
ជិតស្កប់ចិត្តមែនទេ?
ដោយBill Crowder
September 5, 2015
ពេលដែលខ្ញុំបោះជំហានដើរចូលកន្លែងចតរថយន្ត របស់ភោជនីយដ្ឋាន បន្ទាប់ពីញាំអាហារថ្ងៃត្រង់ហើយ ខ្ញុំក៏បានឃើញរថយន្តភិកអាប់ មួយគ្រឿង កំពុងតែបោះពួយយ៉ាងលឿនកាត់តាមចំណត ដែលរថយន្តជាច្រើនកំពុងចតនៅទីនោះ។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើលអ្នកបើកបរដែលគ្មានការប្រុងប្រយ័ត្ននេះ ខ្ញុំក៏កត់សំគាល់ឃើញថា ពីលើស្លាកលេខខាងមុខរបស់រថយន្តនោះ មានអក្សរសរសេរថា “ជិតស្កប់ចិត្ត”។ ខ្ញុំក៏បានគិតថា តើពាក្យមួយឃ្លានេះ ចង់មានន័យថាដូចម្តេច។ បន្ទាប់មក ខ្ញុំក៏បានសន្និដ្ឋានថា ពាក្យថា “ជិតស្កប់ចិត្ត” ជាពាក្យមិនពិត។ មនុស្សយើងមានពេលដែលស្កប់ចិត្ត ឬមិនស្កប់ចិត្តតែម្ដង តែយើងមិនដែលជិតស្កប់ចិត្តឡើយ។ ខ្ញុំបានទទួលស្គាល់ថា ការស្កប់ចិត្ត មិនមែនជារឿងងាយស្រួលឡើយ។ យើងកំពុងរស់នៅក្នុងលោកីយ៍មួយ ដែលចេះតែបំពេញសេចក្តីប៉ងប្រាថ្នាផ្ទាល់ខ្លួន ថែមហើយថែមទៀត បានជាយើងស្ទើរតែមិនអាចស្កប់ចិត្ត នឹងការអ្វីមួយបានឡើយ។ តែ រឿងនេះមិនមែនទើបតែកើតមានក្នុងសម័យយើងនេះទេ។ កណ្ឌគម្ពីរហេព្រើរបានលើកឡើងអំពីបញ្ហានេះ យ៉ាងដូចនេះថា “ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។ ដើម្បីជម្នះចិត្តដែល “ចេះតែចង់បានអ្វីៗទាំងអស់” យើងត្រូវស្វែងរកការស្កប់ចិត្ត ដែលមាននៅក្នុងព្រះវត្តមាននៃព្រះដ៏មានព្រះជន្មរស់។ ព្រះអង្គអាចបំពេញសេចក្តីត្រូវការ និងការចង់បានរបស់យើង យ៉ាងគ្រប់គ្រាន់ ហើយមានតែព្រះអង្គទេ ដែលអាចឲ្យយើងមានសន្តិភាពក្នុងចិត្ត និងការស្កប់ចិត្ត ដែលយើងមិនអាចរកបាន ក្នុងការដេញតាមអ្វីៗ ក្នុងជីវិតនេះ។ តើយើងជិតស្កប់ចិត្តហើយមែនទេ? ទេ នេះជារឿងដែលមិនដែលកើតមានឡើយ។ នៅក្នុងព្រះគ្រីស្ទ យើងអាចស្គាល់ការស្កប់ចិត្តដ៏ពិតបាន។—Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
ចូរឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានព្រះបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ។”—ហេព្រើរ ១៣:៥