មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជាមួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើងបានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នកប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។
នៅសម័យបុរាណ មានក្មេងប្រុសម្នាក់ឈ្មោះ សាំយ៉ូអែលក៏បានឮសម្លេងគេ “ហៅឈ្មោះ” ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “មិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ”(ខ.៧) ដូចនេះ លោកអេលីដែលជាពួកសង្ឃ នៃព្រះវិហារព្រះអម្ចាស់ ត្រូវតែជួយប្រាប់គាត់ថា នរណាកំពុងតែហៅឈ្មោះគាត់ (ខ.៨-៩)។ បន្ទាប់មក ព្រះទ្រង់ក៏បានបើកសម្តែងផែនការទ្រង់ សម្រាប់ជីវិតរបស់លោកសាំយ៉ូអែល។
យ៉ាងណាមិញ ព្រះអម្ចាស់ក៏មានផែនការសម្រាប់យើងផងដែរ ហើយទ្រង់បានមានបន្ទូលមកកាន់ចិត្តយើងម្នាក់ៗថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ នេះហើយជាការត្រាសហៅ ដែលទ្រង់មានចំពោះយើង ដើម្បីឲ្យយើងទទួលអំណោយនៃសេចក្តីសង្រ្គោះ ការសម្រាក និងសន្តិភាពពីទ្រង់។ ព្រះសង្គ្រោះកំពុងតែត្រាសហៅឲ្យយើងមករកទ្រង់។–Anne Cetas