ក្នុងរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំទៅ ផ្លូវធំមួយខ្សែ ក្នុងទីក្រុងរបស់ខ្ញុំ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង ដោយសារមានឡានដឹកគោមួយគ្រឿងបានក្រឡាប់។ សត្វគោក៏បានរួចចេញពីឡាននោះ ហើយបានដើរចុះឡើង នៅតាមដងផ្លូវធំនោះ។ ពេលដែលសារពត៌មានបានផ្សាយអំពីហ្វូងគោដើរវង្វេងពេញផ្លូវដូចនេះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីដែលខ្ញុំបានរៀន កាលពីពេលថ្មីៗនេះ ក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក៣២ ដែលនិយាយអំពីរាស្រ្តរបស់ព្រះ ដែលវង្វេងចេញពីព្រះអង្គ។
ក្នុងសម័យដែលនគរអ៊ីស្រាអែលបែកខ្ញែកជាពីរ ស្តេចយេរ៉ូបោម បានឲ្យគេសង់រូបគោពីរក្បាលធ្វើពីមាស សម្រាប់ឲ្យពួកបណ្តាជនថ្វាយបង្គំ(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់មិនមែនជាអ្នកដឹកនាំទីមួយ ដែលនាំឲ្យគេថ្វាយបង្គំរូបព្រះ ដែលធ្វើពីមាសនោះឡើយ។ ពេលដែលព្រះអម្ចាស់រំដោះពួកអ៊ីស្រាអែល ឲ្យរួចពីរបបទាសភាពដ៏ព្រៃផ្សៃ ក្នុងនគរអេស៊ីព្ទ ហើយបានឃើញព្រះអម្ចាស់បង្ហាញអំណាចចេស្តា និងសិរីល្អ ដោយការអស្ចារ្យហើយ ពួកអ៊ីស្រាអែលនៅតែបណ្តោយឲ្យខ្លួនមានចិត្តវង្វេងចេញពីព្រះអង្គ(និក្ខមនំ ៣២)។ ខណៈពេលដែលលោកម៉ូសេ កំពុងនៅលើភ្នំស៊ីណៃ ដើម្បីទទួលក្រឹត្យវិន័យពីព្រះអម្ចាស់ លោកអើរ៉ុន ដែលជាប្អូនប្រុសរបស់គាត់បានជួយឲ្យរាស្រ្តរបស់ព្រះ វង្វេងចេញ ដោយសង់រូបព្រះមួយ ដែលជារូបចម្លាក់កូនគោមាស។ ត្រង់ចំណុចនេះ អ្នកនិពន្ធព្រះគម្ពីរហេព្រើបានរំឭកយើង អំពីសេចក្តីក្រោត ដែលព្រះមានចំពោះការថ្វាយបង្គំរូបព្រះ និងចំពោះអ្នកដែលចេះតែមាន “ចិត្តវង្វេង”(និក្ខមនំ ២០:២-៦)។
“ព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះអង្គជាព្រះពិតតែមួយ!—Cindy Hess Kasper