
ថ្មដា
ដោយCindy Hesskasper
November 9, 2015
ពេលខ្ញុំ និងស្វាមីរបស់ខ្ញុំធ្វើដំណើរទៅរដ្ឋម៉ាសាឈូសេត យើងបានទៅមើលថ្មដាផ្លាយម៉ោត ដែលជានិមិត្តរូបដ៏សំខាន់ ក្នុងសហរដ្ឋអាមេរិក។ គេបាននិយាយតគ្នា ជាច្រើនជំនាន់ថា មានគ្រីស្ទបរិស័ទមួយក្រុម ដែលបានគេចខ្លួនមករកកន្លែងរស់នៅថ្មី បានធ្វើដំណើរមកទ្វីបអាមេរិក ដោយជិះសំពៅឈ្មោះមេយផ្លោវើរ ក្នុងឆ្នាំ១៦២០ ហើយបានបោះជំហានចូលកន្លែងនោះមុខគេ។ យើងបានស្វែងយល់យ៉ាងរីករាយ អំពីអត្ថន័យនៃថ្មដាមួយនេះ តែទន្ទឹមនឹងនោះ យើងក៏មានការភ្ញាក់ផ្អើល និងខកចិត្ត ដែលបានឃើញថ្មដានោះ មានទំហំតូចណាស់។ យើងក៏បានដឹងថា កាលពីដើមឡើយថ្មដានោះ មានទំហំធំជាងនេះបីដង តែដោយសារសំណឹក និងមានមនុស្សធ្វើឲ្យវាបែកបន្តិចម្តងៗ បានជាវាមានទំហំតូចដូចនេះ។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចព្រះយេស៊ូវ ទៅនឹងថ្មដា(១កូរិនថូស ១០:៤) ដែលមិនចេះប្រែប្រួល(ហេព្រើ ១៣:៨)។ ព្រះអង្គជាថ្មដាដ៏រឹងមាំ ដែលយើងអាចសង់ជីវិតយើង នៅលើថ្មដានោះបាន។ ព្រះយេស៊ូវសង់ពួកជំនុំ(ស្ថាប័ននៃអ្នកជឿព្រះ) នៅលើគ្រឹះ ដែលមាន “ព្រះយេស៊ូវជាថ្មជ្រុងយ៉ាងឯក”។ អ្នកជឿព្រះទាំងអស់ រួមគ្នាតែមួយក្នុងព្រះអង្គ(អេភេសូរ ២:២០-២២)។ ព្រះយេស៊ូវជាថ្មដាដ៏រឹងមាំ ដែលយើងអាចតាំងនៅមិនឲ្យរលំ ពេលដែលព្យុះនៃជីវិតបក់បោកមកលើយើង(ម៉ាថាយ ៧:២៥)។ មានអ្នកនិពន្ធម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បានមានប្រសាសន៍ថា “វាជាការល្អ ដែលយើងត្រូវពិនិត្យមើលក្រោមជើងយើង ម្តងម្កាល ដើម្បីឲ្យបានដឹងថា តើយើងកំពុងឈរលើថ្ម ឬនៅលើដីខ្សាច់”។ ថ្មដាផ្លាយម៉ោត ជាផ្ទាំងថ្មដ៏គួរឲ្យចាប់អារម្មណ៍ ដែលមានសារៈសំខាន់ផ្នែកប្រវត្តិសាស្រ្ត។ ប៉ុន្តែ ព្រះយេស៊ូវជាថ្មជ្រុងយ៉ាងឯក ហើយអ្នកដែលទុកចិត្តលើព្រះអង្គ នឹងបានពឹងផ្អែកលើថ្មដាដ៏រឹងមាំជានិច្ច។—Cindy Hess Kasper
បទគម្ពីរប្រចាំថ្ងៃ
ព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក។—អេភេសូរ ២:២០