
ទៅដល់ចុងបំផុត
September 27, 2014
មានពេលមួយ ខ្ញុំបានទៅបង្រៀនគ្រូគង្វាលជនជាតិរូស្ស៊ី នៅវិទ្យាស្ថានព្រះគម្ពីរម៉ូស្កូ។ នៅថ្ងៃទីមួយ ខ្ញុំបានចាប់ផ្តើមការបង្រៀន ដោយសុំឲ្យនិស្សិតម្នាក់ៗប្រាប់ឈ្មោះ និងកន្លែងដែលខ្លួនកំពុងធ្វើការបម្រើព្រះ ប៉ុន្តែ ក្នុងចំណោមនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលមាននិស្សិតម្នាក់ហ៊ានប្រកាស់ថា “ក្នុងចំណោមគ្រូគង្វាលទាំងអស់ ខ្ញុំជាគ្រូគង្វាលដែលមានចិត្តស្មោះត្រង់បំផុត ចំពោះមហាព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ!” ពេលនោះ ខ្ញុំគ្រាន់តែញញឹមដាក់គាត់ ដោយរកពាក្យនិយាយមិនចេញ ហើយគាត់ក៏និយាយទៀតថា “មហាព្រះរាជបញ្ជារបស់ព្រះ បានបង្គាប់ឲ្យយើងយកដំណឹងល្អ ទៅផ្សាយដល់ចុងបំផុតនៃផែនដី។ ហើយខ្ញុំជាគ្រូគង្វាល នៅភាគខាងជើងនៃតំបន់អាកទិកសឺឃល(Arctic Circle) គឺនៅក្នុងភូមិមួយ ដែលមានឈ្មោះហៅកាត់ថា ‘ចុងបំផុតនៃផែនដី!’” ពេលនោះ យើងក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្តចូលមេរៀន។ ថ្វីដ្បិតតែគ្រូគង្វាលរូបនេះ បាននិយាយកំប្លែងលេងមែន ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍ ចំពោះឈ្មោះឧបទ្វីបយ៉ាម៉ល(Yamal ដែលមានន័យថា “ចុងបំផុតនៃផែនដី”) ដែលជាកន្លែងដែលគាត់ធ្វើការបម្រើព្រះ។ នៅក្នុងព្រះបន្ទូលផ្តាំផ្ញើរចុងក្រោយ ទៅកាន់ពួកសិស្ស ព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ គ្រីស្ទបរិស័ទមានភារៈកិច្ចនាំដំណឹងល្អនៃឈើឆ្កាង ទៅដល់ចុងបំផុតនៃផែនដី ទោះជានៅឆ្ងាយដល់ណាក៏ដោយ។ ព្រះសង្គ្រោះបានសុគត ដើម្បីសង្រ្គោះមនុស្សក្នុងលោកិយ គឺរាប់បញ្ចូលមនុស្សដែលនៅទីជិត និងទីឆ្ងាយ។ យើងម្នាក់ៗសុទ្ធតែមានឱកាស នាំដំណឹងល្អ ទៅផ្សាយដល់មនុស្សដែលនៅ “ចុងបំផុតនៃកន្លែងដែលយើងអាចទៅដល់”។ ទោះបីជាអ្នកកំពុងរស់នៅទីណាក៏ដោយ ក៏អ្នកនៅតែអាចប្រាប់អ្នកដទៃ អំពីសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ។ តើអ្នកអាចផ្សាយប្រាប់អ្នកណា នៅថ្ងៃនេះ?–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅ ក្រុងយេរូសាឡិម ព្រមទាំងស្រុក យូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុត ផង។–កិច្ចការ ១:៨