លោកវ៉ចមេន នី(Watchman Nee) ត្រូវបានគេចាប់ខ្លួន ដោយសារតែជំនឿលើព្រះគ្រីស្ទក្នុងឆ្នាំ១៩៥២ ហើយគាត់ត្រូវចំណាយពេលមួយជីវិត ក្នុងពន្ធនាគារ។ គាត់បានស្លាប់ ក្នុងបន្ទប់ឃុំឃាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេលក្មួយស្រីរបស់គាត់មកប្រមូលរបស់របរដែលគាត់មាន ឆ្មាំពន្ធនាគារបានប្រគល់ក្រដាសមួយសន្លឹកដែលគាត់បានឆ្លូលដាក់ នៅក្បែរគ្រែគេងរបស់គាត់។ នៅក្នុងក្រដាសនោះ គាត់បានសរសេរទីបន្ទាល់នៃជីវិតគាត់ យ៉ាងដូចនេះថា :
“ព្រះគ្រីស្ទជាព្រះបុត្រានៃព្រះ ដែលបានសុគតជំនួសមនុស្សមានបាប ហើយមានព្រះជន្មឡើងវិញនៅថ្ងៃទីបី។ នេះជាសេចក្តីពិតដ៏ធំប្រសើរបំផុត ក្នុងសកលលោក។ ខ្ញុំបានស្លាប់ដោយសារជំនឿលើព្រះគ្រីស្ទ”–ពីខ្ញុំវ៉ចមេន នី។
គេជឿថា សាវ័កប៉ុលក៏បានស្លាប់ ដោយសារជំនឿដែលគាត់មានចំពោះព្រះគ្រីស្ទផងដែរ។ នៅក្នុងសំបុត្រមួយច្បាប់ ដែលគាត់បានសរសេរមុនពេលគាត់ស្លាប់ គាត់បានលើកទឹកចិត្តអ្នកអានថា “ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ហើយខ្ញុំរងទុក្ខ…ប៉ុន្តែព្រះបន្ទូលមិនបានជាប់ចំណងទេ” (២ធីម៉ូថេ ២:៨-៩)។
ព្រះប្រហែលជាមិនបានត្រាស់ហៅយើង ឲ្យទៅស្លាប់ ក្នុងនាមជាស្មរបន្ទាល់ នៃសេចក្តីពិតនៃព្រះគ្រីស្ទ ដូចដែលអ្នកដើរតាមទ្រង់រាប់លានអ្នក បានធ្វើជាច្រើនសតវត្សរ៍មកហើយនោះទេ ប៉ុន្តែ ព្រះបានត្រាស់ហៅយើងឲ្យធ្វើជាស្មរបន្ទាល់ដ័៏រស់ នៃព្រះរាជកិច្ច ដែលទ្រង់បានធ្វើជួសយើង។ ទោះបីជាយើងនឹងទទួលលទ្ធផលយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចបង្ហាញចេញនូវទឹកចិត្តកត្តញ្ញូ ចំពោះអំណោយទាននៃព្រះគុណព្រះអង្គ ដោយប្រាប់មនុស្សទាំងឡាយ អំពីការអ្វីដែលព្រះយេស៊ូបានធ្វើ សម្រាប់យើង។–Dennis Fisher