
ក្តីសង្ឃឹមដ៏មានពរ
ដោយCP Hia
August 12, 2015
មានហោរាក្លែងក្លាយច្រើនណាស់ ដែលបានថ្លែងទំនាយ អំពីកាលបរិច្ឆេទនៃចុងបញ្ចប់នៃពិភពលោក តែថ្ងៃខែដែលពួកគេបានទាយនោះ ក៏បានកន្លងផុតទៅ ហើយពិភពលោកនៅតែមិនទាន់ដល់ទីបញ្ចប់ ដូចបទទំនាយរបស់ពួកគេឡើយ។ បទទំនាយទាំងនោះបានធ្វើឲ្យមនុស្សមានការថប់បារម្ភ ហើយច្រើនតែធ្វើឲ្យពួកគេមានការភ័យខ្លាចទៀតផង។ ត្រង់ចំណុចនេះ ព្រះគម្ពីរពិតជាបានចែងអំពី “ថ្ងៃនៃព្រះអម្ចាស់” ដែលជាថ្ងៃព្រះអង្គយាងមកវិញម្តងទៀត។ ថ្ងៃនោះនឹងមកដល់ ប៉ុន្តែ មានតែព្រះទេដែលដឹងថា ព្រះយេស៊ូវនឹងយាងមកនៅថ្ងៃណា។ អ្នកដើរតាមព្រះយេស៊ូវ ត្រូវរង់ចាំថ្ងៃនោះឯង។ យ៉ាងណាមិញ សាវ័កពេត្រុសបានប្រាប់យើង អំពីរបៀបដែលអ្នកជឿព្រះ អាចរស់នៅ ដោយអំណរ ដោយមានគោលបំណង ខណៈពេលដែលយើងកំពុងរង់ចាំថ្ងៃនោះមកដល់(១ពេត្រុស ៣:១០-១៨)។ គឺយើងអាចរស់នៅ ដោយមើលទៅនគរស្ថានសួគ៌ និងរស់នៅក្នុងជីវិត ដែលថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ(ខ.១១)។ ហើយយើងអាចពិនិត្យមើលក្នុងចិត្តយើង ដោយមានចិត្តឧស្សាហ៍ ឲ្យព្រះអង្គបានឃើញយើងជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្តីមេត្រីនឹងព្រះអង្គ(ខ.១៤)។ រួចយើង អាចមើលទៅខាងក្រៅខ្លួនយើង ដោយប្រុងប្រយ័ត្ន មិនឲ្យវង្វេងចេញតាមឥទ្ធិពលអាក្រក់របស់អ្នកដទៃ(ខ.១៧)។ តើយើងអាចធ្វើការទាំងអស់នេះ ដោយរបៀបណា? គឺដោយ “ចំរើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(ខ.១៨)។ ពេលដែលបុគ្គលិកលក្ខណៈរបស់យើងមានការលូតលាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដែលបានកត់ទុកក្នុងព្រះគម្ពីរ នោះយើងក៏ចាប់ផ្តើមមានទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងព្រះយេស៊ូវ ដែលជាព្រះបន្ទូលដ៏រស់។ ព្រះវិញ្ញាណបរិសុទ្ធ ប្រើព្រះបន្ទូលព្រះ ដើម្បីដឹកនាំយើង ក្នុងការរស់នៅឲ្យបានត្រឹមត្រូវ។ អ្នកដើរតាមព្រះយេស៊ូវ មិនគួរមានការភ័យខ្លាច ចំពោះថ្ងៃដែលព្រះអម្ចាស់យាងមកវិញម្តងទៀតឡើយ។ ដ្បិតព្រះដ៏ជាមហាក្សត្រ នឹងយាងមកវិញ ដើម្បីរៀបចំអ្វីៗឲ្យត្រឹមត្រូវឡើងវិញ ព្រមទាំងគ្រងរាជជារៀងរហូត។ ដូចនេះ យើងរង់ចាំថ្ងៃនោះ ដោយអំណរបំផុត។ ថ្ងៃនោះជា “សេចក្តីសង្ឃឹមដ៏មានពរ”របស់យើង(ទីតុស ២:១៣)។—C.P.Hia
បទគម្ពីរប្រចាំថ្ងៃ
[យើង]រង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង។—ទីតុស ២:១៣