រនាំងនៃសេចក្តីស្រឡាញ់

កាលពីមុន ខ្ញុំបានឮសម្លេងសត្វចាបយំ ដ៏កំសត់ ចេញពីចំហៀងផ្ទះរបស់អ្នកជិតខាងខ្ញុំ។ ពេលនោះ ខ្ញុំក៏ខំរកមើល ឃើញកូនចាបមួយសំបុក នៅក្នុងប្រហោងឥដ្ឋខ្យល់ ដែលមានកញ្ចក់បិទពីខាងក្រៅ ដែលធ្វើឲ្យមេចាបមិនអាចចូលទៅឲ្យចំណីកូន ដែលកំពុងតែស្រេកឃ្លាននៅខាងក្នុង។ បន្ទាប់ពីខ្ញុំបានប្រាប់ម្ចាស់ផ្ទះដែលជាអ្នកជិតខាង អំពីបញ្ហាសត្វចាបនោះហើយ ពួកគេក៏បានដកកញ្ចក់នោះចេញ ហើយយកសំបុក្រ និងកូនចាបនោះ ទៅដាក់នៅកន្លែងដែលមានសុវត្ថិភាព ដើម្បីចិញ្ចឹម។

រនាំងនៃសេចក្តីស្រឡាញ់ គឺជាកត្តាដែលនាំឲ្យមានការឈឺចាប់ក្នុងចិត្ត។ ពួកអ៊ីស្រាអែលបានរង់ចាំព្រះមែស៊ីជាយូរមកហើយ តែពេលដែលព្រះគ្រីស្ទទ្រង់យាងមក ព្រះអង្គក៏បានជួបរនាំងនៃសេចក្តីស្រឡាញ់ ពេលដែលរាស្រ្តជ្រើសតាំងរបស់ព្រះអង្គ បានបដិសេធមិនព្រមទទួលជឿព្រះអង្គ។ ត្រង់ចំណុចនេះ ព្រះអង្គក៏បានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីមេមាន់ និងកូនមាន់ ដើម្បីបកស្រាយអំពីការដែលពួកគេមិនព្រមទទួលព្រះអង្គ យ៉ាងដូចនេះថា “ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ … តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ!”(ម៉ាថាយ ២៣:៣៧)។ អំពើបាបរបស់យើង ជារនាំង ដែលបានញែកយើង ឲ្យដាច់ចេញពីព្រះ(អេសាយ ៥៩:២)។ ប៉ុន្តែ “ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ បានជាព្រះអង្គចាត់ព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ឲ្យយាងមក ដើម្បីឲ្យអស់អ្នកណាដែលជឿព្រះអង្គ មិនត្រូវវិនាសឡើយ តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។

ព្រះយេស៊ូវបានដករនាំងនៃសេចក្តីស្រឡាញ់របស់ព្រះ ដោយលះបង់ព្រះជន្មរបស់ព្រះអង្គ នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ(រ៉ូម ៥:៨-១៧ ៨:១១)។ ឥឡូវនេះ ព្រះអង្គសព្វព្រះទ័យ   ឲ្យមនុស្សគ្រប់គ្នាបានពិសោធ នឹងសេចក្តីស្រឡាញ់របស់ព្រះអង្គ ហើយទទួលអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles