
អំណាចនៃការលើកទឹកចិត្ត
ដោយMarvin Williams
September 10, 2015
នៅក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវថ្មីៗនេះ គេបានសម្ភាសនិយោជិកប្រមាណជា ២សែននាក់ ដើម្បីស្វែងយល់ អំពីចំណុចខ្វះខាត ដែលពួកគេត្រូវការ ដើម្បីធ្វើការងារឲ្យកាន់តែមានប្រសិទ្ធិភាព។ ការសិក្សានោះបានធ្វើការសន្និដ្ឋានថា ការឲ្យតម្លៃ និងការលើកទឹកចិត្តគឺជាអ្វីដែលពួកគេចង់បានបំផុត ពីថ្នាក់លើរបស់ពួកគេ។ ការស្រាវជា្រវនេះបញ្ជាក់ថា ការលើកទឹកចិត្តគឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស។ លោកសាវ័កប៉ុលហាក់ដូចជាបានយល់ច្បាស់ថា នេះក៏ជាតម្រូវការជាមូលដ្ឋានរបស់ពួកជំនុំ នៅឯក្រុងកូរិនថូសផងដែរ ដូច្នេះហើយ មុនពេលដែលគាត់ប្រៀនប្រដៅពួកគេ ដោយភាពម៉ឺងម៉ាត់ គាត់បាននិយាយលើកទឹកចិត្ត ជាមុនសិន។ ក្នុងនាមជាអ្នកដឹកនាំខាងឯព្រលឹងវិញ្ញាណរបស់ពួកគេ លោកប៉ុលបានចាប់ផ្តើមសរសេរសំបុត្រទៅកាន់ពួកគេ ដោយនិយាយអរព្រះគុណដល់ព្រះ ដោយព្រោះព្រះគុណ ដែលបានប្រទានមក ក្នុងជីវិតរបស់ពួកគេ។ កាលពីដើមពួកគេបាននៅដាច់ឆ្ងាយពីព្រះ ប៉ុន្តែ ឥឡូវនេះ ពួកគេគឺជាអ្នកជឿ ដែលមានចំណែកនៅក្នុងព្រះគុណរបស់ទ្រង់ ដោយសារការសុគត និងការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ។ ពួកគេបាននៅជាប់ព្រះយេស៊ូវហើយ ដូចនេះ ពួកគេទទួលបានជីវិតខាងឯព្រលឹងវិញ្ញាណ ពីព្រះអង្គមក ហើយផលផ្លែនៃសេចក្តីប្រកបនេះ ជាការចម្រើនឡើងខាងឯព្រលឹងវិញ្ញាណ នៅក្នុងការគោរពប្រតិបត្តិដល់ព្រះ(១កូរិនថូស ១:៤-៧)។ លោកសាវ័កប៉ុលបានអរព្រះគុណដល់ព្រះជាប់ជានិច្ច ដោយព្រោះទ្រង់បានធ្វើការនៅក្នុងជីវិតរបស់ពួកអ្នកជឿ នៅក្រុងកូរិនថូស។ ខ្ញុំអាចស្រមៃឃើញថា ពួកគេអាចរងទ្រាំនូវការរិះគន់ធ្ងន់ៗពីលោកប៉ុលបាន គឺដោយព្រោះតែពាក្យលើកទឹកចិត្តដ៏ស្រទន់របស់គាត់។ នៅពេលយើងឃើញគេកំពុងស្ដាប់បង្គាប់ព្រះ នោះសូមចំណាយពេលលើកទឹកចិត្តពួកគេ ហើយអរព្រះគុណដល់ព្រះ សម្រាប់ការដែលទ្រង់កំពុងធ្វើតាមរយៈពួកគេ។-Marvin Williams
បទគម្ពីរប្រចាំថ្ងៃ
ខ្ញុំអរគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្ដល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ។—១កូរិនថូស ១:៤