ពាក្យសម្តីដែលយើងនិយាយ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “អ្នកប្រាជ្ញជជែកអំពីទ្រឹស្តី អ្នកចេះដឹងកំរិតមធ្យមជជែកគ្នាអំពីព្រឹត្តិការណ៍ មនុស្សមានគំនិតតូចជជែកគ្នាអំពីមនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើងមានវិធីសាស្រ្តជាច្រើន សម្រាប់និយាយអំពីមនុស្សណាម្នាក់ ដោយផ្តល់កិត្តិយសឲ្យពួកគេ។ ប៉ុន្តែ ពាក្យស្លោកខាងលើនេះ និយាយសង្កត់ធ្ងន់ទៅលើការនិយាយមិនល្អអំពីអ្នកដទៃ។ ក្នុងពិភពលោកសព្វថ្ងៃ យើងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាកាសែត វិទ្យុ ទូរទស្សន៍ និងនៅលើគេហទំព័របណ្តាញសង្គមជាដើម ដែលនិយាយអំពីជីវិត ឬរឿងផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួន តាមរបៀបដែលមិនសមរម្យ។ ការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ តាមប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានការកើនឡើងកាន់តែខ្លាំង បានជាមនុស្សក្នុងសម័យនេះ ច្រើនតែយល់ថា ការនិយាយដើមគ្នាបានក្លាយជារឿងធម្មតាទៅហើយ ដូចនេះ មិនមែនមានតែអ្នកមាន និងបុគ្គលដែលល្បីឈ្មោះប៉ុណ្ណោះទេ ដែលគេលើកមកនិយាយដើមនោះ។ បានជានៅតាមកន្លែងធ្វើការ ពួកជំនុំ នៅក្បែរផ្ទះ និងក្នុងគ្រួសារយើង មានមនុស្សជាច្រើន ដែលបានក្លាយជាគោលដៅ នៃការនិយាយដើម ដោយអណ្តាតដ៏មុតស្រួច ហើយពួកគេមានការឈឺចាប់ណាស់ ពេលដែលបានដឹងថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការនិយាយដើម ដែលការនេះមិនគួរកើតមានសោះ។ ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសចេញ ពីការប្រើពាក្យសម្តី ដែលធ្វើឲ្យអ្នកដទៃឈឺចាប់? ជាការពិតណាស់ យើងអាចជៀសវាងការនិយាយដើមអ្នកដទៃបាន ពេលដែលយើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកដែលស្តាប់ឮពាក្យសម្តីគ្រប់ម៉ាត់ ដែលយើងនិយាយចេញមក ទោះជានៅពេលណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងមានជីវិតរស់នៅ ដែលល្អប្រសើរជាងនេះ។…
Read article