បំពេញឆ្នាំដែលស៊ីបង្ខូច
គ្មាននរណាម្នាក់ ដែលអាចនិយាយថា ខ្លួនមិនចេះស្តាយក្រោយនោះឡើយ។ ជាញឹកញាប់ យើងបានសម្រេចចិត្តដើរផ្លូវខុស ដែលផ្លូវខ្លះវែងជាងផ្លូវផ្សេងទៀត ហើយក៏អាចបន្តជះឥទ្ធិពលមកលើគំនិត រូបកាយ និងវិញ្ញាណក្នុងរយៈពេលយូរផងដែរ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានរស់នៅក្នុងជីវិតដែលញៀនស្រា និងញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំ។ តែព្រះបានធ្វើការដ៏អស្ចារ្យក្នុងជីវិតគាត់ ហើយថ្មីៗនេះ គាត់បានធ្វើពិធីអបអរការផ្តាច់សារធាតុញៀន អស់រយៈពេល២៥ឆ្នាំ។ សព្វថ្ងៃនេះ គាត់កំពុងតែមានជោគជ័យក្នុងមុខជំនួញ គាត់មានភរិយាដែលមានការប្តូរប្តេជ្ញ ហើយកូនៗរបស់គាត់ក៏សុទ្ធតែជាអ្នកស្រឡាញ់ព្រះយេស៊ូវ។ គាត់មានចិត្តឆេះឆួលចង់ ឈោងចាប់អ្នកដទៃ ដែលកំពុងជាប់ខ្លួនក្នុងរណ្តៅនៃជីវិត ហើយគាត់បានបម្រើការជាគ្រូបង្រៀនផ្ទាល់ខ្លួន ដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់ នៅក្នុងប្រតិបត្តិការណ៍សង្រ្គោះជីវិតពួកគេ។ ព្រះមិនដែលបោះបង់យើងចោលឡើយ! ទោះបីជាយើងបានធ្វើការសម្រេចចិត្តខុស ក្នុងពេលកាលពីមុន ដែលធ្វើឲ្យយើងមានវិបត្តិសារីក៏ដោយ ក៏យើងនៅតែអាចសម្រេចចិត្តជ្រើសរើសផ្លូវនៃជីវិត ក្នុងពេលឥឡូវនេះ។ យើងអាចសម្រេចចិត្ត ថាតើយើងត្រូវបន្តរស់នៅក្នុងជីវិតដែលហិនហោច ដោយគ្រាន់តែខំលេបវិបត្តិសារី ឬយើងត្រូវរត់ទៅរកព្រះគ្រីស្ទ ដោយជឿថា ទ្រង់មានផ្លូវ “នៃការបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេលដែលយើងស្វែងរកការប្រោសឲ្យជា និងអំណាចនៃការរំដោះរបស់ទ្រង់ ដោយការប្រែចិត្តចេញពីអំពើបាប នោះយើងនឹងបានទទួលសេចក្តីមេត្តាករុណាពីទ្រង់មិនខាន។ ទោះបីជាយើងនៅតែទទួលផលវិបាក ពីការអ្វីដែលយើងបានធ្វើពីអតីតកាលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះទ្រង់មានអនាគតដ៏ល្អ និងរុងរឿង សម្រាប់អ្នកដែលទុកចិត្តលើទ្រង់!–Joe Stowell
Read article