
ការឈរនៅក្នុងភ្លើង
ដោយRandy Kilgore
September 19, 2014
ខណៈពេលដែលភ្លើងកំពុងលេបត្របាក់ផ្ទះរបស់យើង ខ្ញុំកំពុងឃ្លុំភួយ នៅក្នុងឡានភីកអាប់របស់ជីតារបស់ខ្ញុំ មើលព្រឹត្តិការណ៍នោះពីចម្ងាយ។ ឳពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា កាលនោះខ្ញុំបានគេងលក់ស្រួល ខណៈពេលដែលគាត់លើកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ព្រមទាំងកូនឆ្កែរបស់យើង ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព។ ពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ឃើញភ្លើងឆេះសន្ធោសន្ធៅ ខ្ញុំបានមកដល់កន្លែងសុវត្ថិភាពទៅហើយ។ ខ្ញុំមិនមានការភ័យខ្លាចទេ ព្រោះកាលនោះ ខ្ញុំនៅក្មេងពេក ហើយមានចិត្តឆ្ងល់ច្រើនពេក អំពីហេតុការណ៍នោះ។ ខ្ញុំនៅចាំអំពីការមួយចំនួន ដែលបានកើតឡើងនៅយប់នោះ។ ភ្លើងពិតជាមានកម្តៅខ្លាំងណាស់ ទោះបីជាខ្ញុំកំពុងនៅក្នុងឡានក៏ដោយ ហើយខ្ញុំថែមទាំងមើលភ្លើងឆេះនោះ យ៉ាងជក់ចិត្តទៀតផង។ ខ្ញុំក៏នៅនឹកចាំ អំពីការភ័យខ្លាចដែលមាននៅលើទឹកមុខរបស់មនុស្សគ្រប់គ្នា ដែលបារម្ភពីសុវត្ថិភាពរបស់អ្នកជាទីស្រឡាញ់របស់ខ្លួន បានជាពួកគេខំពិនិត្យមើលម្តងហើយម្តងទៀត។ ក្រោយមក ខ្ញុំក៏បានដឹងថា ឪពុករបស់ខ្ញុំបានសម្រុកចូល ទៅក្នុងផ្ទះដែលកំពុងឆាបឆេះ ដើម្បីរកមើលជីតារបស់ខ្ញុំទាំងជ្រួលច្របល់ ជាហេតុបណ្តាលឲ្យជីតារបស់ខ្ញុំ រត់ទៅឃាត់ឪពុករបស់ខ្ញុំ ព្រោះពេលនោះ គាត់មិនបាននៅក្នុងភ្លើងនោះទេ។ សេចក្តីក្លាហានរបស់ពួកគាត់ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកដែលបានមើលឃើញហេតុការណ៍ នៅយប់នោះ។ ក្រោយមក ខ្ញុំក៏បាននឹកចាំអំពីអគ្គីភ័យនោះ ជារៀងរាល់ពេលដែលខ្ញុំអានរឿងរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពេលដែលពួកគេត្រូវទទួលទោសប្រហារជីវិត ដោយសារមិនព្រមថ្វាយបង្គំស្តេច តាមព្រះរាជក្រឹត្យ(ដានីយ៉ែល ៣:១០-១២) ពួកគេក៏បានចូលទៅក្នុងគុកភ្លើង ដោយសេចក្តីក្លាហាន ដើម្បីព្រះដែលខ្លួនស្រឡាញ់(ខ.១៦-១៨)។ ហើយព្រះអម្ចាស់បានឈរនៅជាមួយពួកគេ នៅក្នុងគុកភ្លើងនោះ(ខ.២៥) បានជាពួកគេមិនត្រូវភ្លើងឆេះឡើយ។ ពេលដែល“អណ្តាតភ្លើង”នៃជីវិត ល្បងលយើង សូមឲ្យអ្នកដែលសង្កេតមើលយើង ទទួលស្គាល់ថា យើងពិតជាមានសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក និងចំពោះព្រះនៃយើងមែន។–Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ។–ដានីយ៉ែល ៣:១៧