ខ្សែភាពយន្ត ដែលមានចំណងជើងថា រទេះអគ្គី ជារឿងដែលបានរំឭកដល់ដំណើរជីវិតរបស់លោកអេរិក លីឌែល(Eric Liddle) ដែលជាកីឡាករដែលបានទទួលមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩២៤ នៅទីក្រុងបារីស មុនពេលគាត់ចេញទៅធ្វើការជាបេសកជន នៅប្រទេសចិន។ ជាច្រើនឆ្នាំក្រោយមក ពេលដែលសង្រ្គាមលោកលើកទីពីរបានផ្ទុះឡើង លោកលីឌែលក៏បានបញ្ជូនគ្រួសារគាត់ ទៅរកកន្លែងសុវត្តិភាព ក្នុងប្រទេសកាណាដា តែគាត់នៅបន្តរស់នៅក្នុងប្រទេសចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេសដទៃទៀត ដាក់ក្នុងជំរុំឃុំឃាំងរបស់ប្រទេសជប៉ុន។ បន្ទាប់ពីគាត់បានរស់នៅក្នុងមន្ទីឃុំឃាំង អស់រយៈពេលជាច្រើនខែក្រោយមក គាត់ក៏បានមានបញ្ហាសុខភាព ហើយគ្រូពេទ្យពិនិត្យឃើញថា គាត់ប្រហែលជាមានសាច់ដុះក្នុងខួរក្បាល។ ជារៀងរាល់ពេលល្ងាចថ្ងៃអាទិត្យ មានក្រុមភ្លេងមួយក្រុម បានមកលេងភ្លេងនៅក្បែរមន្ទីរពេទ្យ ដូចនេះ គាត់ក៏បានសុំឲ្យគេលេងបទ “ចូរស្ងៀមនៅ ឱវិញ្ញាណខ្ញុំអើយ”។ ខ្ញុំគិតថា ពេលដែលគាត់កំពុងស្តាប់បទនេះ គាត់ក៏ប្រាកដជាជញ្ជឹងគិត អំពីអត្ថន័យនៃបទនេះ ដែលមានខ្លឹមសារដូចតទៅនេះថា ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ : ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស / តើពេលណា យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត / ពេលដែលការខកចិត្ត ការសោកសង្រេង និងការភ័យខ្លាចរលាយបាត់អស់ / ចូរបំភ្លេចទុក្ខព្រួយ ក្តីអំណររបស់ក្តីស្រឡាញ់កើតមានជាថ្មី / ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ ពេលដែលការផ្លាស់ប្រែ និងទឹកភ្នែកកន្លងផុតទៅ / យើងនឹងជួបតែសេចក្តីសុខ និងព្រះពរ នៅទីបំផុត។
ទំនុកបរិសុទ្ធដ៏ពិរោះនេះ បានបង្ហាញអំពីភាពពិតដ៏អស្ចារ្យនៃព្រះគម្ពីរ ហើយផ្តល់នូវការកម្សាន្តចិត្តយ៉ាងខ្លាំង ដល់លោកលេឌែល ពេលដែលគាត់កំពុងប្រឈមមុខនឹងជម្ងឺ ដែលនាំឲ្យគាត់លាចាកលោក ក្នុងពេលបីឆ្នាំក្រោយមកទៀត។ គឺដូចដែលព្រះអម្ចាស់បានមានបន្ទូលចែង ក្នុងបទទំនុកដំកើង ៤៦:១០ ថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”។ ក្នុងពេលដ៏ខ្មៅងងឹតបំផុត យើងនៅតែអាចសម្រាក ដ្បិតព្រះអម្ចាស់បានឈ្នះសេចក្តីស្លាប់ ជួសយើងហើយ។ ចូរស្ងប់រំងាប់ ហើយអនុញ្ញាតឲ្យព្រះអង្គ បំបាត់ការភ័យខ្លាចដ៏ធំបំផុតរបស់អ្នកចុះ។—Bill Crowder