ការអញ្ជើញ ឲ្យសួរសំណួរ

ពេល​​​ខ្ញុំបង្រៀន ជួន​កាល ខ្ញុំ​បាន​ប្រើ​ពាក្យស្លោ​ក “ចូរ​ចោទ​សួរ អ្នក​​មាន​ចំណេះ” ដើម្បី​ធ្វើ​ឲ្យ​សិស្ស​របស់​ខ្ញុំ មាន​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​កា​រ​សិក្សា។ ខ្ញុំ​មិន​មែន​កំពុង​តែអញ្ជើញ​ពួក​គេ ឲ្យ​សួរ​ផ្ចាញ់​ផ្ចាល​ខ្ញុំ​ឡើយ តែ​​ខ្ញុំ​កំ​ពុ​ង​​លើក​​ទឹ​ក​ចិត្ត​ពួក​គេ​ឲ្យ​ចោទ​សួរ​ខ្ញុំ។ អ្នកជំ​នាញ​ផ្នែក​អប់​រំមួយ​ចំនួន​បាន​និយាយ​ថា រវាង​ការ​ឆ្លើយ​សំណួរ​របស់​​សិស្ស និង​ការ​បង្រៀន​មេរៀន​ដល់​សិស្ស សិស្ស​អាច​រៀន​សូត្រ​បាន​ច្រើន​ជាង ​ពេល​គ្រូ​ឆ្លើយ​សំណួរ​​របស់​ពួក​គេ។

តាម​ធម្មតា យើង​រាល់​គ្នាឲ្យ​តម្លៃទៅ​លើ​អ្វី​ដែល​យើង​ចង់​ដឹង ខ្លាំង​ជាង​ទៅ​លើអ្វី​ដែល​នរណា​ម្នាក់​ចង់​​ប្រាប់​យើង។ ជា​ការ​ពិត​ណាស់ ការ​បង្រៀន​ទាំង​ពី​រ​ប្រភេទ​នេះ គឺ​សុទ្ធ​តែ​ជា​អ្វី​ដែល​គេ​គួរ​ធ្វើ ប៉ុន្តែ ការ​លើក​ទឹក​ចិត្ត​ឲ្យ​សួរ​សំណួរ គឺស្ថិត​នៅ​ក្នុង​ចំណោម​ការ​បង្រៀន​ដំបូង​បំផុត ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ សូម្បី​តែ​នៅ​មុន​ពេល ដែល​ពួក​អ៊ីស្រា-អែល​ភាស​ខ្លួន​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​​ចាប់​​ផ្តើម​ប្រារព្ធ​ពិធី​បុណ្យ​មួយ ដែល​នឹង​នាំ​ឲ្យ​គេ​មា​ន​សំណួរ។ ការ​ប្រារព្ធ​ពិធី​បុណ្យ​រំលង ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​គោល​បំណង​ពីរ​យ៉ាង​គឺ : ដើម្បី​រំឭក​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​ពេញ​វ័យ ឲ្យ​នឹក​​ចាំពី​ការ​ប្រោស​លោះ​នៃ​ព្រះ​អម្ចាស់ ហើយ​ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ចោទ​សួរ​ អំពី​ពិធី​បុណ្យ​មួ​​យនេះ​(និក្ខមនំ ១២:២៦)។

សំណួរ​ដែល​ផ្តើម​ដោយ​ពាក្យ “ហេតុអ្វី” អាច​ជា​សំណួរ​ដ៏​គួរ​ឲ្យធុ​ញទ្រា​ន់ ប៉ុន្តែ វា​ក៏អាច​ នាំ​ឲ្យ​យើង​មាន​ឱកាស​ដ៏​​អស្ចារ្យ ដើម្បី​ប្រាប់​គេ​ អំពី​មូល​ហេតុ​ដែល​យើង​ជឿព្រះ​(១ពេត្រុស ៣:១៥)។ យើង​មិន​ត្រូវ​ធុញ​ទ្រាន់​នឹង​សំណួរ​របស់​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អគុណ​ព្រះ ពេល​ដឹង​ថា ពួក​គេ​កំពុង​បើក​ចិត្ត និង​គំនិត ដើម្បី​រៀន​សូត្រ។

សំណួរ​នាំ​ឲ្យ​យើង​មាន​ឱកាស ឆ្លើយ​ដោយ​សេចក្តី​ស្រឡាញ់ និង​ប្រុង​ប្រយ័ត្ន ដោយ​ដឹង​ថា ពាក្យ​ដែល​យើង​និយាយ​ អា​ច​មាន​លទ្ធ​ផល​ដ៏​អស់​កល្ប​ជានិ​ច្ច។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles