
ការនិយាយត្រង់ ដែលមានប្រយោជន៍
ដោយBill Crowder
March 2, 2015
ម្តាយរបស់ខ្ញុំ មានចំណុចជាច្រើន ដែលខ្ញុំចូលចិត្ត ហើយអ្វីដែលខ្ញុំចូលចិត្តជាងគេនោះ គឺការនិយាយត្រង់របស់គាត់។ មានពេលជាញយដង ខ្ញុំចង់សុំយោបល់របស់គាត់ ដើម្បីដោះស្រាយបញ្ហាណាមួយ គាត់ច្រើនតែឆ្លើយដោយត្រង់ថា “បើមិនស្តាប់សម្តីម៉ាក់ទេ កុំសុំយោបល់ម៉ាក់អី ម៉ាក់នឹងមិនខំនិយាយអ្វីដែលកូនចង់ស្តាប់នេះទេ។ ម៉ាក់នឹងនិយាយតែអ្វីដែលចេញពីចិត្តម៉ាក់ប៉ុណ្ណោះ”។ នៅក្នុងពិភពលោក ដែលមនុស្សត្រូវប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន ការនិយាយត្រង់របស់ម្តាយខ្ញុំ គឺពិតជាលើកទឹកចិត្តខ្ញុំណាស់។ នេះក៏ជាលក្ខណៈសម្បត្តិ ដែលមិត្តភ័ក្រដ៏ពិតមានផងដែរ។ មិត្តភ័ក្រដ៏ពិតនិយាយការពិតមកកាន់យើង ដោយក្តីស្រឡាញ់ ទោះបីជាយើងមិនចង់ស្តាប់ក៏ដោយ គឺដូចដែលបទគម្ពីរសុភាសិតចែងថា “របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ”(សុភាសិត ២៧:៦)។ នេះក៏ស្ថិតនៅក្នុងចំណោមមូលហេតុ ដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវជាមិត្តដ៏ល្អប្រសើរបំផុត។ ពេលដែលទ្រង់ជួបស្ត្រីម្នាក់នៅក្បែរអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិនបានមានបន្ទូលមកកាន់នាង អំពើតម្រូវការខាងសាច់ឈាម ដែលជារឿងបន្ទាប់បន្សំឡើយ ផ្ទុយទៅវិញ ព្រះអង្គបានមានបន្ទូលស៊ីជម្រៅបំផុត អំពីតម្រូវការខាងវិញ្ញាណរបស់នាងវិញ។ ទ្រង់បង្ហាញឲ្យនាងយល់អំពីលក្ខណៈសម្បត្តិរបស់ព្រះវរបិតា ហើយមានបន្ទូលដោយក្តីស្រឡាញ់ អំពីក្តីស្រមៃរបស់នាង ដែលមិនអាចក្លាយជាការពិត និងអំពីការខកចិត្តដ៏ធ្ងន់បំផុតរបស់នាង។ ពេលដែលយើងដើរជាមួយព្រះអម្ចាស់ សូមយើងអនុញ្ញាតិឲ្យទ្រង់មានព្រះបន្ទូល ឲ្យយើងដឹងច្បាស់ អំពីស្ថានភាពជាក់ស្តែងនៃដួងចិត្តយើង តាមរយៈបទគម្ពីរ ដើម្បីឲ្យយើងងាកមករកព្រះអង្គ និងទទួលព្រះគុណព្រះអង្គ ជាជំនួយ នៅពេលណាយើងត្រូវការ ។–Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្ត...អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។–យ៉ាកុប ១:២៥