
ធ្វើកាន់តែច្រើនសន្ធឹក
ដោយJulie Ackerman Link
October 3, 2015
អស់រយៈពេលបួនប្រាំឆ្នាំមកហើយ ដែលខ្ញុំ និងក្មួយស្រីរបស់ខ្ញុំ មានការសន្ទនាផ្សេងៗ ម្តងម្កាលអំពីស្ថានភាពក្នុងគ្រួសារយើង។ មានពេលមួយនាងបានប្រាប់ខ្ញុំថា “អ្នកមីង ជូលី(Julie) រឿងនោះនឹងមិនអាចកើតឡើងបានឡើយ។ អ្នកមីងគួរតែឈប់គិតពីរឿងនោះទៀតទៅ”។ ខ្ញុំក៏តបនាងវិញថា “តែ វាមិនមែនជារឿងដែលមិនអាចកើតឡើងនោះទេ”។ មានពេលខ្លះ ពេលដែលយើងមានការសន្ទនាដូចនេះ ខ្ញុំគ្រាន់តែនិយាយប្រាប់នាងថា “មីងដឹងថា វាអាចកើតឡើងបាន ដោយសារមីងបានស្តាប់រឿងជាច្រើន ដែលនិយាយអំពីការដែលព្រះអាចធ្វើឲ្យរឿងដែលមិនអាចទៅរួច ក្លាយជារឿងដែលអាចកើតឡើងបាន”។ តែទន្ទឹមនឹងនោះ ខ្ញុំបានប្រាប់ខ្លួនឯងថា “តែ រឿងនោះបានកើតឡើង តែនៅក្នុងគ្រួសាររបស់អ្នកដទៃ គឺមិនដែលឃើញកើតមានក្នុងគ្រួសារយើងទេ”។ ថ្មីៗនេះ គ្រូគង្វាលរបស់ខ្ញុំ បានយកបទគម្ពីរអេភេសូរមកអធិប្បាយព្រះបន្ទូល។ នៅចុងបញ្ចប់នៃកម្មវិធីថ្វាយបង្គំព្រះក្នុងព្រះវិហាររបស់យើង យើងតែងតែសូត្របទគម្ពីរអេភេសូរ ៣:២០-២១ ដែលចែងថា “ឯព្រះដែលទ្រង់អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី តាមព្រះចេស្តា ដែលបណ្តាលក្នុងយើងរាល់គ្នា នោះសូមឲ្យទ្រង់បានសិរីល្អ នៅក្នុងពួកជំនុំ ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។” ឆ្នាំនេះ ជាឆ្នាំដែលព្រះអង្គបានសម្រេចព្រះទ័យ “ធ្វើការកាន់តែច្រើនហួសសន្ធឹក” ក្នុងគ្រួសាររបស់ខ្ញុំ។ ព្រះអង្គបានជំនួសការសោះអង្គើយ ដោយសេចក្តីស្រឡាញ់។ តើព្រះអង្គបានធ្វើការនេះ ដោយរបៀបណា? ខ្ញុំមិនអាចបរិយ៉ាយបានទេ។ តែខ្ញុំបានឃើញការនេះកើតឡើង ក្នុងគ្រួសារខ្ញុំមែន។ ហើយហេតុអ្វីខ្ញុំគួរតែមានការភ្ញាក់ផ្អើល? បើសាតាំងអាចធ្វើឲ្យសេចក្តីស្រឡាញ់ ប្រែក្លាយជាភាពសោះអង្គើយ នោះព្រះពិតជាអាចធ្វើឲ្យភាពសោះអង្គើយ ប្រែក្លាយជាសេចក្តីស្រឡាញ់វិញ។—Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍។—១យ៉ូហាន ៤:៤