
ភាពមានបាននៃព្រលឹង
ដោយDavid C. McCasland
March 11, 2015
មានជាតិអាមេរិកជាច្រើន បានទិញឆ្នោតផ្សងសំណាង ដើម្បីឈ្នះទឹកប្រាក់ប្រហែល៦៤០លានដុល្លារ។ ទឹកប្រាក់ជាសរុប ដែលជនជាតិអាមេរិកទាំងនោះ បានចំណាយនៅក្នុងការទឹញឆ្នោតនោះ គឺប្រហែល១៥០០លានដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ នៅអាមេរិក ក្នុងដើមឆ្នាំ២០១២។ អ្វីដែលចម្លែកនោះ គឺពួកគេមានឱកាសឈ្នះ ១ក្នុងចំណោម១៧៦លាននាក់ ប៉ុន្តែ នៅតែមានមនុស្សម្នាឈរតម្រង់ជួរតាមហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងហាងកាហ្វេ ដើម្បីទិញឱកាសផ្សងសំណាង ក្លាយជាអ្នកមាន។ គំនិតខាងលោកីយ៍នាំឲ្យយើងគិតថា ការមានប្រាក់កាន់តែច្រើន គឺអាចដោះស្រាយបញ្ហា និងធ្វើឲ្យជីវភាពយើងបានប្រសើរជាងមុន។ តាមព្រះគម្ពីរ មានបុរសម្នាក់ឈ្មោះថា អេគើរ មានទស្សនៈអំពីភាពសប្បូរសប្បាយដែលខុសពីទស្សនៈខាងលើ។ គាត់បានទូលសូមការពីរយ៉ាងពីព្រះ មុនពេលគាត់ស្លាប់។ ទីមួយ : គាត់ទូលសូមព្រះថា “សូមកំចាត់សេចក្តីភូតភរ និងកុហកឲ្យឆ្ងាយពីទូលបង្គំ”(សុភាសិត ៣០:៨)។ ភាពស្អាតស្អំ ជាគន្លឹះនៃការរស់នៅ ដោយគ្មានការថប់បារម្ភ។ បើយើងគ្មានអ្វីត្រូវលាក់បាំងទេ នោះយើងក៏គ្មានអ្វីត្រូវភ័យខ្លាចដែរ។ ការបោកបញ្ឆោត នាំឲ្យយើងក្លាយជាទាសករ តែភាពស្មោះត្រង់រំដោះយើងឲ្យមានសេរីភាព។ ទីពីរ : គាត់បានទូលសូមថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំ ដោយអាហារដែលត្រូវការប៉ុណ្ណោះ”(ខ.៨)។ ការស្កប់ចិត្តកើតចេញមកពីការទុកចិត្តលើព្រះ ជាអ្នកផ្គត់ផ្គង់ ហើយព្រមទទួលការផ្គត់ផ្គង់មកពីទ្រង់ ដោយការដឹងគុណ។ លោកអេគើរបានទូលសរសើរព្រះអាទិករថា “តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន...ទ្រង់ជាខែលនៃអស់អ្នកដែលពឹងជ្រកក្នុងទ្រង់”(ខ.៤-៥)។ ភាពស្អាតស្អំ និងការស្កប់ចិត្ត ជាទ្រព្យសម្បត្តិស្តុកស្តមរបស់ព្រលឹង ដែលព្រះបានប្រទានមកយើងរាល់គ្នា។ ទ្រង់ប្រទានមកយើងរាល់គ្នាតាមខ្នាតនៃជំនឿ។–David McCasland
បទគម្ពីរប្រចាំថ្ងៃ
សូមកំចាត់សេចក្តីភូតភរ និងកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ។–សុភាសិត ៣០:៨