
ចូរស្ងៀមទៅ ហើយឈប់ចុះ
ដោយJoe Stowell
May 29, 2015
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះ អេឡូវីស(Elouise) មានវិធីសាស្រ្តដ៏អស្ចារ្យ ដើម្បីធ្វើឲ្យជីវិតមានទស្សនៈវិស័យដ៏ឆ្លាតវ័យ។ ពេលដែលខ្ញុំសួរនាងថា “តើអ្នកសុខសប្បាយទេ ថ្ងៃនេះ?” ខ្ញុំបានរំពឹងថា នាងនឹងឆ្លើយតបដូចពេលរាល់ដងថា “សុខសប្បាយជាទេ” ។ តែផ្ទុយទៅវិញ នាងឆ្លើយថា “ខ្ញុំត្រូវតែដាស់ទ្រង់ឲ្យភ្ញាក់ឡើង!” ពេលដែលខ្ញុំសួរនាងថា តើនាងកំពុងនិយាយអំពីអ្វី នាងក៏ឆ្លើយរបៀបលេងសើចថា “តើអ្នកមិនមើលព្រះគម្ពីរទេឬ បានជាមិនដឹង?” បន្ទាប់មកនាងក៏បានពន្យល់ថា “ពេលដែលពួកសាវ័កជួបគ្រោះភ័យ ពួកគេបានប្រញាប់ទៅដាស់ព្រះយេស៊ូវឲ្យភ្ញាក់ពីដំណេក។ ដូចនេះ ខ្ញុំក៏នឹងទៅដាស់ទ្រង់ផងដែរ!” ទាក់ទងនឹងរឿងនេះ យើងអាចសួរខ្លួនឯងថា ពេលដែលយើងទាល់ច្រក ពេលមានគ្រោះភ័យ ដោយមិនដឹងជារត់គេចទៅណា តើយើងនឹងធ្វើដូចម្តេច? យើងប្រហែលជាប្រញាប់ទៅរកព្រះយេស៊ូវ ដូចពួកសាវ័ករបស់ទ្រង់ នៅពេលដែលពួកគេកំពុងជួបខ្យល់ព្យុះដែលកំពុងគំរាមកំហែងជីវិតរបស់ពួកគេដែរហើយ(ម៉ាកុស ៤:៣៥-៤១)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងប្រហែលជាចង់រំដោះខ្លួនចេញពីបញ្ហា ដោយខំរកឱកាសសងសឹក ឬនិយាយអាក្រក់ពីអ្នកដែលបានធ្វើបាបយើង ឬក៏គ្រាន់តែចូលទៅសង្ងំនៅគៀនជញ្ជាំង ពេលដែលយើងផុងខ្លួនកាន់តែជ្រៅទៅៗ ចូលទៅក្នុងភាពអស់សង្ឃឹម។ យើងចាំបាច់ត្រូវរៀនសូត្រ ពីពួកសិស្សដែលបានគេចទៅរកព្រះយេស៊ូវ ដែលជាក្តីសង្ឃឹមតែមួយរបស់ពួកគេ។ ទ្រង់ប្រហែលជាមិនរំដោះខ្លួនយើង ឲ្យរួចភ្លាមៗឡើយ តែការដែលយើងនឹកចាំថា ទ្រង់តែងតែគង់នៅក្នុងទូកជាមួយយើងជានិច្ច ពិតជាអាចជួយកែប្រែស្ថានភាពរបស់យើងបាន។ យើងអរព្រះគុណទ្រង់ ដែលតែងតែគង់នៅជាមួយយើងជានិច្ច នៅក្នុងព្យុះនៃជីវិត ដោយមានបន្ទូលយ៉ាងដូចនេះថា “ចូរស្ងៀមទៅ ហើយឈប់ចុះ”(ខ.៣៩)។ ដូចនេះ ចូរស្វែងរកទ្រង់ ក្នុងព្យុះរបស់អ្នក ហើយអនុញ្ញាតឲ្យទ្រង់បំពេញចិត្តអ្នក ដោយសន្តិភាព ដែលទទួលបានពីការដឹងថា ទ្រង់នៅក្បែរ។–Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ ឈឹងសូន្យទាំងអស់ទៅ។–ម៉ាកុស ៤:៣៩