃឡើយ ផ្ទុយទៅវិញ យើងអាចអគុណព្រះ ពេលដឹងថា ពួកគេកំពុងបើកចិត្ត និងគំនិត ដើម្បីរៀនសូត្រ។ សំណួរនាំឲ្យយើងមានឱកាស ឆ្លើយដោយសេចក្តីស្រឡាញ់ និងប្រុងប្រយ័ត្ន ដោយដឹងថា ពាក្យដែលយើងនិយាយ អាចមានលទ្ធផលដ៏អស់កល្បជានិច្ច។-Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា។-១ពេត្រុស ៣:១៥