ព្រឹក

គ្រូពេទ្យជនបទ
ដោយDennis Fisher
June 25, 2015
លោកស៊ីនគ្លែរ លូវីស(Sinclair Lewis) ជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា វិថីសំខាន់ ដែលនិយាយអំពីដំណើរជីវិតរបស់អ្នកស្រីខារ៉ូល(Carol) ដែលជាអ្នកទីក្រុងដ៏ទាន់សម័យម្នាក់ ដែលបានរៀបការជាមួយវេជ្ជបណ្ឌិតជនបទ។ នាងមានអារម្មណ៍ថា ខ្លួនមានភាពខ្ពង់ខ្ពស់ជាងអ្នកដទៃ នៅក្នុងទីក្រុងដ៏តូច ដែលនាងទើបតែបានផ្លាស់មករស់នៅ។ ប៉ុន្តែ អាកប្បកិរិយ៉ាដែលស្វាមីរបស់នាងមាន នៅក្នុងការជួយអ្នករបួស បានធ្វើឲ្យនាងគិតឡើងវិញ អំពីភាពវាយឫករបស់នាង។ ពេលនោះមានកសិករអន្តោប្រវេសន្ត ម្នាក់មានរបួសដៃជាទម្ងន់ ដែលត្រូវកាត់ដៃនោះចោល។ អ្នកស្រីខារ៉ូលក៏បានមើលទៅស្វាមីរបស់នាង ដោយចិត្តកោតសរសើរ ពេលដែលគាត់កំពុងនិយាយកម្សាន្តចិត្តបុរសដែលមានរបួស និងភរិយារបស់គាត់ ដែលកំពុងពិបាកចិត្ត។ អាកប្បកិរិយ៉ាដែលចេះឈឺឆ្អាល ដែលមានលក្ខណៈជាអ្នកបម្រើ របស់លោកគ្រូពេទ្យម្នាក់នេះ បានជម្រុញឲ្យអ្នកស្រីខារ៉ូលចង់កែប្រែផ្នត់គំនិតដែលពេញដោយអំនួត។ ក្នុងទំនាក់ទំនងរបស់យើង ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងអាចសម្រេចចិត្តថា តើយើងត្រូវគិតថា យើងមានភាពខ្ពង់ខ្ពស់ជាងអ្នកដទៃ ឬគិតថា យើងត្រូវបម្រើប្រយោជន៍អ្នកដទៃ។ សាវ័កប៉ុលបានប្រាប់យើងថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។ កាលណាយើងផ្តោតទៅលើគំរូរបស់ព្រះយេស៊ូវ នោះយើងអាចរៀនគិតថា សេចក្តីត្រូវការរបស់អ្នកដទៃ មានភាពសំខាន់ជាងតម្រូវការរបស់យើង។ ទ្រង់បានយក “រូបភាពជាបាវបម្រើ” ហើយបានលះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា (ខ.៥-៨)។ ពេលដែលយើងមិនបានឲ្យតម្លៃអ្នកដទៃ នោះសូមយើងមើលទៅការលះបង់ដែលទ្រង់មានសម្រាប់យើង ដែលបានបង្ហាញផ្លូវដែលល្អជាង គឺផ្លូវនៃការបន្ទាបខ្លួន។–Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ។–ភីលីព ២:៣
ប្រភេទ
ល្ងាច

ថ្ងៃដែលពិបាកបំផុត
ដោយAnne Cetas
June 25, 2015
ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅក្នុងអាងទឹក ពេលដែលខ្យល់កួចយក្សថូនេដូ បានបំផ្លិចបំផ្លាញទីក្រុងចូពលីន(Joplin) រដ្ឋមីសូរី។ ប្តីរបស់នាងបានយកខ្លួនគាត់មកគ្របពីលើនាង ហើយក៏បានត្រូវកម្ទេចកំទីប៉ើងចំរហូតដល់បាត់បង់ជីវិត។ នាងក៏បានរួចជីវិត ដោយសារការលៈបង់របស់គាត់នៅថ្ងៃនោះ។ ក្រោយមក នាងក៏ចេះតែសួរខ្លួនឯងថា “តើហេតុអ្វី?” ប៉ុន្តែ រយៈពេលមួយឆ្នាំបន្ទាប់ពីមានគ្រោះមហន្តរាយខ្យល់កួចយក្សថូនេដូមក នាងក៏បាននិយាយថា នាងរកឃើញការកម្សាន្តចិត្ត ដោយដឹងថា នឹងនៅតែបានទទួលសេចក្តីស្រឡាញ់ សូម្បីតែក្នុងថ្ងៃដែលវេទនាបំផុតក៏ដោយ។ យ៉ាងណាមិញ ពេលដែលខ្ញុំគិតអំពី “ថ្ងៃដែលវេទនាបំផុត” ខ្ញុំតែនឹកឃើញលោកយ៉ូប។ គាត់ជាបុរសដែលស្រឡាញ់ព្រះ គាត់បានបាត់បង់សត្វចិញ្ចឹមទាំងហ្វូង រួចទាំងអ្នកបម្រើ ហើយថែមទាំងបាត់បង់កូនទាំង១០នាក់ នៅក្នុងរយៈពេលតែមួយថ្ងៃ (យ៉ូប ១:១៣-១៩)។ លោកយ៉ូបក៏បានទួញសោកយ៉ាងខ្លាំង ហើយគាត់ក៏បានសួរផងដែរថា “ហេតុអ្វី?” គាត់បានស្រែកយំថា “បើទូលបង្គំបានធ្វើបាប នោះតើទូលបង្គំត្រូវធ្វើអ្វីដល់ទ្រង់ ហេតុអ្វីបានជាទ្រង់បានដាក់ទូលបង្គំទុកដូចជាទីបាញ់វង់របស់ទ្រង់?”(៧:២០)។ មិត្តភ័ក្ររបស់លោកយ៉ូបបានចោទប្រកាន់ថា គាត់បានធ្វើអំពើបាប ហើយគិតថា គាត់សមនឹងទទួលរងទុក្ខវេទនាទាំងអស់នេះ ប៉ុន្តែ ព្រះបានមានបន្ទូលអំពីមិត្តភ័ក្ររបស់គាត់ថា “អញមានសេចក្តីកំហឹងខឹងនឹងឯងហើយ ព្រមទាំងគូកនឯងទាំង២នេះផង ដ្បិតឯងរាល់គ្នា មិនបាននិយាយសេចក្តីដែលត្រឹមត្រូវពីអញ ដូចជាយ៉ូប ជាអ្នកបំរើអញទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់ (៤២:១-៦)។ ព្រះអម្ចាស់ប្រហែលជាមិនបានប្រាប់យើង ពីមូលហេតុដែលយើងរងទុក្ខឡើយ។ ប៉ុន្តែ សូមយើងអរព្រះគុណទ្រង់ ព្រោះសូម្បីតែក្នុងថ្ងៃដែលយើងមានការពិបាកបំផុត ក៏យើងនៅតែអាចដឹងច្បាស់ថា ទ្រង់ស្រឡាញ់យើង (រ៉ូម ៨:៣៥-៣៩)។–Anne Cetas
បទគម្ពីរប្រចាំថ្ងៃ
ទូលបង្គំនឹងនិយាយដោយសេចក្តីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយសេចក្តីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ។–យ៉ូប ៧:១១