
ទឹកចិត្ត
ដោយBill Crowder
February 1, 2015
ខ្ញុំចូលចិត្តទស្សនាកីឡាករដ៏អស្ចារ្យ ដែលបញ្ចេញជំនាញ និងចិត្តឆេះឆួលរបស់ខ្លួន ដោយការប្រឹងប្រែងអស់សមត្ថភាព នៅទីលានប្រកួត។ ការនេះបានបង្ហាញថា ពួកគេស្រឡាញ់ការប្រកួតនោះណាស់។ ផ្ទុយទៅវិញ ពេលដែលរដូវកាលនៃការប្រកួតដ៏វែង កំពុងតែឈានទៅរកវគ្គផ្តាច់ព្រាត់ ហើយមានក្រុមណាមួយប្រកួតចាញ់ ដែលជាហេតុបណ្តាលឲ្យបាត់បង់ឱកាស ដណ្តើមយកដំណែងជើងឯក ឬប្រកួតវគ្គផ្តាច់ព្រាត់ នោះជួនកាល កីឡាករមួយក្រុមនោះហាក់ដូចជា “គ្មានចិត្តឆេះឆួល” ក្នុងការប្រកួតទេ។ ការខ្វះភាពឆេះឆួលនេះ អាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ត ខណៈពេលដែលពួកគេបានចំណាយលុយទិញសំបុត្រ ចូលទស្សនាការប្រកួតដ៏ល្អនោះ។ យ៉ាងណាមិញ ភាពឆេះឆួលក៏ជាគន្លឹះដ៏សំខាន់ នៃជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ។ ទឹកចិត្តដែលយើងមានចំពោះព្រះអម្ចាស់ ត្រូវបានបង្ហាញចេញមក តាមរយៈរបៀបដែលយើងធ្វើការបម្រើទ្រង់។ សាវ័កប៉ុលមានប្រសាសន៍ថា ការងារដែលយើងធ្វើបម្រើព្រះ គឺរាប់បញ្ចូលទឹកចិត្តដែលយើងមាន នៅក្នុងការធ្វើការងារជាប្រចាំថ្ងៃផងដែរ។ តាមបទគម្ពីរអេភេសូរ ៦:៦-៧ យើងមិនត្រូវ “បម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចំណុចសំខាន់នៃបទគម្ពីរនេះ គឺបានបង្រៀនយើង ឲ្យធ្វើការងារ “ចេញពីចិត្ត”។ ខ្ញុំមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលទ្រង់ស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ហើយបានលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីជួយសង្រ្គោះខ្ញុំ។ នេះហើយជាមូលហេតុ ដែលខ្ញុំត្រូវធ្វើការបម្រើទ្រង់ ឲ្យអស់ពីចិត្ត។ ភាពឆេះឆួល ដែលកើតចេញ “ពីចិត្ត” ដែលចង់រស់នៅថ្វាយព្រះ នាំឲ្យយើងមានការឆ្លើយតបដ៏ល្អបំផុត ចំពោះព្រះមួយអង្គដែលបានលះបង់ច្រើនយ៉ាងនេះ ដើម្បីយើងរាល់គ្នា។–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
កុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជា បាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំង ធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត។–អេភេសូរ ៦:៦