
បំណែកនៃរូបភាព
ដោយDavid C. McCasland
November 13, 2015
ក្នុងពិធីបុណ្យខួបកំណើតរបស់គ្រីស្ទី(Kriste) នាងបានធ្វើនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺនាងបានឲ្យអំណោយដល់ភ្ញៀវម្នាក់ៗ ដែលមានវត្តមានក្នុងពិធីនោះ។ នាងបានឲ្យកាតមួយសន្លឹកម្នាក់ៗ ដែលនាងបានសរសេរ ដើម្បីបង្ហាញថា យើងម្នាក់ៗសំខាន់ចំពោះនាងប៉ុណ្ណា ហើយថែមទាំងសរសេរព្រះបន្ទូលលើកទឹកចិត្ត អំពីអត្តសញ្ញាណដែលព្រះសព្វព្រទ័យឲ្យយើងម្នាក់ៗមាន។ នាងក៏បានភ្ជាប់ជាមួយកាតនីមួយៗ នូវបំណែករូបភាពតូចមួយ ដែលនាងបានយកចេញ ពីរូបភាពផ្គុំចូលគ្នាមួយផ្ទាំងធំ ដើម្បីរំឭកឲ្យយើងបានដឹងថា យើងម្នាក់ៗសុទ្ធតែពិសេស ហើយសំខាន់ចំពោះផែនការព្រះ។ បទពិសោធន៍ដ៏ល្អនេះ បានជួយឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីបទគម្ពីរ ១កូរិនថូស ១២។ សាវ័កប៉ុលបានប្រៀបប្រដូចពួកជំនុំ ដែលជារូបកាយព្រះគ្រីស្ទ ទៅនឹងខ្លួនរបស់មនុស្ស។ យើងម្នាក់ៗសុទ្ធតែជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ គឺមិនខុសពីការដែលរូបកាយរបស់យើងផ្សំឡើងពីដៃ ជើង ភ្នែក ត្រចៀក ។ល។ គ្មានអ្នកដើរតាមព្រះគ្រីស្ទណា ដែលអាចអះអាងថា ខ្លួនអាចរស់នៅ ដោយដាច់ចេញពីរូបកាយព្រះគ្រីស្ទឡើយ ហើយក៏គ្មានអវយវៈមួយណា ដែលអាចនិយាយថា អវយវៈដទៃទៀតគ្មានប្រយោជន៍នោះដែរ(ខ.១២-១៧)។ ម្យ៉ាងទៀត “ព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់”(ខ.១៨)។ យើងងាយនឹងមានអារម្មណ៍ថា ខ្លួនមិនសូវសំខាន់ដូចអ្នកដទៃ ដែលមានអំណោយទានខុសពីយើង និងប្រហែលជាមានអំណោយទានដែលនាំឲ្យពួកគេចេញមុខមាត់ច្រើនជាងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់ សព្វព្រះទ័យនឹងឲ្យយើង ឲ្យតម្លៃខ្លួនឯង ដូចដែលព្រះអង្គបានបង្កើតយើង ឲ្យមានលក្ខណៈពិសេស ហើយមានតម្លៃដ៏ខ្ពស់ក្នុងព្រះអង្គ។ អ្នកជាបំណែកតូចមួយនៃរូបភាពមួយផ្ទាំងធំ ដែលមិនមានភាពពេញលេញឡើយ បើសិនជាគ្មានចំណែករបស់អ្នកទេនោះ។ ព្រះបានប្រទានអំណោយទាន ឲ្យអ្នកធ្វើជាផ្នែកដ៏សំខាន់ នៃរូបកាយព្រះគ្រីស្ទ ដើម្បីថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ។—David McCasland
បទគម្ពីរប្រចាំថ្ងៃ
ព្រះទ្រង់បានដាក់ចុះនូវអវយវៈ និមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់។—១កូរិនថូស ១២:១៨