
ប្រព័ន្ធកិត្តិយស
ដោយCindy Hesskasper
April 12, 2015
នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិយស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។ ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់កម្លាំងពលកម្ម ដែលមានបានបញ្ចេញនៅក្នុងសួនច្បារបស់នាង។ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់កិត្តិយស ដោយសារបានប្រព្រឹត្តដូចនោះ។ ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា យើងក៏អាចស្មោះត្រង់ក្នុងការធំផងដែរ (លូកា ១៦:១០)។ ភាពស្មោះត្រង់ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង គឺជាវិធីដែលយើងអាចនាំព្រះកិត្តិនាមថ្វាយព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះនៃយើង។ បទគម្ពីរកូល៉ុស ៣:១៧ ក៏បានចែងអំពី “ប្រព័ន្ធកិត្តិយស” សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ យ៉ាងដូចនេះថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ”។–Cindy Kasper
បទគម្ពីរប្រចាំថ្ងៃ
អ្នកណាដែលស្មោះត្រង់ក្នុងការតូចបំផុត នោះក៏ឈ្មោះថា ស្មោះត្រង់ក្នុងការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងការដ៏ធំដែរ។–លូកា ១៦:១០