មានមនុស្សតិចតួចណាស់ ដែលស្គាល់ខ្ញុំកាលនៅក្មេង ច្បាស់ជាងលោកហ្វ្រង់ស៊ីស អាលែន(Fran-cis Allen) ដែលជាគ្រូគង្វាល ដែលបាននាំខ្ញុំ ឲ្យទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ក្នុងនាមជាគ្រូអធិប្បាយដ៏ឆេះឆួលម្នាក់ ដែលដុតបញ្ឆេះចិត្តពួកជំនុំពីអសនាទៅ គាត់ជាគំរូដែលស្ទើរតែល្អឥតខ្ចោះ ដែលបង្ហាញពីភាពស្រទន់នៃសេចក្តីស្រឡាញ់របស់ព្រះ ពេលនៅខាងក្រៅអសនា។
ពីដំបូង គាត់បានសំគាល់ឃើញថា ខ្ញុំចូលចិត្តព្យាយាម “ទិញ” ការទទួលស្គាល់ ពីអ្នកដទៃ ដោយខំធ្វើកិច្ចការឲ្យ ហួសពីការរំពឹងទុក ហើយធ្វើលើសពីអ្វីដែលគេឲ្យធ្វើ។ គាត់បានប្រាប់ខ្ញុំថា “នេះជាបុគ្គលិកលក្ខណៈដ៏ល្អ សម្រាប់ធ្វើជាអំណោយដល់អ្នកដទៃ តែអ្នកមិនគួរប្រើអំណោយទានទាំងនេះ ដើម្បីទិញការទទួលស្គាល់ពីមនុស្ស ឬពីព្រះឡើយ”។
ដើម្បីជួយពន្យល់ខ្ញុំអំពីបញ្ហានេះ គាត់បានប្រាប់ខ្ញុំឲ្យអានព្រះបន្ទូលសន្យារបស់ព្រះយេស៊ូវ នៅក្នុងម៉ាថាយ ១១:៣០ ដែលចែងថា “នឹមរបស់ទ្រង់គឺងាយទេ”។ ជួនកាល គេយល់ថា ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ ហាក់ដូចជាសាមញ្ចពេក បានជាគេមិនយល់ថា ទ្រង់មានបន្ទូលជាពាក្យពិតឡើយ។ បន្ទាប់មក គាត់បានចង្អុលបង្ហាញទៅបទគម្ពីរមីការ ៦:៦-៨ ដោយពាក្យថា “ឥឡូវនេះ សូមអានបទគម្ពីរនេះ ហើយសួរខ្លួនឯងថា តើអាចមានអំណោយអ្វីខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវថ្វាយអំណោយនោះទៅទ្រង់ឬទេ?” ជាការពិតណាស់ ចម្លើយនោះគឺទេ។
បន្ទាប់មក គាត់ក៏បានបន្តពន្យល់ថា គេមិនអាចទិញព្រះបានឡើយ ព្រោះអំណោយទាននៃព្រះគុណ គឺសម្រាប់ទទួលដោយមិនគិតថ្លៃ។ ដោយសារនេះជាការពិតមែន តើយើងគួរឆ្លើយតបដូចម្តេចខ្លះ? គឺឆ្លើយតបដោយ “ប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ”(ខ.៨)។ ខ្ញុំក៏បានដឹងថា កិច្ចការ ដែលខ្ញុំខិតខំធ្វើទាំងនោះ គឺដើម្បីបង្ហាញការដឹងគុណចំពោះព្រះ មិនមែនដើម្បីទិញឡើយ។
សូមឲ្យបទគម្ពីរមីកា ជំពូក៦ ក្រើនរំឭកដល់យើងថា ព្រះគុណនៃព្រះគឺសម្រាប់ទទួលដោយមិនគិតថ្លៃ ហើយការរស់នៅដោយភាពស្មោះត្រង់ គឺជាការឆ្លើយតបដោយការដឹងគុណ។-Randy Kilgore