
និទានរឿង
ដោយMarvin Williams
April 13, 2015
នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។ អ្នកនិពន្ធទំនុកដំកើង ជំពូក៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយក៏បានដឹងអំពីមនុស្សមួយជំនាន់ដែលកំពុងវង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យបន្តនិយាយប្រាប់មនុស្សជំនាន់ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោលដៅនៃការរំឭកឡើងវិញអំពីប្រវត្តិសាស្រ្តរបស់ពួកគេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែក៏ដើម្បីលើកទឹកចិត្តពួកគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយដើម្បីជួយការពារមនុស្សជំនាន់ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។ ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់ នៅក្នុងការនិយាយប្រាប់គេ អំពីរឿងរបស់ទ្រង់ ដើម្បីលើកទឹកចិត្តគេ ឲ្យមានជំនឿ និងការស្តាប់បង្គាប់ ក្នុងជំនាន់ថ្មី។–Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
គឺនឹងប្រកាសពីអស់ទាំងសេចក្តីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព និង ការអស្ចារ្យ ដែលទ្រង់បានធ្វើផង។–ទំនុកដំកើង ៧៨:៤